ភ្នំពេញៈ បើទោះបីជា​កាតព្វកិច្ច​ពាក់ម៉ាស់​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​សម្រេច​ធ្វើការ​លើកលែង​ក៏ដោយ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគច្រើន​នៅតែ​បន្ត​អនុវត្ត​នូវ​ការពាក់ម៉ាស់​ដដែល ដោយ​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ចាប់ពី​ការដក​បម្រាម​នេះ​ចេញ​អត្រា​ពលរដ្ឋ​ដែល​នៅ​ពាក់​ម៉ាស់ គឺមាន​ប្រមាណ​ជា​ ៦០% ដែលជា​ចំនួន​មួយ​ខ្ពស់​គួរឱ្យ​ចាប់អារម្មណ៍ ខណៈ​កម្ពុជា​នៅ​មិនទាន់​ឈ្នះ​សង្គ្រាម​កូវីដ​ទាំងមូល​នៅឡើយ​។

នេះ​ជា​ការថ្លែង​របស់លោក ហ៊ុន សែន នា​រសៀល​ថ្ងៃទី​ ២៧ ខែមេសា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​សិក្សា​ ២០២០-២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​ ២០២១-២០២២ ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​។ លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​សង្កេតឃើញថា ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ និង​ថ្ងៃនេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​​មិនតិច​ជាង ​៦០​ ភាគរយ​ទេ ដែល​នៅ​បន្ត​ពាក់​ម៉ាស់​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​។ នេះហើយ​ជា​ចំណុច​ល្អ ហើយក៏​មិនមែន​មានន័យថា ទាល់តែ​ដោះ​ម៉ាស់​គឺជា​ការគោរព​ដល់​នាយករដ្ឋមន្ត្រី ឬ​រាជរដ្ឋាភិបាល​នោះទេ​»​។

លោក បន្តថា ប្រជាពលរដ្ឋ​កម្ពុជា​មានការ​យល់ដឹង​ពី​វិធី​ការពារ​ខ្លួន ដែល​ចំណុច​នេះហើយ​ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​យកឈ្នះ​បាន​លើ​សមរភូមិ​កូវីដ​ ១៩​។ លោក​បាន​បញ្ជាក់ថា ៖ «​យើង​មិនទាន់​ឈ្នះ​សង្គ្រាម​កូវីដ​ ១៩​ ទាំងមូល​ទេ គឺ​យើង​គ្រាន់តែ​យកឈ្នះ​សមរភូមិ​តូចៗ​ប៉ុណ្ណោះ​គឺ​សមរភូមិ​អាល់​-​ហ្វា ដែល​តា និង​អូ​មី​ក្រុង​។ ដូចនេះ​វិធាន​ការដែល​យើង​ត្រូវ​គ្រប់គ្រង​កូវីដ​បន្ត គឺជា​រឿង​ចាំបាច់​ខ្លាំងណាស់ ហើយ​យើង​មិនទាន់មាន​លទ្ធភាព​បញ្ចប់សង្គ្រាម​កូវីដ​នៅឡើយ​ទេ​»​។

ទាក់ទង​នឹង​វិធានការ​ការពារ ៣ ​កុំ​ ៣ ​ការពារ លោក ហ៊ុន សែន នៅតែ​ចាត់ទុកថា ជា​វិធានការ​ចាំបាច់​ដដែល ទោះបីជា​លោក​បាន​ដក​នូវ​កាតព្វកិច្ច​ការពាក់​ម៉ាស់ តែ​លោក​នៅ​បន្ត​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ពាក់​ម៉ាស់​ការពារ​។ កាតព្វកិច្ច​ពាក់​ម៉ាស់​អាច​នឹង​វិល​មកវិញ ប្រសិនបើ​មាន​ការវិវត្ត​ណាមួយ​កើតឡើង ដោយសារ​នៅលើ​ពិភពលោក​នៅមាន​កូវីដ​នៅឡើយ​។ ជាមួយ​គ្នានេះ លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យ​មានការ​តាមដាន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ បន្ទាប់ពី​កាតព្វកិច្ច​ពាក់​ម៉ាស់​ត្រូវបាន​លើកលែង​។

ដោយឡែក នាឱកាស​នោះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់ ដោយ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​លើ​រាជរដ្ឋាភិបាល បើទោះបីជា​មានការ​ឃោសនា​របស់​ «​ជនពាល​» ​ដែលថា វ៉ាក់សាំង​កូវីដ-១៩​ចាក់​សម្លាប់​មនុស្ស​។

លោក​បញ្ជាក់ថា៖ «​មកដល់ពេលនេះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៤,៩​ លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ពលរដ្ឋ​មាន​ការជឿជាក់ លើ​រាជរដ្ឋាភិបាល ហើយ​យើង​មិន​រើសអើង​ឡើយ​ដោយ​ចាក់​ជូន​គ្រប់​មនុស្ស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ជាមួយគ្នា​នោះ លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ ដោយ​ត្រូវ​ធ្វើយ៉ាងណា​ធានា​ឱ្យបាន​ថា ការបើក​សាលារៀន​ឡើងវិញ គឺ​ត្រូវតែ​រក្សា​សុវត្ថិភាព សម្រាប់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​។

លោក​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​ទទួលយក​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ជាពិសេស​ដូស​ទី​ ៣ ដែល​នៅសល់​ជាង ៦​ លាន​នាក់​ទៀត ហើយ​ដូស​ទី ​៤ ក៏ត្រូវ​តែ​បន្ត​ចាក់​ដដែល​។ លោក​បន្តថា៖ «​ប្រទេស​អូស្ត្រាលី​ក៏បាន​ត្រៀម​ផ្តល់​វ៉ាក់សាំង Pfizer សម្រាប់​កូនក្មេង ដែល​នឹង​បញ្ជូន​តាម​កាលបរិច្ឆេទ ដែល​យើង​ចង់បាន ហើយ​ខ្ញុំ​ក៏បាន​ឯកភាព​រួចហើយ​ដែរ​។ យើង​មិន​លោភលន់​ទេ តែ​បើសិនជា​គេ​ឱ្យ​យើង​នៅតែ​ទទួល ហើយ​បើ​ឱ្យតែ​ ១០០ ​ដូស ក៏​ខ្ញុំ​ចេញ​ទទួល​ដែរ​ជាមួយ​ទ្វេភាគី​»​។

សម្រាប់​វ៉ាក់សាំង​កូវីដ​ ១៩ ដដែល​នេះដែរ លោកនាយក​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​ខាង​ក្រសួងសុខាភិបាល​ធ្វើ​ផែនការ​រុញ​កាលបរិច្ឆេទ​នៃ​ការទទួលយក​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹងត្រូវ​ផ្តល់​វ៉ាក់សាំង​ចំនួន​ ១៥ លាន​ដូស​ទៀត ដោយ​លោក​ឱ្យទទួល​យក​នៅ​ចុងឆ្នាំ ​២០២២​ នេះ​វិញ ដោយសារ​វ៉ាក់សាំង​នៅក្នុង​ឃ្លាំង​សល់​ជាង​ ១០ ​លាន​ដូស​ទៀត​។

ចំណែក​សហរដ្ឋអាមេរិក​ក៏​នឹង​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ជាង ​៧ ​លាន​ដូស​មកឱ្យ​កម្ពុជា​ផងដែរ​៕

វីដេអូ៖