ភ្នំពេញៈ កម្មករនិយោជិត​ចំនួន​ ១ ៤០៨ ​នាក់ មកពី​ ២៣ ​រោងចក្រ កំពុង​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួង​ការងារ ដើម្បី​ជំរុញ​បន្តទៅ​ភាគី​រោងចក្រ​មួយចំនួន​ឱ្យ​ទូទាត់​អត្ថប្រយោជន៍​ជូន​កម្មករ​ទាំងនោះ​ដែល​ត្រូវបាន​ថៅកែ​រំលោភសិទ្ធិ​ការងារ​ និង​បញ្ឈប់​ពួកគេ​។

ក្នុង​ចំណោម​កម្មករ​ទាំង​នោះ ករណីខ្លះ​បានអូសបន្លាយ​ជិត​ ១០​ ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ​ ២០១៤​។ សហជីព​ក៏បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផងដែរ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការលោភសិទ្ធិ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​បញ្ឈប់​កម្មករ​ចំនួន​ ១ ៤០៨​ នាក់​នា​ថ្ងៃទី​ ២៧ មេសា អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ (​ស៊ីខៅឌូ​) លោក​ គង់ អាទិត្យ បាន​ថ្លែងថា បច្ចុប្បន្ន​កម្មករ​ទាំង​នោះ​កំពុង​ប្រឈម​គ្មាន​ការងារ​ធ្វើ និង​ទទួលរង​ភាពអយុត្តិធម៌​នៅ​កន្លែង​ការងារ​។ ព្រោះ​ករណី​មួយចំនួន​បាន​ដោះស្រាយ​ដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ដោយ​ភាគី​សហជីព​ទទួល​បាន​ជ័យជម្នះ ប៉ុន្តែ​ភាគី​និយោជក​មិន​អនុវត្តតាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ឡើយ​។

លោក​ថា​៖ «​ប្រព័ន្ធ​ដោះស្រាយ​វិវាទ​នៅ​ទន់ខ្សោយ​ទាំង​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល តុលាការ និង​ក្រសួង​ការងារ​។ និយោជក​អត់​ខ្លាច ច្បាប់​អនុវត្ត​ទន់ខ្សោយ ការដាក់​ពិន័យ​នៅ​តិច​។ អ៊ីចឹង​យើង​សំណូម​ឱ្យ​ក្រុមអធិការកិច្ច​ក្រសួង​ការងារ​ដំឡើង​ការដាក់​សម្ពាធ​នៅពេល​ចុះ​អធិការកិច្ច​។ បើសិនជា​មាន​ការបង្កើន​ដាក់ពិន័យ​ដល់​និយោជក គាត់​នឹង​ខ្លាច​»​។

បន្ថែម​ពីនេះ លោក​ស្នើឱ្យ​ក្រសួង​ការងារ​ជួយ​អន្តរាគមន៍​រឿងនេះ​ឱ្យបាន​ឆាប់រហ័ស ដើម្បីឱ្យ​កម្មករ​ទទួល​បាន​ភាព​យុត្តិធម៌ និង​ថវិកា​សម្រាប់​ទ្រទ្រង់​ជីវភាព​ក្នុងអំឡុង​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង យើង​ជំរុញ​ឱ្យ​ក្រសួង​ជំរុញ​បន្ត​ឱ្យមាន​ការគោរព​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។ រោងចក្រ​ដែលមាន​កិច្ច​ព្រមព្រៀងគ្នា ហើយ​អត់​អនុវត្ត​សូមឱ្យ​ក្រសួង​ជួយ​ជំរុញ​ឱ្យ​មាន​ការអនុវត្ត ហើយ​រោងចក្រ​ដែល​អត់​មាន​កិច្ចព្រមព្រៀង សូមឱ្យ​ក្រសួង​ជួយ​សម្រួល​បញ្ចប់រឿង​ទូទាត់​លុយ​ឱ្យ​កម្មករ​»​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​ ហេង សួរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​បញ្ហា​នេះ កាលពី​ថ្ងៃទី​ ២៦ មេសា ក្រសួង​អញ្ជើញ​តំណាង​សហជីព​ចូលជួប​ ដើម្បី​ពិភាក្សា​សុំ​ព័ត៌មាន​បន្ថែម និង​ពន្យល់​បន្ថែម​អំពី​ករណី​រោងចក្រ​ដែល​បិទ​។

លោក​បញ្ជាក់ថា​៖ «​រីឯ​រោងចក្រ​ដែល​ប្តូរ​ឈ្មោះ គឺ​យើង​ត្រូវ​ពិនិត្យ​លើ​ឯកសារ តើ​ជា​ការ​គ្រាន់តែ​ប្តូរ​ឈ្មោះ​ឬ​យ៉ាងម៉េច​? ចំពោះ​រោងចក្រ​ដែល​កំពុង​ដំណើរការ គឺ​យើង ក៏​សុំ​ព័ត៌មាន​បន្ថែម ដើម្បី​ពិនិត្យ តើ​ជា​ការបញ្ឈប់​ដោយសារ​មូលហេតុ​អ្វី​? ​ហើយ​ករណី​នោះ​ជា វិវាទ​រួម ឬ​វិវាទ​បុគ្គល​ដែល​នាំទៅ ដល់​ការបញ្ឈប់​បុគ្គលិក​នេះ​»​។

