
ពលរដ្ឋរង់ចាំនៅការិយាល័យច្រកចេញចូលតែ ១ ក្រុងកំពង់ចាម។ រូប ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងមហាផ្ទៃស្នើអភិបាលខេត្ដកំពង់ចាម ចាត់វិធានការកែលម្អលើការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម ក្រោយពីក្រុមការងារចុះទៅពិនិត្យរកឃើញថា មិនទាន់បានអនុវត្ដឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៅឡើយ។
យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២៦ មេសា បានឱ្យដឹងថា សំណើសុំចាត់វិធានការកែលម្អការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម គឺយោងតាមលិខិតលេខ ១០៦ ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ របស់នាយកដ្ឋានមុខងារ និងធនធាន និងចំណារឯកភាពរបស់លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ៥ មេសា ឆ្នាំ ២០២២។
ក្នុងលិខិតបានឱ្យដឹងថា កាលពីថ្ងៃទី ២០ ដល់ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២ អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានចាត់តាំងក្រុមការងារទៅពិនិត្យមើលការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាម។
លិខិតបញ្ជាក់ថា៖ «ជាលទ្ធផលក្រុមការងាររបស់ក្រសួងមហាផ្ទៃបានរកឃើញថា រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយនៅឡើយ»។
ក្រសួងបញ្ជាក់ថា ដើម្បីកែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញ-ចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម ក្រសួងមហាផ្ទៃស្នើរដ្ឋបាលខេត្តកំពង់ចាមធ្វើការណែនាំដល់រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមលើចំណុចមួយចំនួន។ ចំណុចទាំងនោះមាន រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមត្រូវប្រមូលផ្ដុំសេវារដ្ឋបាលទាំងអស់ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋបាលក្រុង ស្រុកឱ្យមកអនុវត្តតាមការិយាល័យច្រកចេញចូលតែមួយ។
រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញ-ចូលតែមួយ ដូចមានកំណត់ក្នុងសេចក្តីសម្រេចលេខ ៧៥២ សសរ ចុះថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ របស់ ក្រសួងមហាផ្ទៃស្តីពីការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្តីពីគោលការណ៍ និងនីតិវិធីផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសេចក្តីណែនាំនានា ពាក់ព័ន្ធនឹងបែបបទ និងនីតិវិធីបច្ចេកទេសសម្រាប់ការផ្តល់សេវាតាមវិស័យជំនាញនីមួយៗ។
លើសពីនេះត្រូវធ្វើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនថ្នាក់ដឹកនាំបុគ្គលិករបស់រដ្ឋបាលស្រុក និងរដ្ឋបាលក្រុង ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋឱ្យបានទៀងទាត់ និងត្រឹមត្រូវស្របតាមសេចក្ដីណែនាំលេខ ០១៨ សណន ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤ របស់ក្រសួងមហាផ្ទៃ។
រដ្ឋបាលក្រុងកំពង់ចាមត្រូវបញ្ឈប់ការយកកម្រៃសេវារដ្ឋបាលទាំងឡាយណាដែលពុំមានកំណត់នៅក្នុងប្រកាសអន្តរក្រសួង។ ក្នុងករណីចាំបាច់រដ្ឋបាលក្រុង ត្រូវលើកសំណើមក ក្រសួងមហាផ្ទៃដើម្បីរៀបចំបង្កើតប្រភេទសេវាថ្មី ដែលមានតម្រូវការចាំបាច់នៅមូលដ្ឋាន។
រដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាមត្រូវរៀបចំក្រុមការងារចុះស្រង់ទិន្នន័យ និងធ្វើបច្ចុប្បន្នភាពទីតាំងអាជីវកម្ម សេវាកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់ និងជំរុញប្រជាពលរដ្ឋឱ្យមកស្នើសុំសេវារដ្ឋបាលទៅតាមប្រភេទអាជីវកម្ម សេវាកម្មនីមួយៗ។
