តាកែវៈ អធិការនគរបាល​ស្រុក​បាទី​បានដាក់​គោលការណ៍​ដល់​គ្រប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាំងអស់​ឱ្យ​ពង្រឹង​បន្ថែម និង​ទប់ស្កាត់​មិន​ឱ្យមាន​ការបើក​លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ឬ​ល្បែង​មាន់ជល់​តាម​អនឡាញ​ឡើយ ដែល​ការណែនាំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ ដើម្បី​ពង្រឹង​សន្តិសុខ​សុវត្ថិភាព ស្តីពី​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​។

លោក​ ឆាយ កែវមុន្នី អធិការនគរបាល​ស្រុក​បាទី​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ មេសា ថា ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​នៅតាម​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ភាពកាន់តែ​ប្រសើរ​បន្ថែមទៀត​នោះ​លោក​បានធ្វើ​ការណែនាំ​ដល់​គ្រប់​កម្លាំង​នគរបាល​ប៉ុស្តិ៍ ក្នុងស្រុក​បាទី ចុះ​ធ្វើការ​អប់រំ​ដល់​ពលរដ្ឋ ដែល​ប្រសិនបើ​មូលដ្ឋាន​ណា បើក​លេងល្បែង​ភ្នាល់​ជល់​មាន់ ទោះជា​តាម​អនឡាញ​ក្តី គឺ​ត្រូវតែ​បញ្ឈប់ និង​ធ្វើ​កិច្ចសន្យា​។

លោក​ថ្លែងថា​៖ «​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ខេត្ត និង​ដើម្បី​ពង្រឹង​បន្ថែម​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព គឺ​ការងារ​នេះ យើង​កំពុង​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​»​។

លោក ស្រ៊ុន ស្រង់ នាយ​នគរបាល​-​ប៉ុស្តិ៍​ឃុំ​សូរភី ក្នុងស្រុក​បាទី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦​ មេសា​ថា ករណីនេះ សមត្ថកិច្ច​ប៉ុស្តិ៍​របស់លោក​តែងតែ​អនុវត្ត​ជាប្រចាំ​ពីព្រោះ​ជា​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​។

លោក​បញ្ជាក់ថា​៖ «​តាំងពី​យើង​អនុវត្ត​ពង្រឹង​គោលការណ៍​នេះ​មក​ឃើញថា អត់​មាន​ពលរដ្ឋ​ណា​ហ៊ាន​លេងល្បែង​ភ្នាល់​ណាមួយ​ទេ​។ បើ​គាត់​លេង​យើង​នឹង​ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា ឈប់​លេងល្បែង​តទៅទៀត​តែបើ​គាត់​មិន​ព្រម​អនុវត្តតាម​ទេ​យើង​នឹង​ចាប់​តែម្តង​»​។

លោក​បាន​បន្តថា ការងារ​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​បាន​អនុវត្ត​ជា​យូរ​មកហើយ ហើយ​ជាគោលការណ៍​ច្បាប់​របស់​រាជរដ្ឋាភិបាល​គឺ​ហាម​មិនឱ្យ​បើក​លេងល្បែង​ទេ មិនមាន​ច្បាប់​ពី​ណា​មកឱ្យ​បើក​លេងល្បែង​ស៊ីសង​ឡើយ​។

លោក​ថា​៖ «​ល្បែងស៊ីសង​បង្កើតឱ្យមាន​បទល្មើស តែ​ជា​រហូតមក បទល្មើស​នៅក្នុង​ភូមិដ្ឋាន​មាន​ភាពស្ងប់ស្ងាត់​ធម្មតា​។ បទល្មើស​ដូចជា​អំពើហិង្សា នៅក្នុង​គ្រួសារ​អី​គឺ​ថយចុះ​ច្រើន​ហើយ នេះ​ក៏​ព្រោះតែ​យើង​អនុវត្តតាម​បទបញ្ជា​ពី​ថ្នាក់លើ​លុបបំបាត់​ល្បែងស៊ីសង​»​។

លោក ភួង ឡេង ស្មៀនឃុំ​សូរភី ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ​មេសា​ថា ពាក់ព័ន្ធ​ល្បែង​ស៊ីសង​នេះ នៅក្នុង​ឃុំ​សូរភី ក្នុងស្រុក​បាទី ហាក់ដូចជា​គ្មានទេ ដោយសារតែ​អាជ្ញាធរ​ឃុំ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​តែង​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​អំពី​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង​ពី​ការលេងល្បែង​នេះ​។ ការលេង​ល្បែងស៊ីសង​ក៏​នាំឱ្យ​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ និង​ក៏បង្ក​ឱ្យ​កើតមាន​បទល្មើស​ផងដែរ​។

លោក​និយាយថា​៖ «​នៅក្នុង​មូលដ្ឋាន​ខ្ញុំ​នេះ មិន​មាន​ការព្រួយ​បារម្មណ៍​អី​ធ្វើឱ្យ​អាជ្ញាធរ​ជួប​ការលំបាក​ទេ​បញ្ហា​ដែល​បង្កឡើង ដោយ​ការលេង​ល្បែងស៊ីសង​នេះ​។ មូលដ្ឋាន​ខ្ញុំ មិនមាន​អ្នកលេង​ល្បែង​ទេ តែបើ​មាន​សមត្ថកិច្ច​នឹង​ហៅ​មក​ណែនាំ​ឈប់​ឱ្យ​លេង​ទៀត​»៕