
ពលរដ្ឋចូលថ្វាយបង្គំព្រះសង្ឃក្នុងបុណ្យពិសាខបូជានៅវត្តសន្សំកុសល។ ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិបានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តចាត់តាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យពិសាខបូជា ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាមក្រសួងស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ទីសាធារណៈ និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ។ តាមលិខិត លោក គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ស្តីពីផែនការណែនាំក្នុងការរៀបចំបុណ្យពិសាខបូជាចុះថ្ងៃទី ១៣ ខែមេសា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៦ ខែមេសា បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានណែនាំ ក្រសួងព្រះបរមរាជវាំងរៀបចំព្រះរាជពិធីបុណ្យពិសាខបូជា នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងតាមការសព្វព្រះរាជ ហឫទ័យរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លិខិតដដែលបានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិសហការជាមួយក្រសួង រដ្ឋលេខាធិកាដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ ចាត់តាំង រៀបចំពិធីបុណ្យពិសាខបូជាជាផ្លូវការ នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្នុងរយៈពេលមួយថ្ងៃ គឺនៅថ្ងៃពេញបូណ៌មី ១៥ កើត ខែពិសាខ ដោយមានកម្មវិធី ហែប្រទក្សិណ ព្រះមហាសក្យមុនីចេតិយ និងថ្វាយគ្រឿងសក្ការបូជា នមស្ការព្រះរតនត្រ័យ សមាទានសីល វេរភត្ត ឧទ្ទិសកុសល និង និមន្តព្រះសង្ឃបិណ្ឌបាត នៅឧបដ្ឋានសាលាខាងក្រោម ដែលនៅខាងកើត ព្រះមហាសក្យមុនីចេតិយ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ក៏បានណែនាំដល់រដ្ឋបាលខេត្តកណ្តាលត្រូវសហការ រៀបចំពិធីបុណ្យ ចាត់ចែងនិមន្ត ព្រះសង្ឃ អញ្ជើញមន្ត្រីរាជការ សីលវន្ត សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សចូលរួម ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្លួន គឺធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ជាដើម ព្រមទាំងចាត់ចែងកម្លាំងឱ្យសម្អាតទីតាំងប្រារព្ធពិធីបុណ្យ និងការពាររក្សា សន្តិសុខសណ្តាប់ធ្នាប់សង្គម ចរាចរណ៍មុនក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យធានាបានសុវត្ថិភាពល្អប្រសើរ។
ក្នុងលិខិតសរសេរថា៖ «ណែនាំប្រជាពលរដ្ឋដែលមានគេហដ្ឋាន តាមដងផ្លូវជាតិលេខ ៥ ផ្លូវចូលទៅកាន់ភ្នំព្រះរាជទ្រព្យ និង តាមផ្លូវជុំវិញភ្នំព្រះរាជទ្រព្យឱ្យធ្វើអនាម័យ តុបតែងលម្អដោយភ្ញីផ្កា បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ឱ្យបានគ្រប់គេហដ្ឋាន។ ដំឡើងផ្ទាំងប៉ាណូធំៗ ស្តីពីព្រះពុទ្ធទ្រង់ប្រសូត ព្រះពុទ្ធទ្រង់ត្រាស់ដឹង និងព្រះពុទ្ធទ្រង់បរិនិព្វាន»។
ក្រៅពីខេត្តកណ្តាល គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ ក៏បានណែនាំដល់គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធត្រូវចាត់តាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យពិសាខបូជា នៅឧបដ្ឋានសាលា ដោយត្រូវអនុវត្តវិធានការសុខាភិបាលផងដែរ។
