ភ្នំពេញៈ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ផ្តល់​អនុសាសន៍​ចំនួន​ ៥ ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​លើ​ការអនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន ​(LTS4CN) ខណៈ​ការរៀបចំ​យុទ្ធសាស្ដ្រ​នេះ​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​ ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល ​និង​ឆ្ពោះទៅរក​ការបញ្ចេញ​ឧស្ម័ន​ស្មើ​​សូន្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០៥០​។

លោក​ ទិន ពន្លក អនុប្រធាន​ទី​ ២ ​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ផ្ដល់​អនុសាសន៍​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ស្តីពី​ការរៀបចំ​ផែនការ​អនុវត្តន៍​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​ (LTS4CN) កាលពី​ថ្ងៃទី​ ២៥ ខែមេសា​។

កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ​​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្រសួង​​បរិស្ថាន​ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​ (CCCA)​ ដែលមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​សមាជិក​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ក្រុមការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ​ និង​ស្ថាប័ន​​សិក្សា​ចំនួន​ ៤៤ ​រូប​។

កិច្ចប្រជុំ​នេះ​មាន​គោលបំណង​បង្ហាញ និង​ពិភាក្សា​ពី​ផែនការ​អនុវត្ត​ប្រព័ន្ធ​ត្រួតពិនិត្យ​តាម​​ដាន​ និង​វាយតម្លៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​បរិស្ថាន​។

លោក ពន្លក បាន​ថ្លែងថា​៖ «​ការរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកបដោយ​អព្យាក្រឹត​កាបូន​ជា​ចក្ខុវិស័យ​វែងឆ្ងាយ​​ប្រកបដោយ​ការគិតគូរ​ច្បាស់​ដើម្បី​ចូលរួម​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ​សកល ​និង​ឆ្ពោះ​​ទៅរក​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅ​កម្ពុជា​នា​ឆ្នាំ​ ២០៥០»​។

លោក​លើកឡើងថា ប្រទេស​កម្ពុជា​តែងតែ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​យ៉ាងសកម្ម​ក្រោម​អនុសញ្ញា​សហប្រជាជាតិ​​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (UNFCCC)​។ ​នៅ​ឆ្នាំ ២០២០​ កម្ពុជា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​ ៧២ ​ដែល​បានដាក់​របាយការណ៍ បច្ចុប្បន្នភាព​ការចូលរួមចំណែក​របស់​ជាតិ​ (Updated NDC) ​មុនពេល​កំណត់​។

រីឯ​នៅ​ឆ្នាំ​ ២០២១ កម្ពុជា​បាន​​បង្ហាញ​ការតាំង​ចិត្តជា​ថ្មី​ស្របតាម​ការប្តេជ្ញាចិត្តរ​បស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​មហិច្ឆតា​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ក្នុងការ​ដាក់ជូន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​រយៈពេល​វែង​ប្រកប​ដោយ​អាព្យាក្រឹត​កាបូន​ (LTS4CN)​ នៅ​ដំណាច់ឆ្នាំ​ ២០២១​។ នេះ​បើតាម​ការអះអាង​ពី​លោក ទិន ពន្លក ។

លោក​បាន​បញ្ជាក់ថា​៖ «​កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទី​ ២​ ក្នុង​សកលលោក ហើយ​ជា​ប្រទេស​ទី​ ១ ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ដាក់ជូន​យុទ្ធសាស្ត្រ​នេះ​ដើម្បី​សម្រេច​ឱ្យបាន​ការបញ្ចេញ​ឧស្ម័ន​ស្មើ​សូន្យ​នៅត្រឹម​​ឆ្នាំ​ ២០៥០»​។

