ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា ក្នុងដំណាក់កាល​នៃ​កំណែទម្រង់​វិស័យ​អប់រំ​រយៈពេល​ ៥​ ឆ្នាំ​កន្លងមកនេះ ក្រសួង​បាន​សាកល្បង​អនុវត្ដ​កំណែទម្រង់ សាលារៀន ដោយបាន​បង្កើត​នូវ​គំរូ​កំណែ​ទម្រង់​ចំនួន ២ គឺ​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី និង​ការគ្រប់គ្រង​សាលារៀន ប្រកបដោយ​ប្រសិទ្ធភាព (SBM)​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​បែបនេះ ខណៈ​លោក​ចូលរួម​បើក​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា ឆ្នាំ​សិក្សា ២០២០-២០២១ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២១-២០២២ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា កាលពី​ថ្ងៃទី​ ២៥ មេសា​។ លោក​ថ្លែងថា ក្នុង​ឆ្នាំ​ ២០១៥ សន្និបាត​អប់រំ បានដាក់​ចេញ​នូវ «​ចក្ខុវិស័យ​កំណែទម្រង់​អប់រំ​» ដែល​ឈរលើ​សសរស្តម្ភ​ ៥​។ ក្នុងនោះ​ទី ​១ ការអនុវត្ត ផែនការ​សកម្មភាព​គោលនយោបាយ​គ្រូបង្រៀន ទី​ ២ ការធ្វើ​អធិការកិច្ច ទី​ ៣ រង្វាយ​តម្លៃ​សិក្សា ទី​ ៤ ការកែលម្អ​កម្មវិធី​សិក្សា និង​បរិស្ថាន​សិក្សា និង​ទី​ ៥ កំណែទម្រង់​ឧត្តមសិក្សា​។

លោក​ថ្លែងថា​៖ «​សន្និបាត​អប់រំ​ឆ្នាំ ២០១៥ បានដាក់​ចេញ​នូវ​វិធានការ កំណែទម្រង់​វិស័យ​អប់រំ ដំណាក់កាល​ទី ​២ គឺ​កំណែទម្រង់​សាលារៀន​។ ក្នុង​រយៈពេល​ ៥​ឆ្នាំ​កន្លងទៅនេះ ក្រសួង​បាន​សាកល្បង​អនុវត្ត​កំណែទម្រង់​សាលារៀន ដោយ​បាន​បង្កើត​នូវ​គំរូ​កំណែទម្រង់​ចំនួន ២ គឺ​ទី​ ១ ការបង្កើត​សាលារៀន​ជំនាន់​ថ្មី តាម​ការស្នើសុំ​របស់​រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច​។ ទី ​២ ការគ្រប់គ្រង​សាលារៀន​ប្រកបដោយ​ប្រសិទ្ធភាព​ (SBM)»​។

សាលារៀន​ជំនាន់​ថ្មី គឺមាន​ស្វ័យភាព​ក្នុងការ​អនុវត្ត​កម្មវិធីសិក្សា ដើម្បី​បណ្តុះ​ធនធានមនុស្ស​មាន​បំណិន​សតវត្សរ៍​ទី ​២១ មាន​ស្តង់ដា​វិជ្ជាជីវៈ​ខ្ពស់​មាន​គណនេយ្យភាព នវានុវត្តន៍ ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការរៀន និង​បង្រៀន ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ថ្មី ដូចជា ការបង្រៀន​តាមបែប​រិះរក តាមបែប​គម្រោង តាមបែប​ដោះស្រាយ​បញ្ហា និង​សហការ ការបំពាក់​ឧបករណ៍​សម្ភារ សម្រាប់​បន្ទប់ពិសោធន៍​បន្ទប់​កុំព្យូទ័រ ការផ្តោត​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ (​ស្ទែម​) ការបង្កើត​ក្លិប​សិក្សា ការបង្រៀន​សរសេរ​កូដ​កុំព្យូទ័រ និង​មនុស្សយន្ត ការបង្រៀន​បំណិន​ជីវិត និង​ការផ្តល់​ប្រឹក្សា​មុខជំនាញ​ជាដើម​។

