ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន អះអាង​ថា អតីត​អគ្គមេបញ្ជាការ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា​​អ៊ុនតាក់​ (UNTAC) លោក JohnSanderson បាន​លើកសរសើរ​ពី​កម្ពុជា ដោយសារ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​លើក​ពី​ជោគជ័យ «​ដ៏ធំធេង​» ដោយសារ​កម្ពុជា​បាន​រួម​ចំណែក​ក្នុង​កិច្ចការ​ពិភពលោក កិច្ចការ​តំបន់ និង​ជាពិសេស​ប្រធាន​អាស៊ាន​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់ថា ក្នុងជំនួប​ជាមួយ​លោក ហ៊ុន សែន នា​ថ្ងៃទី​ ២៧ ខែមេសា​នៅ​វិមាន​សន្តិភាព​រាជធានី​ភ្នំពេញ​​លោក Sanderson បាន​ថ្លែង​ថា លោក​ពិត​ជាមាន​សេចក្ដីរំភើប​ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ និង​ជា​ប្រទេស​ដែល​លោក​មាន​អនុស្សាវរីយ៍​ និង​មិត្តភក្ដិ​យ៉ាងច្រើន​។

លោក Sanderson បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៣ ខែមេសា ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​ ២ ខែឧសភា គឺមាន​រយៈពេល​​ ១០ ​ថ្ងៃ ដើម្បី​អបអរ​ខួប​ទី​ ៣០ ​ឆ្នាំ នៃ​អ៊ុនតាក់​ ​និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការអបអរ​ខួប​ទី​ ៧០ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​អូស្ត្រាលី និង​កម្ពុជា​។

ហ្វេសប៊ុក​ដដែល​ដកស្រង់សម្ដី​លោក​ថា​៖ «​កម្ពុជា​មាន​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ ជាពិសេស​រាជធានី​ភ្នំពេញ ដែលមាន​ការអភិវឌ្ឍ​ដ៏​ស្រស់បំព្រង​ស្របគ្នា​នឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​នៅ​ទូទាំង​ប្រទេស​។

ជាមួយ​ការចូលរួម​ចំណែក​ក្នុង​កិច្ចការ​ពិភពលោក កិច្ចការ​តំបន់ និង​ជាពិសេស​ប្រធាន​អាស៊ាន​ទាំងនេះ​ជា​វឌ្ឍនភាព និង​ជោគជ័យ​ដ៏ធំធេង​របស់​កម្ពុជា​»​។

លោក​ ហ៊ុន សែន អះអាងថា រដ្ឋាភិបាល​អូស្ត្រាលី​បាន​ទទួល​ស្គាល់​កម្ពុជា​នៅមុន​កម្ពុជា​ទទួល​​បាន​ឯករាជ្យ​ពី​បារាំង​នៅក្នុង​ឆ្នាំ​ ១៩៥៣ និង​ក្រោយមក​បាន​ចូលរួមចំណែក​ក្នុងការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា​ព្រមទាំង​បាន​បោះបង់​ការទទួលស្គាល់​ខ្មែរក្រហម​នៅ​អង្គការ​សហប្រជាជាតិ​មុនគេ​។

លោក​បាន​ថ្លែងថា​៖ «​ប្រទេស​អូស្ត្រាលី ជា​ប្រទេស​បានទទួល​ស្គាល់​កម្ពុជា​មុន​កម្ពុជា​ទទួលបាន​ឯករាជ្យ ជា​ប្រទេស​ដែល​ជួយ​កម្ពុជា​ឱ្យ​ទទួលបាន​ឯករាជ្យ​»​។

ជំនួប​រវាង​លោក ហ៊ុន សែន និង​លោក​ John Sanderson ពីថ្ងៃ​ទី​ ២៧ មេសា​។ រូបថត SPM

លោក​ ហ៊ុន សែន បាន​ប្រា​ប់លោក Sanderson អំពី​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​ដែលនាំឱ្យ​កម្ពុជា​ទទួលបាន​សន្តិភាព «​ពេញលេញ​» រួមជាមួយ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

អ៊ុនតាក់​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​ឆ្នាំ​ ១៩៩២ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ការធ្វើ​មាតុភូមិ​និវត្តន៍​ប្រកបដោយ​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ផ្លាស់​លំនៅ​ដោយ​សង្គ្រាមស៊ីវិល និង​ការបោះឆ្នោតជាតិ​ឆ្នាំ​ ១៩៩៣​។

