
សកម្មភាពអ្នកសារព័ត៌មានធ្វើការសម្ភាស និងថតនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ អង្គការសមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសរុបចំនួន ២៦ ស្ថាប័នបានរួមគ្នាធ្វើយុទ្ធនាការតាមបណ្តាញសង្គមរយៈពេល ១ សប្តាហ៍ ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» ក្នុងគោលបំណង ឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីការធ្វើយុទ្ធនាការនេះ កាលពីថ្ងៃ ២៦ ខែមេសា បានឱ្យដឹងថា យុទ្ធនាការរយៈពេល ១ សប្ដាហ៍ គឺដើម្បីចូលរួមប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២២។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ក្រុមការងារដើម្បីសេរីភាពសារព័ត៌មាន ដែលរួមមានអង្គការសមាគមអ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិលសរុបចំនួន ២៦ ស្ថាប័ន បានរួមគ្នារៀបចំជាយុទ្ធនាការតាមបណ្តាញសង្គមរយៈពេល ១ សប្តាហ៍ក្នុងគោលបំណងឆ្លុះបញ្ចាំងពីសារៈសំខាន់ និងជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា»។
ការធ្វើយុទ្ធនាការនេះ ចាប់ផ្ដើមពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២។ នៅក្នុងអំឡុងពេលនៃយុទ្ធនាការ សកម្មភាពមួយចំនួននឹងត្រូវបានអនុវត្តដោយបណ្តាស្ថាប័នដែលជាសមាជិកនៃក្រុមការងារ និងអ្នកពាក់ព័ន្ធព្រមទាំងការចូលរួមពីសំណាក់សាធារណជនផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បើតាមសេចក្ដីប្រកាសដដែល សកម្មភាពសំខាន់ៗក្នុងពេលយុទ្ធនាការនេះ រួមមាន ការបង្ហោះសារខ្លីៗអំពីសារៈសំខាន់នៃព័ត៌មានចំពោះប្រយោជន៍សាធារណៈ។ ការបង្ហោះវីដេអូស្តីពីសារៈសំខាន់នៃតួនាទីអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
កិច្ចពិភាក្សាតាមវិទ្យុ និងបណ្តាញសង្គមលើប្រធានបទពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានកិច្ចពិភាក្សាពិសេសនៅថ្ងៃទី ២ ខែឧសភា ដោយមានការចូលរួមពីវាគ្មិន ដែលជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការជាតិ និងអន្តរជាតិដែលធ្វើការពាក់ព័ន្ធនឹងវិស័យសារព័ត៌មានសរុបប្រមាណ ២០០ នាក់ផងដែរ។ បើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាស។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ថ្លែងនៅថ្ងៃទី ២៧ មេសានេះថា ការចាប់ផ្ដើមអនុវត្ដយុទ្ធនាការដំបូងនៅថ្ងៃទី ២៧ មេសានេះ គឺជាផ្នែកមួយនៃការបង្ហោះនូវអ្វីដែលជាការចង់បានរបស់អ្នកសារព័ត៌មាន ដើម្បីឱ្យមានការយកចិត្ដទុកដាក់បន្ថែមទៀត ចំពោះការធ្វើឱ្យប្រសើរឡើងលើកិច្ចការងាររបស់ពួកគេ។
លោកថ្លែងថា សកម្មភាពនៃយុទ្ធនាការថ្ងៃនេះក៏លើកឡើងអំពីការទទួលយកនូវអ្វីដែលជាបញ្ហាដែលបានលើកឡើងនាពេលកន្លងមក មានដូចជារូបភាពនៃការធ្វើទុក្ខបុកម្នេញផ្សេងៗ ការឃាត់ខ្លួនអ្នកសារព័ត៌មាន ការតាមដាន ការឃ្លាំមើល ការគំរាម តាមរយៈការយករូបថត ឬវីដេអូ លុបចេញ និង ទាក់ទងនឹងករណី អ្នកសារព័ត៌មានរងការប្ដឹងផ្ដល់ពាក់ព័ន្ធពីបទក្រមព្រហ្មទណ្ឌទៅលើអ្នកសារព័ត៌មាន។ លោកថាការធ្វើសកម្មភាពនេះ គឺចង់ឱ្យរដ្ឋាភិបាលពិនិត្យ និងរកលទ្ធភាពជួយឆ្លើយតប និងធានាអំពីសន្ដិសុខសុវត្ថិភាពដល់អ្នកសារព័ត៌មានឱ្យបំពេញការងារកាន់តែមានភាពល្អប្រសើរ។
