ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង ណែនាំ​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​ត្រៀមលក្ខណៈ​ពង្រឹងសមត្ថភាព​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ដែលមាន​ក្រុមគ្រូពេទ្យ​ព្យាបាល ដើម្បី​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​ទៅនឹង​សភាពការណ៍​ហានិភ័យ​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។

លោក​ ម៉ម ប៊ុនហេង លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​ ២៦ មេសា បន្ថែម​ទៅលើ​ការសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើ​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​តាម​ទីសាធារណៈ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ត្រូវ​បន្ត​យកចិត្តទុកដាក់​ត្រៀមលក្ខណៈ​ពង្រឹងសមត្ថភាព​ឆ្លើយតប​របស់​ប្រព័ន្ធ​សុខាភិបាល តាមរយៈ​ការបន្ត​ត្រៀម​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ [​មាន​] ​ក្រុមគ្រូពេទ្យ​ព្យាបាល គ្រែ​សង្គ្រោះបន្ទាន់ សម្ភារ​បរិក្ខារ​ពេទ្យ និង​ឱសថ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ រួមទាំង​ឧបករណ៍​តេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ ដើម្បី​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​ទៅនឹង​សភាពការណ៍​ហានិភ័យ​ណាមួយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​អ្នកពាក់ព័ន្ធ​ឱ្យចូល​រួម​អនុវត្ត​សេចក្តី​សម្រេច​ស្តីពី​ការធ្វើ​សមាហរណកម្ម​ការព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ក្នុង​ប្រព័ន្ធ​ថែទាំ​ព្យាបាល​តែមួយ​ (​ការរៀបចំ​បន្ទប់ ដាច់ដោយឡែក និង​ការរៀបចំ​រំហូរ​អ្នកជំងឺ​ត្រឹមត្រូវ​) នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​ឯកជន​។

ជាមួយ​គ្នានេះ លោក ​ម៉ម ប៊ុនហេង ក៏បាន​បញ្ជាក់ដែរថា អ្នកផ្តល់​សេវា​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន​ព្រមទាំង​ប្រជាជន​ទាំងអស់​ត្រូវ​ចូលរួម​គោរព និង​អនុវត្ត​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ជា​ធរមាន ហើយក៏​ត្រូវ​ប្រញាប់​ធ្វើតេស្ត​រហ័ស​រក​អង់ទីហ្ស៊ែន​កូវីដ​ ១៩ ដោយ​ខ្លួនឯង​ផងដែរ​។

លោក​ថា​៖ «​ក្នុងករណី​មានការ​សង្ស័យ ដូចជា​មាន​រោគសញ្ញា​ក្តៅខ្លួន ក្អក ឬ​រោគសញ្ញា​ផ្លូវដង្ហើម​ផ្នែក​ខាងលើ តឹង​ច្រមុះ ហៀរ​សំបោរ រមាស់​ក ស្អក​ក ឈឺ​ក ជាដើម ត្រូវដាក់​ខ្លួន​នៅ​ដាច់ដោយឡែក ព្យាបាល​នៅតាម​ផ្ទះ​ក្នុងករណី​ជំងឺ​កម្រិត​ស្រាល និង​រាយការណ៍​ពី​ករណី​សង្ស័យ ដែល​អាច​នាំឱ្យ​មាន​ការ​ផ្ទុះ​ឡើងវិញ​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩ ដល់​មន្ទីរ​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។

ក្រសួង​សុខាភិបាល​ក៏បាន​ស្នើឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​នីមួយៗ​ត្រូវធ្វើ​របាយការណ៍​ប្រចាំថ្ងៃ​ពី​ករណី​វិជ្ជមាន​កូវីដ​ ១៩ ដែល​រកឃើញ​ចាប់ពី​ថ្ងៃ​នៃ​ការចាប់ផ្តើម​អនុវត្ត​ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​រហូតដល់​មានការ​ណែនាំ​ជាថ្មីទៀត​ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ រាជធានី​-​ខេត្ត រៀងៗ​ខ្លួន និង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​។

