ភ្នំពេញៈ ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ដ​វៀតណាម​បានប្រកាស​ប្ដេជ្ញាចិត្ត​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ និង​អនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ​កន្លងមក​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ឱ្យទទួល​ជោគជ័យ​។

នា​ថ្ងៃទី​ ២៧ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ឌិញ ទៀនហ្ស៊ុង (Dinh Tien Dung) សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ដ​វៀតណាម និង​ជា​លេខា​បក្ស​រដ្ឋធានី​ហាណូយ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បានបញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «[​លោក ឌិញ ទៀនហ្ស៊ុង​] ប្ដេជ្ញាចិត្ត​ពង្រឹង ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ​ដូចជា​ការពង្រីក​ពង្រឹង​មិត្តភាព និង​ការអនុវត្ត​ឱ្យទទួល​បាន​នូវ​ភាព​ជោគជ័យ​នូវ​រាល់​សេចក្តី​ថ្លែងការណ៍ ក៏​ដូចជា​កិច្ចព្រមព្រៀង​ទាំងឡាយ របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ ​ដែល​បាន​ព្រមព្រៀង​គ្នា​កន្លងមក​»​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៧ ខែមេសា​ថា វា​គឺជា​រឿង​ធម្មតា សម្រាប់​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​គឺ​តែងតែមាន​កិច្ចសហប្រតិបត្តិ​រវាង​ប្រទេស​ជិតខាង ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​។ ប៉ុន្តែ​ក្នុងនោះដែរ​មិនអាច​ឱ្យមាន​ការដាក់​សម្ពាធ ឬ​ការបង្ខិតបង្ខំ​ពី​ភាគី​ណាមួយ ដើម្បី​ធ្វើ​សកម្មភាព​ដែល​ប្រាសចាក​ពី​ផលប្រយោជន៍​ប្រជាជន​នៃ​ប្រទេស​នីមួយៗ​នោះទេ​។

លោក​ថ្លែងថា​៖ «​យើង​ចង់ឃើញ​ដែរ​ថា រាល់​កិច្ចព្រមព្រៀង​រាល់​សេចក្តី​ថ្លែងការណ៍​នានា​ដែល​ធ្វើឡើង គឺ​ដោយ​មានការ​គិតពី​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ ២ [​កម្ពុជា​-​វៀតណាម​]​។ មិនមែន​បានន័យថា ប្រទេស​វៀតណាម នឹង​កេង​យកតែ​ចំណេញ​ពី​កម្ពុជា​នោះទេ ត្រូវតែ​ផ្តល់​ផល​ប្រយោជន៍​ទៅវិញទៅមក សម្រាប់​កម្ពុជា​ដែរ មិនអាច​គ្រាន់តែ​ទាមទារ​ឱ្យ​កម្ពុជា​បំពេញ​នូវ​សេចក្តីត្រូវការ ឬក៏​ដំណោះស្រាយ​របស់ខ្លួន [​នោះទេ​]»​។

ជាមួយ​គ្នានេះ​ផងដែរ លោក ហ៊ុន សែន ​បានស្នើ​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម​រួមគ្នា​ជាមួយ​កម្ពុជា​កែប្រែ​អតីត​តំបន់​ប្រយុទ្ធ​គ្នា​ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ពិនិត្យមើល​អ្វីដែល​ប្រទេស​ទាំង ​២ អាចធ្វើ​ការរួម​គ្នា​បន្ត​ទៀត​បាន​នៅពេល​ខាងមុខ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា លោក ហ៊ុន សែន រីករាយ​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ដោយ​លោក​បាន​អះអាងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​ មានការ​កើនឡើង​លើស​ផែនការ​ ៥ ​ពាន់​លាន​ដុល្លារ​។ លោក​ថ្លែងថា​៖ «​តែ​ទោះជា​យ៉ាងនេះ​ក្តី យើង​ត្រូវតែ​ធ្វើការ​យកចិត្ត​ទុកដាក់​បន្ថែមទៀត ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការកែប្រែ​តំបន់​ដែល​ធ្លាប់ជា​តំបន់​ប្រយុទ្ធ​គ្នា​ឱ្យទៅជា​តំបន់​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ពាណិជ្ជកម្ម​បន្ថែមទៀត​រួមជាមួយ​នឹង​ការ​ពិនិត្យមើល​អ្វី ដែល​រដ្ឋធានី​ហាណូយ និង​រាជធានី​ភ្នំពេញ​អាច​ធ្វើការ​រួម​គ្នា​បន្ត​ទៀត​បាន​នៅពេល​ខាងមុខ​»​។

