ប៉ៃលិនៈ ​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​បាន​បញ្ជូន​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​មកកាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​ ២៦ មេសា បន្ទាប់ពី​ចាប់ខ្លួនបាន​ប៉ុន្មាន​ម៉ោង​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារប្រាក់​នៅ​ប្រទេស​កូរ៉េខាងត្បូង រួច​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ​និង​បាន​​ទៅសំងំ​លាក់ខ្លួន​នៅក្នុង​ភូមិ​​ផ្សារ​ព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

លោក​វរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរង​ទទួល​ផែន​សន្ដិសុខ​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧​ មេសា​ថា បុរស​សង្ស័យ​ឈ្មោះ ស៊ីន មីនហូ (Sin Min-ho) ​អាយុ​ ៥៥ ​ឆ្នាំ​ជា​ជនជាតិ​កូរ៉េខាងត្បូង​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ប៉ៃលិន​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ២៦ មេសា ហើយ​បាន​បញ្ជូនមក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​នៅ​ថ្ងៃ​ដដែល​។

លោក​បាន​បន្តថា ការចាប់ខ្លួន​ជនសង្ស័យ គឺ​បន្ទាប់ពី​នគរបាល​អន្តរជាតិ​ក្រុង​សេអ៊ូល​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ស្នើសុំ​មក​សមត្ថកិច្ច​កម្ពុជា​ ដើម្បី​ជួយ​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​ដែល​សមត្ថកិច្ច​កូរ៉េខាងត្បូង ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា​។ ហេតុដូច្នេះ​​ក៏​ខាង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ទទួលបាន​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឱ្យ​ស្រាវជ្រាវ​រក​ឈ្មោះ​ខាង​លើ​ព្រោះ​មាន​តម្រុយ​ថា​បាន​​មក​លាក់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​។

លោក​បន្តទៀតថា ក្រោយ​ទទួលបាន​ការណែនាំ និង​​បន្ទាប់ពី​បាន​ពិនិត្យ​ទៅលើ​លិខិត​ឯកសារ​មួយចំនួន​ដែល​បញ្ជូន​មកពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ទើប​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដឹងថា ជនសង្ស័យ​រូបនេះ​បាន​ចូលមក​លាក់ខ្លួន​នៅក្នុង​ខេត្ត​ប៉ៃលិន​ហើយក៏​សមត្ថកិច្ច​ជំនាញ​របស់​​លោក​បើក​ការស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី ​២៦ មេសា តែម្តង​។

លោក​ថ្លែងថា​៖ «​ករណីនេះ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ជំរិត​ទារប្រាក់​នៅ​ប្រទេស​សាមី​​របស់គាត់​ទេ តែ​យើង​សហការ ស្វែងរក​បុរស​ម្នាក់​នោះ​តាមរយៈ​កិច្ចសហការ​ជា​អន្តរជាតិ​តែប៉ុណ្ណោះ​។ សមត្ថកិច្ច​ខ្ញុំ​បាន​ចាប់បញ្ជូន​គាត់​មក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ពី​ម្សិលមិញ​ (​ថ្ងៃទី​ ២៦ ​មេសា​)»​។

ពាក់ព័ន្ធ​នឹង​ករណីនេះ​ភ្នំពេញ​-​ប៉ុស្តិ៍​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាលជាតិ​បានទេ​នៅ​ថ្ងៃទី​ ២៧​ មេសា ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល​។

ក៏ប៉ុន្តែ​បើតាម​លោកស្នងការរង សុផារិទ្ធ ការចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​នេះ​គឺ​អនុវត្តតាម​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក ជា សារ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន​ផង​។ ​ការចាប់ខ្លួន​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោងជាង​ ៩ ព្រឹក​ថ្ងៃទី ​២៦ មេសា ឆ្នាំ​ ២០២២ ស្ថិត​ក្នុងភូមិ ផ្សារ​ព្រំជើង ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​៕

វីដេអូ៖