បន្ថែមពីនេះ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីរដ្ឋបាលស្រុក និងរដ្ឋបាលក្រុង ព្រមទាំងប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីលិខិតបទដ្ឋានថ្មីៗដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នផ្សេងៗ ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្រសួងមហាផ្ទៃបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាមត្រូវចាត់តាំងក្រុមការងារចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាទៀងទាត់លើការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលស្រុកបាធាយ និងរដ្ឋបាលក្រុងកំពង់ចាម និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃវិញ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងកាលពីថ្ងៃទី ២៧ មេសាថា ការចុះទៅត្រួតពិនិត្យរបស់ក្រុមការងារក្រសួងមហាផ្ទៃលើការផ្ដល់សេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាមនេះ គឺជាកិច្ចការងារអធិការកិច្ចដែលក្រសួងត្រូវចុះពិនិត្យមើលលើការអនុវត្ដការងាររបស់ថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាទៅដល់ប្រជាពលរដ្ឋតាមយន្តការគោលនយោបាយរដ្ឋាភិបាល។
លោកថ្លែងថា៖ «ក្រោយការចុះពិនិត្យ ក្រុមការងារបានយកលទ្ធផលមកវាយតម្លៃលើការផ្ដល់សេវារបស់ថ្នាក់ក្រោមជាតិ ទើបពិនិត្យឃើញថា ភាពមិនត្រឹមត្រូវ អនុវត្ដមិនទាន់បានតាមការណែនាំរបស់ក្រសួង ដូច្នេះទើបក្រសួងចេញសេចក្ដីណែនាំឱ្យកែលម្អឡើងវិញ។ បើនិយាយឱ្យសាមញ្ញវាស្ថិតនៅក្នុងន័យក្រើនរំឭក ណែនាំទូន្មានប៉ុណ្ណោះ មិនមែនជាការដាក់ពិន័យអីទេ»។
លោក ខៀវ សុភ័គ ឱ្យដឹងថា ក្រុមការងាររបស់ក្រសួងមហាផ្ទៃនឹងអនុវត្ដការចុះធ្វើអធិការកិច្ចចំពោះការផ្ដល់សេវារបស់រដ្ឋបាលខេត្តផ្សេងទៀតដល់ប្រជាពលរដ្ឋ។ ការចុះធ្វើអធិការកិច្ចនេះពេលខ្លះក្រុមការងារក្រសួងនឹងមិនជូនដំណឹងដល់រដ្ឋបាលរាជធានី-ខេត្ដជាមុននោះទេ ដើម្បីអាចពិនិត្យមើលលើការអនុវត្ដជាក់ស្ដែងចំពោះការផ្ដល់សេវា ហើយយកមកវាយតម្លៃកែលម្អឡើងវិញ។
លោកស្រី ធីម ណារិន អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ចាមបានលើកឡើងថា លោកស្រីមិនដែលទទួលបានពាក្យបណ្ដឹង ឬការស្នើសុំអន្តរាគមន៍ណាមួយពីប្រជាពលរដ្ឋចំពោះភាពមិនប្រក្រតីនៃការផ្ដល់សេវានៅការិយាល័យច្រក-ចេញចូលតែមួយនៃរដ្ឋបាលស្រុកបាធាយ និងក្រុងកំពង់ចាមនោះទេ។ ប៉ុន្ដែលោកស្រីថ្លែងថា កាលពីឆ្នាំ ២០២១ ពេលលោកស្រី ទៅរកសេវាបញ្ជាក់សំបុត្រកំណើតឱ្យកូននៅការិយាល័យច្រកចេញចូលតែមួយក្រុងកំពង់ចាម ឃើញឥរិយាបថមន្ដ្រីផ្នែកទទួលឯកសារនៅការិយាល័យនេះ មានភាពឆ្មើងឆ្មៃ និយាយសម្ដីមិនសូវសមរម្យ។ លោកស្រីប្រាប់ថា៖ «អ៊ីចឹង អ្វីដែលយើងចង់ស្នើសុំ គឺយើងស្នើសុំឱ្យមានការកែប្រែឥរិយាបថរបស់មន្ដ្រីមួយចំនួន នៅថ្នាក់ក្រោមជាតិនេះ ពិសេសនៅការិយាល័យច្រកចេញចូលតែមួយ ពីព្រោះមន្ដ្រីរាជការទាំងអស់ គឺទទួលបានប្រាក់បៀវត្សរ៍ពីប្រជាពលរដ្ឋ ទោះបីពួកគាត់មិនមែនរកប្រាក់ចំណេញក៏ដោយ»។
លោក ហេង វណ្ណនី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដកំពង់ចាមប្រាប់ភ្នំពេញ-ប៉ុស្ដិ៍នៅថ្ងៃទី ២៧ ខែមេសា ថា រដ្ឋបាលខេត្ដនៅមិនទាន់ទទួលបានលិខិតរបស់ក្រសួងមហាផ្ទៃនេះនៅឡើយទេ៕