ទោះយ៉ាងណា លោក​ថា​ក្រសួង​នឹង​បន្តធ្វើ​ការងារ​នេះ​ដោយ​យកចិត្ត​ទុកដាក់ ហើយ​មន្ត្រី​ជំនាញ​នឹង​បន្ត​ជួប​ជាមួយ​ភាគី​សហជីព​លើ​ករណីនេះ​បន្តទៀត​។

លោកស្រី ​វណ្ណ សុផា មកពី​រោងចក្រ​សុងយ៉ិន បាន​សំណូមពរ​ឱ្យ​ក្រសួង​ជួយ​គិតគូរ​ដល់​ពួកគាត់​ជា​កម្មករ​ផង ព្រោះ​ពួកគាត់​បានឈ្នះ​ក្តី​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ប៉ុន្តែ​មិនទាន់បាន​ទូទាត់​សំណង​ទេ​មកទល់ពេលនេះ​។

លោកស្រី​និយាយថា​៖ «​ព្រោះ​ខ្ញុំ​បាន​ឈ្នះក្តី​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​អត់​ធ្វើតាម​បង្គាប់​ទេ អត់​ទាត់​បាន​បើកប្រាក់​ទូទាត់​សំណង​ទេ ដោយសារ​ក្រុមហ៊ុន​ក្ស័យធន​។ បើក​បាន​មួយចំនួន ប៉ុន្តែ​គ្នា​ខ្ញុំ​ ១២ ​នាក់​អត់​ទាន់​បើក​បាន​»​។

ចំណែក​កម្មករ​ម្នាក់ទៀត លោក ​សឿន ពិសិដ្ឋ មកពី​រោងចក្រ Greenfiled និយាយថា ក្រសួង​ការងារ​បាន​បង្គាប់​ឱ្យ​គាត់​ចូលធ្វើការ​វិញ ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទទួល រូបគាត់​ចូលធ្វើការ​វិញ​ទេ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​គាត់​។

លោក​ថា​៖ «​អ៊ីចឹង ខ្ញុំ​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ជំរុញ ហើយ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ពួកខ្ញុំ​ចូលធ្វើការ​វិញ និង​ទូទាត់​ប្រាក់រំឭក​ចាប់​ពីថ្ងៃ​ក្រុមហ៊ុន​បញ្ឈប់ ដើម្បីឱ្យ​ពួក​ខ្ញុំ​បាន​ដោះស្រាយ​ជីវភាព​»​។

មិន​ខុសពី​កម្មករ​ផ្សេង លោក​ ជា ចាន់ថេត កម្មករ​រោងចក្រ​មកពី​ខេត្តតាកែវ ដែល​ត្រូវបាន​រោងចក្រ​បញ្ឈប់​តាំងពី​ឆ្នាំ​ ២០១៤ ​មក ក៏​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ដល់​គាត់​។

ពាក់ព័ន្ធ​ករណីនេះ ស៊ីខៅឌូ ធ្លាប់​បានដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ម្តង​រួចមកហើយ​កាលពី​ខែមករា ឆ្នាំ​ ២០២២ និង​មាន​មន្ត្រី​ចេញមក​ទទួល​ញត្តិ​ផងដែរ​។ លិខិត​លើកឡើង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​គួរឱ្យ​កត់សម្គាល់​លើ​សិទ្ធិ​ និង​លក្ខខណ្ឌ​ការងារ​មួយចំនួន​របស់​កម្មករ​និយោជិត​។

លើសពីនេះ​ជីវភាព​រស់នៅ និង​កិច្ច​គាំពារ​សង្គម​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​មួយចំនួន គឺ​មាន​ភាពប្រសើរឡើង​គួរឱ្យ​កត់សម្គាល់​ផងដែរ​។ ដោយឡែក​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្មករ​និយោជិត​កន្លងមក មាន​និយោជក​មួយចំនួន​បាន​រំលោភបំពាន និង​មិន​អនុវត្ត​ច្បាប់ ព្រមទាំង​បានធ្វើឱ្យ​វិវាទ​ការងារ​ជាប់គាំង​ជាច្រើន​ឆ្នាំ​។

លិខិត​បាន​បន្តថា​៖ «​ហេតុ​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​សេចក្ដី​អនុគ្រោះ​ដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ ដែល​ជាប់គាំង​ទាំង​ ២៣ ​រោងចក្រ​ឱ្យ​កម្មករ​ចូលធ្វើការ​វិញ និង​សង​រំឭក​ប្រាក់​ឈ្នួល​ព្រមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ [​ចាប់​ពីថ្ងៃ​បញ្ឈប់​] រហូតដល់​ថ្ងៃ​ចូលធ្វើការ​វិញ​»៕