
ស្នងការរងនគរបាលខេត្តកណ្តាល លោក អុល ប៊ុណ្ណា ក្នុងករណីបំភាន់មន្ត្រីសុរិយោដី និងប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ រូបថត FN
កណ្តាលៈ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលបានសម្រេចបន្តស៊ើបអង្កេតចំពោះស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ ឈ្មោះ អុល ប៊ុណ្ណា បន្ទាប់ពីបានសាកសួរនៅថ្ងៃទី ២៦ ខែមេសា ករណីបំភាន់មន្ត្រីសុរិយោដី និងប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
លោក ឯក ស៊ុនរស្មី អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្តាលថ្លែងនៅថ្ងៃទី ២៦ ខែមេសាថា លោក អុល ប៊ុណ្ណា ស្នងការរងនគរបាលខេត្តកណ្តាលដែលត្រូវបានឈ្មោះ ប៊ុន ចាន់សុទ្ធា ប្តឹងពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ពីរឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនោះបានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលលោក សេង រិទ្ធី ហើយ។
លោកប្រាប់ថា ក្រោយពីបំភ្លឺរួច តំណាងអយ្យការបានអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការវិញធម្មតា ប៉ុន្តែនៅបន្តស៊ើបអង្កេតទៀត។ លោកថ្លែងថា៖ «គាត់ចូលបំភ្លឺតាមការកំណត់ [នៅថ្ងៃទី ២៦ ខែមេសា]។ ក្រោយពីបំភ្លឺចប់តំណាងអយ្យការឱ្យគាត់ត្រឡប់ទៅបម្រើការងារធម្មតា និងស៊ើបអង្កេតបន្ត»។
នៅពេលភ្នំពេញប៉ុស្ដិ៍ទាក់ទងសុំអត្ថាធិប្បាយនៅថ្ងៃទី ២៦ ខែមេសា លោក អុល ប៊ុណ្ណា មិនបានបញ្ជាក់ទេ ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។ ប៉ុន្តែលោកធ្លាប់អះអាងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីសប្តាហ៍មុនថា លោកមិនបានពាក់ព័ន្ធនឹងករណីបំភាន់រឿងដីធ្លី ឬប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យណាឡើយ។
សូមបញ្ជាក់ថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកសេង រិទ្ធី បានចេញដីកាកោះហៅលោក អុល ប៊ុណ្ណា ឱ្យចូលមកបំភ្លឺនៅថ្ងៃទី ២៦ ខែមេសា ពីដំណើររឿងនេះតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុកប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីសប្តាហ៍មុនថា ច្បាប់ជាតិរួមទាំងច្បាប់កំពូលនៃរដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ភូមិបាលទាំងអស់នោះ គឺការពារសិទ្ធិស្របច្បាប់របស់ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យ ហេតុនេះប្រសិនបើមានឯកសារកាន់កាប់ច្បាស់លាស់ហើយ បែរជាទ្រព្យសម្បត្តិទាំងនោះមិនអាចក្លាយជាកម្មសិទ្ធិបាននោះនឹងធ្វើឱ្យអ្នកកាន់កាប់អចលនទ្រព្យផ្សេងៗទៀតមិនមានភាពកក់ក្តៅផងដែរ។
លោកបានបញ្ជាក់បន្ថែមថា៖ «ការពង្រឹងការអនុវត្តច្បាប់ទៅលើការកាន់កាប់អចលនទ្រព្យឱ្យបានត្រឹមត្រូវ ត្រូវការបញ្ជាក់អំពីភាពពេញលេញ និងភាពជាម្ចាស់កម្មសិទ្ធិ និងទំនុកចិត្តដោយមានភាពកក់ក្តៅ មិនមានការភ័យខ្លាចពីជនណាទេ»៕
វីដេអូ៖