លោក​ ហង់ជួន ណារ៉ុន បញ្ជាក់ថា​៖ «​ជារួម សិស្ស​សាលារៀន​ជំនាន់​ថ្មី​មាន ទី​ ១ ការផ្តួចផ្តើម​គំនិត និង​សហគ្រិនភាព ទី​ ២ ចេះ​ទំនាក់ទំនង និង​សរសេរ​យ៉ាង​ប៉ិនប្រសប់ ទី​ ៣ ចេះ​វិភាគ​វាយតម្លៃ​ព័ត៌មាន ទី​ ៤ ចង់ឃើញ ចង់ដឹង និង​មានការ​ស្រមើស្រមៃ ទី​ ៥ ចេះ​គិត​បែប​វិភាគ​ស៊ីជម្រៅ និង​ការដោះស្រាយ​បញ្ហា ទី ​៦ ចេះ​សហការ និង​ទី​ ៧ មាន​ភាពរហ័សរហួន និង​ចេះ​យកចំណេះ​ដឹង​ទៅ​អនុវត្ត​»​។

លោក​បានឱ្យ​ដឹងថា សាលារៀន​ជំនាន់​ថ្មី​ត្រូវការ​វិនិយោគ​កម្រិត​ខ្ពស់​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កិច្ចដំណើរការ ដែល​ជា​មធ្យម​ចំនួន ១០ ​ម៉ឺន​ដុល្លារ សម្រាប់​ ១​សាលា ក្នុង ១ ​ឆ្នាំ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​មកទល់ពេលនេះ​យើង​មានតែ​សាលា​ជំនាន់​ថ្មី​ចំនួន​ ១០ ​តែប៉ុណ្ណោះ គឺ ៦ នៅ​កម្រិត​មធ្យមសិក្សា និង​ ៤ នៅ​កម្រិត​បឋមសិក្សា​»​។

«​ការគ្រប់គ្រង​សាលារៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​ (SBM)» ​គឺ​បាន​ដោយ​ផ្ដោតលើ​គោលការណ៍​ចំនួន​ ៥ គឺ​ទី​ ១ គណនេយ្យភាព Accountability​។ នាយក​សាលា​ត្រូវមាន​គណនេយ្យភាព​ចំពោះ​មាតាបិតា ដោយ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀន និង​ចុះកិច្ចសន្យា​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ការប្រជុំ​វាយតម្លៃ និង​ស្វ័យ​វាយតម្លៃ ដើម្បី​សម្រេច​ស្តង់ដា​សាលារៀន​មាន​ប្រសិទ្ធភាព​។

ទី​ ២ ស្វ័យភាព Autonomy គឺ​សាលា​រៀបចំ​ផែនការ​កែលម្អ​សាលារៀន ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ ជាពិសេស​ដើម្បី​ជួយ​បង្កើត​បរិស្ថាន​អំណោយផល​សម្រាប់​ការរៀនសូត្រ ជួយ​គាំទ្រ​គ្រូ កែលម្អ​វប្បធម៌​សាលារៀន និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ តាមរយៈ​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​នាយក (LUP)​។

ទី​ ៣ រង្វាយ​តម្លៃ Assessment ការរៀបចំ​តេស្ត​ស្តង់ដា​មាន​តម្លាភាព និង​យុត្តិធម៌ ដើម្បី​កែលម្អ​ការបង្រៀន ដោយ​បង្រៀន​បន្ថែម​ជួយ​ដល់​សិស្ស​រៀន​យឺត និង​ផ្សព្វផ្សាយ​លទ្ធផល​ជា​សាធារណៈ និង​ផ្តល់ព័ត៌មាន​ពី​លទ្ធផល​សិក្សា​ដល់​មាតាបិតា​។ ទី​ ៤ ការយកចិត្ត​ទុកដាក់​ដល់​គ្រូបង្រៀន Attention to Teachers​។ គ្រូ​ប្រើ​លទ្ធផល​តេស្ត ដើម្បី​កែលម្អ​ការបង្រៀន ការចុះកិច្ចសន្យា​វាយតម្លៃ​លទ្ធផល​ការងារ និង​ការបង្កើន​គុណវុឌ្ឍិ​គ្រូ​តាមរយៈ​កម្មវិធី​បង្កើន​គុណវុឌ្ឍិគ្រូ​ (IUP)​។ ទី ​៥ ការចូលរួម P-Articipation គឺ​មាតាបិតា​ចូលរួម​គាំទ្រ​សាលា​ ដើម្បី​រួមគ្នា​អភិវឌ្ឍ​សាលារៀន​។

