ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែមេសា​នេះ រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​សង្គមកិច្ច​បានផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង ២​ លាន ៧​ សែន​នាក់​នៅ​ទូទាំងប្រទេស ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ដោយ​រដ្ឋ​បាន​ចំណាយ​ទឹកប្រាក់​ជាង ៦០០ ​លាន​ដុល្លារ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា កាលពី​ថ្ងៃទី​ ២៥ ​មេសា ឆ្នាំ​ ២០២២ បានឱ្យដឹងថា ក្នុង​ជុំ​ទី​ ៨ លើក​ទី​ ៣​ នេះ រដ្ឋាភិបាល​បានផ្តល់​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ជន​ងាយ​រងគ្រោះ​ចំនួន​ជាង ៦៨ ​ម៉ឺន​គ្រួសារ ដែលមាន​សមាជិក​សរុប​ជាង ២ ​លាន ៧​ សែន​នាក់ ក្នុងនោះ​រដ្ឋ​បាន​ចំណាយ​ថវិកា​សរុប​ជាង ៦២២ លាន​ដុល្លារ​អាមេរិក​។

សេចក្តី​ជូនដំណឹង​បន្តថា ​ជាមួយ​គ្នានេះដែរ ការបើក​ប្រាក់ឧបត្ថម្ភ​ជុំ​ទី​ ៩ លើក​ទី​ ១ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ​ ២០២២ រហូតដល់​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២ មាន​រយៈពេល ៣០ ​ថ្ងៃ នឹងត្រូវ​អនុវត្តតាម​នីតិវិធី​របស់​ក្រសួង​។

ប្រធាន​នាយកដ្ឋាន​មណ្ឌល​សុខភាព​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ឈួរ សុបញ្ញា បាន​ថ្លែងថា ការផ្តល់​ឧបត្ថម្ភ​សាច់ប្រាក់​នេះ គឺជា​កម្មវិធី​ជួយ​សង្គម​ដែល​រដ្ឋ​កំពុង​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រងគ្រោះ​ដោយសារ​កូវីដ​ ១៩ ហើយ​កម្មវិធី​នេះដែរ នឹងត្រូវ​បញ្ចប់​លុះ​ណា​ស្ថានភាព​កូវីដ​ ១៩ ធូរស្បើយ​។

លោក​បានឱ្យដឹងថា សម្រាប់​ការឧបត្ថម្ភ​ដល់​ជនក្រីក្រ​ត្រូវបាន​ចែកចេញជា ៣ ​ប្រភេទ គឺ​ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​-​ភ្នំពេញ ជនក្រីក្រ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ ហើយ​គ្រួសារ​នីមួយៗ​នឹង​ទទួលបាន​សាច់ប្រាក់​ទៅតាម​ទំហំ​នៃ​សមាជិក​គ្រួសារ​។

លោក ប៉ា ច័ន្ទរឿន អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម​យល់ឃើញថា ចំពោះ​ការចំណាយ​របស់​រដ្ឋាភិបាល​ក្នុង​ទំហំ​ប៉ុណ្ណេះ បើ​ប្រៀបធៀប​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយចំនួន​នៅលើ​ពិភពលោក​គឺមាន​ទំហំ​តិចតួច​ណាស់​ក្នុង​ការផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ នេះ​។

ទោះជា​យ៉ាងណា លោក​ថា រាជរដ្ឋាភិបាល​ដែលមាន​លទ្ធភាព​ចំណាយ​ទំហំ​ថវិកា​ចំនួន​ប៉ុណ្ណេះ គឺជា​ការល្អប្រសើរ​ដើម្បី​ជួយ​រំដោះទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ប៉ះពាល់​ជីវភាព ក្នុងអំឡុង​ពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​លោក​ថា រាជរដ្ឋាភិបាល​ក៏​គួរតែមាន​ជំនួយ​ជា​កញ្ចប់​ថវិកា​បន្ថែមទៀត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងនោះ ពីព្រោះថា​ជំងឺ​កូវីដ ​១៩ ​នេះ មិន​ងាយ​នឹង​បញ្ចប់​ត្រឹមនេះ​ទេ ហើយ​ប្រជាពលរដ្ឋ​ក៏​នៅតែ​ប្រឈម​នឹង​ជីវភាព​បន្តទៀត​ ក្រោយពី​ជំងឺ​​កូវីដ​ ១៩​។ លោក​ថា ដូច្នេះ​បើ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា ក៏ដូចជា​គោលនយោបាយ​គាំពារ និង​សម្រួល​លើកកម្ពស់​ក្នុងការ​ដោះស្រាយ​ជីវភាព និង​ការរក​ទទួលទាន​របស់​ប្រជាពលរដ្ឋ វា​ក៏​ជា​រឿង​ល្អ ដើម្បីឱ្យ​ពួកគាត់​មានលទ្ធភាព និង​សមត្ថភាព នៅក្នុង​ការស្តារ​ជីវភាព​ឡើងវិញ នៅក្រោយ​សម័យ​កូវីដ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​របស់​យើង​មួយចំនួនធំ នៅក្បែរ​នឹង​បន្ទាត់​នៃ​ភាពក្រីក្រ​ច្រើន ហើយ​ជំងឺ​កូវីដ​វា​ផ្ទុះ វា​ធ្វើឱ្យ​ពួកគាត់​កាន់តែ​ក្រ​ជាង​មុន​ទៀត ហើយ​ជំនួយ​ទាំងអស់ គឺមាន​តម្លៃ​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​របស់​យើង​មិន​ថា​តិច ឬ ច្រើន​ទេ មិន​ថា​ជា​ហិរញ្ញវត្ថុ ឬ​គោលនយោបាយ​នៅក្នុង​ការស្តារ​ជីវភាព​សេដ្ឋកិច្ច គឺមាន​ភាពចាំបាច់​ណាស់​»​។

កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ហើយ​បានចាប់ផ្ដើម​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ ២០២០ ហើយ​គិត​រហូត​មកដល់​បច្ចុប្បន្ន​បាន​ចំនួន ៨ ​ជុំ​ហើយ និង​កំពុង​បន្ត​អនុវត្ត​ជុំ​ទី​ ៩ ផងដែរ​៕