បាត់ដំបងៈ នគរបាល​ប្រឆាំង​គ្រឿងញៀនខេត្តបាត់ដំបង​បាន​បញ្ជូន​បុរស​ ២ នាក់ ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២៦ មេសា ខណៈ​មនុស្ស​ប្រុស​ស្រី​ ១៩ ​នាក់​ទៀត​ត្រូវបាន​ដោះលែង បន្ទាប់ពី​បង្ក្រាប​ក្នុង​ក្លិប​ខារ៉ាអូខេ ដែលមាន​យីហោ សាច់អាំង រតនៈ កាលពី​វេលា​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ​២៥ មេសា នៅ​ភូមិ​រំចេក ​៤ សង្កាត់​រតនៈ ក្រុង- ខេត្ត​បាត់ដំបង​។

លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ មេសា ថា បុរស​សង្ស័យ​ឈ្មោះ​ ធុន សុភ័ក្ត្រ អាយុ ៤២ ​ឆ្នាំ​ជា​មេការ និង​ម្នាក់ទៀត ឈ្មោះ ជា សុខមុន្នី អាយុ ៣៤ ​ឆ្នាំ ជា​ថៅកែ​បាន​ជួល​ទីតាំង​ធ្វើ​អាជីវកម្ម ខារ៉ាអូខេ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ​២៦ មេសា​។ លោក​បន្តថា​៖ «​ករណីនេះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​មានតែ​ ២ ​នាក់​ត្រូវ​យើង​បញ្ជូនទៅ​តុលាការ​។ ចំណែក​អ្នក​មិន​ជាប់​ពាក់ព័ន្ធ គឺ​យើង​អនុញ្ញាតឱ្យ​ពួកគាត់​ទៅ​លំនៅឋាន​វិញ​។ អ្នកខ្លះ​ជា​ចុងភៅ អ្នករត់​តុ​អីហ្នឹង គាត់​មិន​ពាក់ព័ន្ធ​យើង​ត្រូវតែ​ឱ្យ​គាត់​ទៅវិញ​»​។

លោក​ឱ្យដឹងថា ប្រតិបត្តិការ​បង្ក្រាប​ក្លិប​ខារ៉ាអូខេ​នេះ​បានធ្វើ​ឡើង​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី ​២៥ មេសា នៅ​ចំណុច ភូមិ​រំចេក​៤ សង្កាត់ រតនៈ​។ ក្នុងការ​ចុះបង្ក្រាប​នោះ​កម្លាំង​សមត្ថកិច្ច​ប្រមូលបាន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ២១ ​នាក់ ប៉ុន្តែ​បន្ទាប់ពី​សាកសួរ​មក​សមត្ថកិច្ច​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​តែ​ ២​ នាក់​ប៉ុណ្ណោះ​។ រីឯ​មនុស្ស​ ១៩ ​នាក់​ផ្សេងទៀត ត្រូវបាន​អនុញ្ញាត​ឱ្យទៅ​ផ្ទះ​វិញ​ដោយសារ​ពួកគេ​មិនជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។

លោក​ស្នងការរង បន្តថា​ចំពោះ​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​ពី​ទីតាំង​កើតហេតុ​រួមមាន ថ្នាំញៀន​ប្រភេទ​កេតាមីន (KETAMINE) ចំនួន ៣ ថង់​ទម្ងន់ ២,៧៧ ក្រាម និង​ថ្នាំញៀន​ប្រភេទ អិ​ច​ស្តា​ស៊ី (MD MA) ចំនួន ៣ គ្រាប់ ទម្ងន់ ១,១១ ក្រាម ព្រមទាំង​រថយន្ត​ ១​ គ្រឿង ម៉ាក​តូយ៉ូតា កាមរីឆ្លាម ពណ៌​ឆ្លូញ​។ លោក​ស្នងការរង​មិនបាន​ប្រាប់​ពី​ដំណើរ​ដើមទង ដែលនាំឱ្យ​មានការ​បង្ក្រាប​ក្លិប​នេះឡើយ​។ តែបើ​តាម​មន្ត្រីនគរបាល​ក្រុង​បាត់ដំបង ១ ​រូប ដែល​បាន​សហការ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្លិប​ខារ៉ាអូខេ​នោះបាន​ប្រាប់​ដោយ​ស្នើ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា មុននឹង​ឈានដល់​ការបង្ក្រាប​នេះ គឺ​នគរបាល​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ បន្ទាប់ពី​ដឹងថា ក្លិប​ខារ៉ាអូខេ​មួយ​នេះ​មាន​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។ សមត្ថកិច្ច​ជំនាញ​បានដាក់​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ជំនាញ​ក្រុង​បាត់ដំបង​ចុះបង្ក្រាប​តែម្តង​។ «​បើ​ក្លិប​ខារ៉ាអូខេ​កម្សាន្ត​លេង​ធម្មតា​គឺ​សមត្ថកិច្ច​មិន​ទៅ​បង្ក្រាប​ទេ​តែ​នេះ​មាន​លួច​ជួញដូរ ជួញដូរ​គ្រឿងញៀន​ទៀត​»​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​តំណាង​អយ្យការ យ៉ាងណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៦ មេសា បាន​ទាក់ទង​ទៅ​លោក​ ដួង សាវ៉ន អ្នកនាំពាក្យ អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​តែ​ទូរស័ព្ទ​លោក​ពុំមាន​អ្នកទទួល​៕