គណៈកម្មាធិការនេះបញ្ជាក់៖ «ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក តាម ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នរដ្ឋបាលរាជធានី ខេត្ត តាមវត្តអារាម អគារសាធារណៈ រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរ ពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនា»។
លោក លី សំរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានថ្លែងនៅថ្ងៃទី ២៦ ខែមេសា ថា ពិធីបុណ្យពិសាខបូជាបានចាប់ផ្តើមធ្វើជាធម្មតាវិញ បន្ទាប់ពីមានការផ្អាកមួយរយៈដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវីដ ១៩។ ក្នុងឆ្នាំថ្មីនេះនឹងមានការលើកជាបដាពាក្យស្លោកពាក់ព័ន្ធព្រះពុទ្ធសាសនាដូចការណែនាំរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិ។
លោកប្រាប់ថា ការធ្វើបុណ្យពិសាខបូជានេះ គឺដើម្បីរំឭកដល់គុណព្រះសម្មាសម្ពុទ្ធ ដែលបានរួមចំណែកជួយសង្គមជាតិដោយមាគ៌ាសន្តិភាព។
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបរូបនេះថ្លែងថា៖ «ជារៀងរាល់ឆ្នាំយើងច្រើនធ្វើនៅវត្តរាជបូព៌ ប៉ុន្តែឆ្នាំនេះមិនទាន់ច្បាស់ថាធ្វើនៅទីនោះដដែល ឬវត្តណាផ្សេងទៀតនោះទេ។ ប្រហែលជាអាចទៅវត្តព្រះឥន្ទកោសា ហៅវត្តលើនៅជិតស្ពាននាគ»។
លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានថ្លែងនៅថ្ងៃទី ២៦ ខែមេសាថា ក្រសួងព័ត៌មានតែងតែមានការណែនាំទៅតាមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមធ្វើការផ្សព្វផ្សាយ មិនថាតែនៅក្នុងបុណ្យពិសាខបូជានេះទេ សូម្បីនៅក្នុងពិធីបុណ្យជាតិ មាឃបូជា ចម្រើនព្រះជន្មក៏ក្រសួងតែងធ្វើការណែនាំផងដែរ។ ដោយឡែក ទូរទស្សន៍ និងវិទ្យុជាតិតែងតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីរូបភាព និងខ្លឹមសារនៃពិធីបុណ្យពិសាខបូជា។
លោកបានថ្លែងថា៖ «ទទក ហើយ និងវិទ្យុជាតិគាត់ធ្វើសកម្មភាពច្រើន គាត់តែងធ្វើប្រធានបទអាចថា អញ្ជើញវាគ្មិនមកពីខាងក្រសួងធម្មការ ឬអញ្ជើញតំណាង ឬព្រះសង្ឃអ៊ីចឹងទៅដើម្បីធ្វើបទសម្ភាសទាក់ទងបុណ្យពិសាខបូជា អ៊ីចឹងទៅ»។
លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំងថ្លែងនៅថ្ងៃទី ២៦ ខែមេសាថា ពាក់ព័ន្ធនឹង ការរៀបចំបុណ្យពិសាខបូជាឆ្នាំនេះ ក្រសួងធម្មការនៅមិនទាន់មានការណែនាំយ៉ាងណានៅឡើយ ប៉ុន្តែរដ្ឋបាលខេត្តកំពង់ឆ្នាំងបានផ្ញើលិខិតមួយមករូបលោកដើម្បីចូលរួមជាតំណាងខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំមួយពាក់ព័ន្ធនឹងពិសាខបូជានៅគណៈកម្មាធិការបុណ្យជាតិ អន្តរជាតិ នាថ្ងៃទី ២៧ ខែមេសា នេះ។ បុណ្យពិសាខបូជាឆ្នាំនេះអាចនឹងធ្វើស្រដៀងនឹងឆ្នាំមុនៗ ដោយកំណត់យកវត្តណាមួយសម្រាប់ប្រារព្ធពិធីហើយអញ្ជើញអភិបាលខេត្តចូលរួម។
លោកថា៖ «ឆ្នាំនេះនឹងធ្វើប្រហាក់ប្រហែលគ្នាហ្នឹងទៀត ប៉ុន្តែចាំមើលបានលិខិតណែនាំមកសិន ហើយយើងចាំមើលគណៈភិបាលខេត្ត និងមេគណ លោកមានយោបល់យ៉ាងម៉េច យើងប្រជុំពិភាក្សាថា គួរធ្វើយ៉ាងណាសិន ទើបយើងសម្រេចគោរពអញ្ជើញអភិបាលខេត្តចូលរួម»៕