បើតាម​លោក​រដ្ឋមន្ដ្រី ក្រសួង​បាន​ជ្រើសរើស​សាលារៀន​ចំនួន​ ១០០ សម្រាប់ ការកែទម្រង់ ហើយ​សាលារៀន​ស្ទើរ​ទាំងអស់​សម្រេចបាន​នូវ​ស្តង់ដា​សាលា​មាន​ប្រសិទ្ធភាព និង​មាន​ផល​ជះ​លើ​សាលា​បណ្តាញ​ជិត ​៣០០​ ថែមទៀត​។ លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​សម្តែង​នូវ​កតញ្ញុតាធម៌​យ៉ាង​ជ្រាលជ្រៅ ដែល​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ​ឧបនាយករដ្ឋមន្ត្រី ​[​អូន ព័ន្ធមុនីរ័ត្ន​] បាន​អនុម័ត​ឱ្យ​បង្កើន​ចំនួន​សាលា ដែល​ត្រូវ​ពង្រឹង​ការគ្រប់គ្រង​មាន​ប្រសិទ្ធភាព ពី ១០០ ដល់ ១ ៧០០ ចាប់ពី​ការអប់រំ​កុមារ​តូច រហូត​ដល់​មធ្យមសិក្សា​»​។

លោក​ថា ក្នុង​ឆ្នាំ ​២០២២​នេះ សន្និបាត អប់រំ​បានសម្រេច​ដាក់ចេញ​វិធានការ​កែទម្រង់​វិស័យ​អប់រំ ដំណាក់កាល​ទី​ ៣ គឺ​ការកសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព ដោយ​ដាក់ឱ្យអនុវត្ត​អភិក្រម​ស្តីពី​ការគ្រប់គ្រង​ផ្ដោតលើ​លទ្ធផល ឆ្ពោះទៅរក​ការដោះស្រាយ​បញ្ហា​ជា​លក្ខណៈ​ប្រព័ន្ធ និង​តាមបែប​អនុវិស័យ ការពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​អប់រំ​។

លោកស្រី​ Foroogh Foyouzat តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា ថ្លែង​ក្នុង​សន្និបាត​នេះ​ថា ការរំខាន​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការសិក្សា​របស់​សិស្ស​។ សូម្បីតែ​មុនពេល​ជំងឺ​រាតត្បាត​ក៏ដោយ ប្រទេស​កម្ពុជា​បាន​ប្រឈម នឹង​បញ្ហា ​«​វិបត្តិ​ការរៀនសូត្រ​» ​ដែល​សិស្ស ភាគច្រើន​មិនបាន​បំពេញ​លក្ខខណ្ឌ​ស្តង់ដា​ជាក់លាក់​ក្នុងការ​សិក្សា​របស់គេ​។

លោកស្រី​លើកឡើងថា​៖ «​ការរំខាន​ដល់​ការសិក្សា​ក្នុង​រយៈពេល ២ ​ឆ្នាំ​កន្លង​មកនេះ កាន់តែ​ធ្វើឱ្យ​ការសិក្សា​របស់ សិស្ស​ជាច្រើន​ធ្លាក់ចុះ​ថែមទៀត​។ ការវាយតម្លៃ​សិក្សា​ថ្នាក់ជាតិ ថ្នាក់​ទី​ ៦ នាពេល ថ្មីៗ​នេះ​បាន​បញ្ជាក់ថា ការបាត់បង់​ការ​រៀនសូត្រ​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះហើយ វា​ពិតជា​សំខាន់​ណាស់ សម្រាប់​វិស័យ​អប់រំ​ទាំងមូល​។ ទាំង​រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ត្រូវ​ប្រមូលផ្តុំ​ការវិនិយោគ​លើ​យុទ្ធសាស្ត្រ និង​អន្តរាគមន៍ ប្រក​បដោយ​ប្រសិទ្ធភាព ដើម្បី​ពន្លឿន​ការងើប​ឡើងវិញ​នៃ​ការសិក្សា និង​ធ្វើឱ្យ​កំណែទម្រង់​វិស័យ​អប់រំ​មាន​ដំណើរការ​ឡើង​វិញ​»៕