លោក ឌិញ ទៀនហ្ស៊ុង បាន​កោតសរសើរ​ចំពោះ​ការចាត់វិធានការ​ទប់ស្កាត់​ជំងឺ​កូវី​ ១៩ របស់​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​ភាពជោគជ័យ និង​បាន​ប្រាប់​លោក ហ៊ុន សែន អំពី​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ការទប់ស្កាត់​ជំងឺ​នេះ នៅ​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម ស្ថានភាព​សេដ្ឋកិច្ច និង​ទិសដៅ​អភិវឌ្ឍន៍​របស់​រដ្ឋធានី​ហាណូយ​។ នៅក្នុង​ជំនួប​ថ្ងៃទី​ ២៧ ខែមេសា នេះដែរ លោក​ ឌិញ ទៀន ហ្ស៊ុង បានស្នើ​លោក​ ហេង សំរិន​ប្រធានរដ្ឋសភា​កម្ពុជា​ជំរុញ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋសភា​នៃ​ប្រទេស​ទាំង ​២ ​បន្តទៀត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​នានា ដូចជា​ការកសាង​ច្បាប់ កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​នៅលើ​ឆាក​អន្តរជាតិ​។

សេចក្តី​ប្រកាស​ព័ត៌មាន​រដ្ឋសភា​កម្ពុជា បញ្ជាក់​នា​ថ្ងៃទី​ ២៧ ខែមេសា​ថា លោក ឌិញ ទៀន ហ្ស៊ុង ក៏បាន​លើកឡើង​អំពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហាណូយ​នាពេល​កន្លងមក និង​គម្រោង​ទៅ​ថ្ងៃ​អនាគត ក្នុង​ការលើក​កម្ពស់​ផលប្រយោជន៍​សម្រាប់​ប្រទេស​ និង​ប្រជាជន​ទាំងសងខាង​។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​ដកស្រង់​សម្ដី​លោក​ ហេង សំរិន ​ថា​៖ «​កិច្ចសហប្រតិបត្តិការ​នៅ​គ្រប់លំដាប់​ថ្នាក់​​នៃ​ប្រទេស​ទាំង​ ២ បង្ហាញ​នូវ​មនោសញ្ចេតនា​ដ៏ជ្រាលជ្រៅ​ក្នុងនាម​ជា​បងប្អូន និង​ជា​អ្នកជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង ដែលមាន​ប្រវត្តិ​តស៊ូ រួមសុខ រួមទុក្ខ​ជាមួយគ្នា​គ្រប់​កាលៈទេសៈ​»​។

លោក​បន្តថា​៖ «​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ ជិតស្និទ្ធ និង​ស៊ីជម្រៅ ទាំង​ក្នុង​ក្របខ័ណ្ឌ​បក្ស រដ្ឋ និង​ប្រជាជន ដោយ​ផ្អែកលើ​ស្មារតី​ភាតរភាព ស្និទ្ធស្នាល​ជឿទុកចិត្ត​គ្នា ដោយបាន​ផ្តល់​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា លោក​ ហេង សំរិន ​បាន​កោតសរសើរ​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ និង​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​ហាណូយ ដែល​បាន​សហការគ្នា​នាពេល​កន្លងមក​។ លោក​បាន​គាំទ្រ​ការផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការចែករំលែក​បទពិសោធ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​វឌ្ឍនភាព និង​ការរីកចម្រើន​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ហាណូយ និយាយ​ជារួម​គឺ​ដើម្បី​ការរីកចម្រើន​ធំធាត់​នៃ​ប្រទេស​ទាំង​ ២៕