លោក ណុប វី បញ្ជាក់ថា៖ «យើងក៏ចង់ឱ្យមានការយកចិត្ដទុកដាក់នៅក្នុងការធ្វើកិច្ចការងាររួមគ្នាបន្ថែមទៀត ដើម្បីធានាឱ្យការប្រើប្រាស់បណ្ដាញសង្គម ឬប្រព័ន្ធឌីជីថលកាន់តែមានប្រសិទ្ធភាព»។
លោកបន្តថាក្នុងពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម និងអ៊ីនធឺណិត ក៏សង្ឃឹមថា ទទួលបានព័ត៌មានច្រើនលើបណ្ដាញសង្គមផងដែរ។ ស្ថានភាពបច្ចុប្បន្ន បណ្ដាញសង្គមនៅមានការចែករំលែកនូវព័ត៌មានក្លែងក្លាយដែលចាំបាច់ត្រូវធ្វើការងាររួមគ្នាក្នុងការធានាឱ្យគុណភាពនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនៅលើបណ្ដាញឌីជីថលម៉េឌីយ៉ា (Digital Media) នេះ។
លោកបញ្ជាក់ថា៖ «ទាំងអស់នេះ គឺជាផ្នែកនៃសកម្មភាពដែលយើងធ្វើ ក្នុងគោលដៅនៃការរៀបចំទិវាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើង នៅថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ សប្ដាហ៍ក្រោយនេះ»។
លោក មាស សោភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ថ្លែងនៅថ្ងៃទី ២៧ មេសានេះថា ប្រទេសកម្ពុជាតែងតែប្រារព្ធនូវទិវាសេរីភាពសារព័ត៌មានពិភពលោកជារៀងរាល់ឆ្នាំ ដោយសហការជាមួយភាគីពាក់ព័ន្ធផ្សេងដែលធ្វើការលើវិស័យសារព័ត៌មាន។ ចំណែកឆ្នាំនេះ ក្រសួងគ្រោងនឹងប្រារព្ធទិវាសេរីភាពសារព័ត៌មាននេះនៅថ្ងៃទី ៣ ខែឧសភា ខាងមុខនេះ។
លោកថ្លែងថា៖ «ដោយមានការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាជារៀងរាល់ឆ្នាំ សម្ដេចលោកតែងតែចេញសារអបអរសាទរចំពោះទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ហើយនៅក្នុងឆ្នាំនេះក៏មានសារអបអរសាទរពីសម្ដេចផងដែរ»។
លោក សោភ័ណ្ឌ បញ្ជាក់ថា៖ «ការអនុវត្ដសិទ្ធិសេរីភាពសារព័ត៌មាន ក៏ដូចជាវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា គឺត្រូវបានធានា និងការពារដោយច្បាប់របស់របបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា និងច្បាប់ផ្សេងៗទៀត»។ លោកថា តាមរយៈការអនុវត្ដនូវសិទ្ធិសេរីភាពសារព័ត៌មាន ក៏ដូចជាវិជ្ជាជីវៈសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ យើងឃើញថាវិស័យព័ត៌មាន ពិសេសការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធឌីជីថល គឺមានសម្ទុះកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោកបន្តថា គិតត្រឹមត្រីមាសទី ១ ឆ្នាំ ២០២២ នេះ នៅកម្ពុជា មានអង្គភាពផ្សព្វផ្សាយព័ត៌មានបែបឌីជីថលមានចំនួន ៨៣០ អង្គភាពចំនួននេះបើធៀបទៅឆ្នាំ ២០២១ មានត្រឹម ៧៨៧ អង្គភាពប៉ុណ្ណោះ ដូច្នេះគឺមានការកើនឡើង ៤៧ អង្គភាពនៅត្រីមាសទី ១ ឆ្នាំ ២០២២ នេះ។
ខេមបូចា ថា បណ្តាញសង្គម គួរតែបង្កើនតម្លាភាពទៅលើសកម្មភាពណាមួយ ដើម្បីបញ្ឈប់ការរាលដាលនៃព័ត៌មានមិនពិតហើយជំនួសមកវិញព័ត៌មានដែលទុកចិត្តបាន៕