នៅ​សម័យ​កាលនោះ លោក ​Sanderson បានបញ្ជាកងកម្លាំង​ពហុភាគី​ដ៏ធំ ដែល​មាន​កងវរសេនាតូច​ថ្មើរជើង និង​អង្គភាព​គាំទ្រ​ចំនួន​ ១២ អ្នកសង្កេតការណ៍​យោធា និង​នគរបាល ស៊ីវិល​សរុប ២២ ០០០ ​នាក់ មក​​ពី​ប្រមាណ​ ៤០ ប្រទេស​។

ក្នុង​ជំនួប​ជាមួយ លោក Sanderson នា​ថ្ងៃទី ​២៦ ខែមេសា លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បាន​កោត​សរសើរ​ចំពោះ​ការរួមចំណែក​ «​យ៉ាងសំខាន់​» ​របស់​អូស្ត្រាលី ជាពិសេស​លោក Sanderson ក្នុង​ដំណើរការ​សន្តិភាព​នៅ​កម្ពុជា​។

លោក ប្រាក់ សុខុន បាន​រំឭក​ឡើងវិញ​នូវ​សមិទ្ធផល​ដែល UNTAC សម្រេចបាន​នៅ​កម្ពុជា ក្នុង​ការអនុវត្ត​គោលដៅ​សំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស រួមទាំង​ការរៀបចំ​ការបោះឆ្នោត​សកល​នៅ​ឆ្នាំ​ ១៩៩៣ បើទោះបីជា​មានការ​ធ្វើ​ពហិការ​របស់​ក្រុមខ្មែរក្រហម និង​ការបន្ត​សង្គ្រាម «​បែប​ឧទ្ទាម​របស់​ពួកនេះ​» ក៏ដោយ​។

ជាមួយ​គ្នានេះ លោក​បាន​លើក​ពី​គុណសម្បត្តិ​លោក ហ៊ុន សែន ដែល​បាន​ដាក់ចេញ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​នាំមក​ការបង្រួបបង្រួម​ជាតិ សន្តិភាព​ពេញលេញ និង​ស្ថិរភាព​ទាំងស្រុង​នៅក្នុង​ប្រទេស នៅ​ឆ្នាំ​ ១៩៩៨ ក្រោយ​ការដក​ចេញពី​កម្ពុជា​របស់ UNTAC​។

រដ្ឋមន្ត្រី​រូបនេះ​បានបង្ហាញ​មោទនភាព​របស់​កម្ពុជា ដែល​បានប្រែក្លាយ​ពី​ប្រទេស​ដែល​ទទួលយក​កងកម្លាំង​ថែរក្សា​សន្តិភាព​ពី​អង្គការ​សហប្រជាជាតិ​ទៅជា​ប្រទេសមួយ​ដែល​រហូត​មកទល់​ពេលនេះ​បាន​បញ្ជូន​កងកម្លាំង​ជាង​ ៨​ ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ចំនួន​ ៨ នៅ​ទ្វីប​អាហ្វ្រិក​ និង​មជ្ឈិមបូព៌ា​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​​អះអាង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​២៦ ខែមេសា ថា លោក Sanderson បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏ឆាប់រហ័ស​នៅ​កម្ពុជា និង​បាន​កោតសរសើរ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រកបដោយ​ជោគជ័យ ក៏ដូចជា​ការបញ្ជូន​កងកម្លាំង​កម្ពុជា​រាប់ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក​។

កាលពី​ថ្ងៃទី​ ២៥ ខែមេសា លោក Sanderson បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សន្តិភាព​ពី​សាកលវិទ្យាល័យ​កម្ពុជា ខណៈ​លោក​ កៅ គឹមហួន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កម្ពុជា​បាន​លើកឡើង​ថា លោក Sanderson មាន​តួនាទី​សំខាន់​ក្នុង​ការកសាង សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​កម្ពុជា​។ នេះ​បើ​យោងតាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ កម្ពុ​ជានា​ថ្ងៃទី​ ២៦ ខែមេសា​។

ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បញ្ជាក់ថា ប្រទេស​អូស្ត្រាលី​បាន​​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ ​និង​ការចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ១៩៩១ ​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការចាប់ផ្តើម​នៃ​អ៊ុនតាក់​។

លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​សរសេរ​នៅលើ​ Twitter នៅ​ថ្ងៃទី​ ២៧ ខែមេសា ថា លោក​ Sanderson បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍ​អន្តរជាតិ​សម័យកាល​អ៊ុនតាក់ និង​ទស្សនវិស័យ​សម្រាប់​អនាគត​របស់​កម្ពុជា​នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន និង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កាលពី​ថ្ងៃទី​ ២៦ ខែមេសា​៕