លោក​បន្តថា ទោះបី​កម្ពុជា​ជា​ប្រទេស​រួមចំណែក​តិចតួច​ដែល​បណ្តាលឱ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​ក៏ដោយ តែ​កម្ពុជា​ចង់បង្ហាញ​អំពី​ភាពជា​អ្នកដឹកនាំ​តាមរយៈ​ការអនុវត្ត​ជាក់ស្តែង​នូវ​សកម្មភាព​អាកាសធាតុ​ស្រប​ទៅតាម​យុទ្ធសាស្ត្រ​ពហុភាគី​។ ​យុទ្ធសាស្ត្រ​នេះ​ចង្អុល​​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​យូរអង្វែង​ពី​គ្រប់​វិស័យ​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​។

អនុសាសន៍​ទាំង ​៥ ​ដែល​ត្រូវ​បាន​លើកឡើង​ដោយ​លោក​ ​ទិន ពន្លក ដើម្បី​ទទួលបាន​ជោគជ័យ​ការអនុវត្ត ​LTS4CN​ នោះ ​រួមមាន​ទី​ ១-​ ការសម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ទី​ ២- ​ការប្រើប្រាស់​ព័ត៌មានវិទ្យា​សាស្ត្រ​ក្នុងការ​វិភាគ​ដើម្បី​ធ្វើ​ផែនការ ទី​ ៣-​ ការ​ញ្ជ្រាប​ការប្រែប្រួល​អាកាសធាតុ​ទៅក្នុង​ផែនការ​តាម​វិស័យ ទី​ ៤-​ ការ​កៀរគរ​ថវិកា​ (​ទាំង​មូលនិធិ​/​ម្ចាស់ជំនួយ​ និង​វិស័យ​ឯកជន​)​ និង​ទី​ ៥- ​ការលើក​កម្ពស់​ការយល់ដឹង និង​ការអប់រំ​ផ្សព្វផ្សាយ​។

បើតាម​ក្រសួង​បរិស្ថាន តាមរយៈ​កិច្ចប្រជុំ​នេះ ក៏មាន​ការធ្វើ​បទបង្ហាញ​ និង​ការពិភាក្សា​យ៉ាង​ផុសផុល​ពី​ការរៀបចំ​ផែនការ​អនុវត្ត​ LTS4CN ការដាក់បញ្ចូល LTS4CN ទៅក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ របាយការណ៍​បច្ចុប្បន្ន​ភាព​ការចូលរួម​ចំណែក​របស់​ជាតិ​ ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​​អាកាសធាតុ​កិច្ចពិភាក្សា​អំពី​ជំហាន​បន្ទាប់​នៃ​ដំណើរការ​អនុវត្តន៍​យុទ្ធសាស្ត្រ LTS4CN​។

ពាក់​នឹង​ការអនុវត្ត​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ (CCCA) ​នេះ កាលពី​ឆ្នាំ​ ២០២០​ ប្រទេស​ស៊ុយអែត​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) ​ធ្លាប់​បានផ្ដល់​​ថវិកា​បដិភាគ​ចំនួន​ ៣,៣៤ ​លាន​ដុល្លារ​សម្រាប់​ប្រើ​នៅ​ឆ្នាំ​ ២០២០-២០២២​។

នៅក្នុង​ពិធី​ផ្ដល់ជំនួយ​នាពេលនោះ​លោក Björn Häggmark​ ឯកអគ្គរាជទូត​ស៊ុយអែត​ប្រចាំ​កម្ពុជា​ធ្លាប់បាន​ថ្លែងថា​៖ «​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការគំរាមកំហែង​ដែល​កំពុងតែ​កើតមាន ហើយ​ទាមទារ​ឱ្យ​​មានការ​ចាត់វិធានការ​ប្រកប​ដោយ​មហិច្ឆតា​ឱ្យបាន​លឿន ​ដើម្បី​ដោះស្រាយ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​CCCA ផ្ដល់​លទ្ធភាព​​ឱ្យ​តួអង្គ​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ការ​អនុវត្ត​សកម្មភាព​​បន្ថែម​ ដើម្បី​ការពារ​បរិស្ថាន​កាត់​បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​»៕