លោក​ ម៉ម ប៊ុនហេង បញ្ជាក់ថា​៖ «​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នឹង​ផ្តល់​ទិន្នន័យ​ទាំងនេះ​ទៅដល់​អនុគណៈកម្មការ​វាយតម្លៃ ផែនការ និង​យុទ្ធសាស្ត្រ ដើម្បី​ធ្វើការ​តាមដាន​វាយតម្លៃ​ស្ថានភាព​នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​ភាពស៊ាំ​សហគមន៍​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​ថ្លែង​ផងដែរ​កាលពី​ថ្ងៃទី ​២៦ ខែមេសា​ថា បន្ទាប់ពី​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នេះ​គ្រប់ភាគី​ទាំងអស់​ក៏​នៅតែ​ត្រូវ​បន្ត​តាមដាន ឱ្យបាន​ដិតដល់​ទៅលើ​ចំណុច​ទាំងឡាយ ដែល​វា​អាច​នឹងមាន​ការឆ្លង​ថ្មី​ណាមួយ​កើតឡើង​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​ត្រូវតែ​ប្រកាន់យក​នូវ​អភិក្រម​គ្រប់គ្រង តាមរយៈ​ការឱ្យ​ពាក់​ម៉ាស់​ឡើងវិញ​ទាំងស្រុង ឬមួយ​ផ្នែក​ណាមួយ​នោះ ដែល​នេះ​ទាមទារ​ឱ្យមាន​ការតាមដាន​ពិនិត្យ​សុខភាព​ខ្លួនឯង ដើម្បី​យើង​មាន​វិធានការ​ទាន់​ពេលវេលា​ផងដែរ​»​។

បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅតាម​ទីសាធារណៈ​នៅ​ទូទាំង​ប្រទេស ក្រសួង​សុខាភិបាល និង​ក្រសួង​ទេសចរណ៍​ក៏បាន​លើកឡើង​ទាក់ទង​នឹង​ការប្រើប្រាស់​ម៉ាស់​នេះ​ផងដែរ​។

លោក​ ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ជូន​ដំណឹង​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ពី​ការអនុវត្ត ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅ​គ្រប់​ទីសាធារណៈ​ទូទាំង​ប្រទេស រួមបញ្ចូល​ទាំង​គោលដៅ​ទេសចរណ៍​នានា​ដែល​ស្ថិតនៅ​ទីលម្ហ​ (Open Space)​។ ក្នុងនោះ​មានដូចជា​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ កន្លែង​វាយ​កូន​ហ្គោល និង​កន្លែង​កម្សាន្ត​ដទៃទៀត​ដែល​ស្ថិតនៅ​ទីលម្ហ​ផងដែរ​។

ទោះយ៉ាងណា ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នេះ​ត្រូវបាន​ធ្វើឡើង ដោយ​ឈរលើ​គោលការណ៍​សម្រេចចិត្ត​ដោយ​ខ្លួនឯង ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។

លោក​ ថោង ខុន ​បញ្ជាក់ថា​៖ «​គ្រប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ត្រូវ​ចាំបាច់​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​បន្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​វិធាន​សុខាភិបាល​នៅ​កន្លែង​ដែល​បិទជិត ដូចជា សាលប្រជុំ សន្និសីទ និង​ពិព័រណ៍ សេវាកម្ម​ក្លិប​កម្សាន្ត រង្គសាល អាហារដ្ឋាន និង​សម្បទា​ទេសចរណ៍​ដទៃទៀត​ដែល​ស្ថិតនៅ​ទី​បិទ​ជិត និង​មាន​ម៉ាស៊ីនត្រជាក់​»​។

លោក​ ម៉ម ប៊ុនហេង ក៏​បានឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​បន្ត​អប់រំ និង​ជំរុញ​លើកទឹកចិត្ត​ប្រជាជន​ទាំងអស់ ដែល​គ្រប់​អាយុ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ហើយ​បាន​ចាក់​ដូស​មូលដ្ឋាន​ពេញលេញ​រួច​ឱ្យ​ចូលរួម​ចាក់វ៉ាក់សាំង​ដូស​ទី​ ៣ ដែល​ត្រូវ​បានកំណត់​ជា​ដូស​អប្បបរមា សម្រាប់​ប្រជាជន​ទូទៅ​នៅ​ប្រទេស​កម្ពុជា​។

គួរ​រំឭក​ដែរ​ថា លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២៦ ខែមេសា បានប្រកាស​លើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នៅតាម​ទីសាធារណៈ​នៅ​ទូទាំងប្រទេស​។ ការលើកលែង​នេះ​លោក​សម្តែង​ក្តី​សង្ឃឹម​ថានឹង​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​សម្រាប់​ប្រជាពលរដ្ឋ ហើយក៏​នឹងចូលរួម​ជួយ​សន្សំសំចៃ​ផងដែរ ដោយ​ផ្ទេរ​ពី​ការទិញ​ម៉ាស់​មក​ទិញ​ម្ហូបអាហារ សម្លៀកបំពាក់ និង​សន្សំ​សម្រាប់​គោលដៅ​ផ្សេង​ដែរ​៕