សៀមរាបៈ មនុស្ស​ ៤​ នាក់​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ និង​ ១១​ នាក់​ទៀត​ត្រូវបាន​តុលា​ការចេញ​ដីកា​កោះហៅ​ឱ្យចូល​បំភ្លឺ ពាក់ព័ន្ធ​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​នៃ​បឹង​ទន្លេសាប​ក្នុង​ខេត្តសៀមរាប​។ នេះ​បើតាម​លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប​។

លោក​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៦​ មេសា​ថា គិត​ចាប់ពី​ដើមខែ​មករា ឆ្នាំ​ ២០២២ ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​កម្លាំង​អន្តរាគមន៍​ចម្រុះ​ថ្នាក់ជាតិ​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៥៣​ លើក ឃាត់ខ្លួន​ជនសង្ស័យ ​៤ ​នាក់ បញ្ជូនទៅ​តុលាការ និង ១១ ​នាក់​ទៀត ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ករណី​ប្រព្រឹត្ត​បទល្មើស​នេសាទ​ក្នុង​ដែន​អភិរក្ស​ជលផល បន្ទាប់ពី​ទទួលបាន​សំណុំរឿង​ពី​ក្រុមការងារ​ស្រាវជ្រាវ និង បង្ក្រាប​បទល្មើស​ជលផល ។

លោក​បញ្ជាក់ថា ក្នុងពេល​ជិត​ ៤​ ខែ​សមត្ថកិច្ច​ជលផល​សៀមរាប​បាន​ចុះបង្ក្រាប​បទល្មើស​ជលផល​បាន​ចំនួន​ ៥៣​ ករណី ចាប់​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ ដោយ​ប្រើ​ឧបករណ៍​ឆក់​ចំនួន ​៤ ​នាក់ បញ្ជូនទៅ​តុលាការ ហើយ​ពួកគេ​ក៏​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​។

លោក​បន្តថា​៖ «​ពួកគេ​ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ជលផល​។ ទន្ទឹមនឹងនេះ ក្រុមការងារ​យើង​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនប្រព្រឹត្តល្មើស​ ១១​ នាក់ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​បានចេញ​ដីកា​កោះហៅ​ពួកគេ​ឱ្យចូល​ខ្លួន​ទៅ​ឆ្លើយបំភ្លឺ​ផងដែរ​»​។ ក្រៅពី​បង្ក្រាប​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស ក្រុម​សមត្ថកិច្ច​បាន​រុះរើ រឹបអូស និង​បំផ្លាញចោល វត្ថុតាង​រួមមាន អួន​អូស​ក្រឡា​ល្អិត លូ​ស្បៃមុង របាំង​សាច់​អួន និង​របាំង​ស្បៃមុង​ជាច្រើន​ពាន់​ម៉ែត្រ​ និង​បង្គោល​សម្រាស់​ជាច្រើន​ពាន់​ដើម ព្រមទាំង​ដោះលែង​ត្រី​ចម្រុះ​ប្រភេទ​សរុប​ជាង​ ១០០ ​គីឡូក្រាម​៕