ភ្នំពេញៈ ក្រុមការងារ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (CHRC) បាន​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស និង​សិទ្ធិ​អ្នក​ជាប់ឃុំ​ដល់​មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​អនុវត្ត​ច្បាប់ ក៏ដូចជា​ចុះទៅពិនិត្យ​ពី​ស្ថានភាព​ជន​ជាប់ឃុំ​ជាក់ស្តែង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ១-​ ម១ ហើយនឹង​បន្ត​ចុះ​ពិនិត្យ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ​ទូទាំងប្រទេស​ ដើម្បី​លើកស្ទួយ និង​កិច្ចការពារ​សិទ្ធិ​ជនជាប់ឃុំ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

អនុប្រធាន​ CHRC លោក ជិន ម៉ាលីន កាលពី​ថ្ងៃទី ​២៦ ខែមេសា បាន​ដឹកនាំ​ក្រុមការងារ ​CHRC ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្នុង​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​កិច្ចការ​លើកស្ទួយ​ និង​ការពារ​សិទ្ធិ​ជន​ជាប់ឃុំ ព្រមទាំង​បានធ្វើ​ការពិនិត្យ​ដោយផ្ទាល់ អំពី​ស្ថានភាព​ និង​ការរស់នៅ​របស់​ជន​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​ ១-​ ម១​។

លោក ជិន ម៉ាលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ មេសា​ថា បេសកកម្ម​របស់ CHRC គឺ​ត្រូវ​លើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ និង​ការត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​អ្នក​ជាប់ឃុំ​។

CHRC មាន​យន្តការ​ចំនួន​ ២ ​ទី​ ១ ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ពន្ធនាគារ​ និង​មណ្ឌល​អប់រំ​កែប្រែ ដែល​ត្រូវធ្វើ​ជាប្រចាំ​ជា​រៀងរាល់ឆ្នាំ និង​យន្តការ​ទី​ ២ ចុះ​ធ្វើការ​អង្កេត​ត្រួតពិនិត្យ និង​ដោះស្រាយ​តាម​ពាក្យបណ្តឹង​នៅតាម​ពន្ធនាគារ​។ លោក​ថា​៖ «​យើង​ចុះទៅ​ត្រួតពិនិត្យ គ្រប់​ពន្ធនាគារ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់ គ្រប់​រាជធានី​ខេត្ត តាម​កាលកំណត់ ក្នុង​ ១ ​ឆ្នាំ​ម្តង ឬ​លើសពីនេះ​ ដើម្បី​ពិនិត្យ​ស្ថានភាព​ផ្ទាល់ ការរស់នៅ​របស់​អ្នក​ជាប់ឃុំ ធ្វើការ​អប់រំ ផ្សព្វផ្សាយ​អំពី​ច្បាប់​សិទ្ធិមនុស្ស និង​សិទ្ធិ​អ្នក​ជាប់ឃុំ​ដល់​មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​អនុវត្ត​ច្បាប់​ដែល​ពាក់ព័ន្ធ និង​ពិនិត្យមើល​បញ្ហា​មួយចំនួន ក្រែង​មានការ​រំលោភសិទ្ធិ​អ្នក​ជាប់ឃុំ ឬ​អំពើ​ទារុណកម្ម​អ្វីមួយ​ ដើម្បី​ធ្វើការ​ដោះស្រាយ​»​។

លោក​បន្តថា ចំណែក​យន្តការ​មួយទៀត គឺ​ការចុះ​ត្រួតពិនិត្យ​ឆ្លើយតប​តាម​ពាក្យបណ្តឹង​នៅពេលដែល CHRC ទទួលបាន​ពាក្យបណ្តឹង​ពី​ជន​ជាប់ឃុំ​ពី​សាច់ញាតិ​ជន​ជាប់ឃុំ ពី​អង្គការ​សង្គម​ស៊ីវិល ឬ​អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​ពាក់ព័ន្ធ​សិទ្ធិ​អ្នក​ជាប់ឃុំ​។ លោក​បញ្ជាក់ថា​៖ «​បើ​ក្នុងករណី​ចាំបាច់ យើង​នឹង​ចុះ​ធ្វើការ​អង្កេត​ផ្ទាល់ និង​ស្វែងរក​ការពិត​ថា​តើ​មាន​បញ្ហា​កើតឡើង​ដូច​ការលើកឡើង​ក្នុង​បណ្តឹង​ឬ​អត់​? បើ​មាន​គឺ​យើង​នឹងធ្វើ​ការដោះស្រាយ​ការពារ លើកស្ទួយ​សិទ្ធិ​អ្នក​ជាប់ឃុំ​»​។

លោក ជិន ម៉ាលីន បានឱ្យដឹងថា ក្នុងជំនួប​នោះ លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​បញ្ហា​សិទ្ធិមនុស្ស តាមរយៈ​ការចុះ​ត្រួតពិនិត្យ​ជា​ប្រក្រតី​តាម​ការកំណត់ និង​ការចុះទៅ​ពិនិត្យ​តាម​បណ្តឹង ដើម្បី​ធ្វើការ​បង្ហាញ​នូវ​បញ្ហា​ទាំងអស់​នោះ​ជូន​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដើម្បី​ឱ្យ​គាត់​រៀបចំ​ជា​យន្តការ ក្នុង​ការកែសម្រួល និង​ត្រូវការ​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ​។ លោក​បន្តថា​៖ «​ហើយ​ការជួប​នេះ​ក៏បាន​ពិភាក្សា​រៀបចំ​យន្តការ​ធ្វើ​ម៉េច​ឱ្យ​កិច្ចសហប្រតិបត្តិការ​យើង​វា​កាន់តែ​ប្រសើរ​ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ពន្ធនាគារ​ផង និង​ធានាបាន​នូវ​ការលើកស្ទួយ និង​ការពារ​សិទ្ធិ​អ្នក​ជាប់ឃុំ ធ្វើ​ម៉េច​ឱ្យ​សិទ្ធិ​អ្នក​ជាប់ឃុំ​មាន​ភាពប្រសើរ​ឡើង​។

នាយករង​អង្គការសិទ្ធិមនុស្ស​លីកាដូ​លោក​ អំ សំអាត ​ជំរុញ​ឱ្យមាន​យន្តការ​ដោះស្រាយ​បញ្ហា​ជន​ជាប់ឃុំ​ដែលមាន​ភាព​ចង្អៀត​ណែន​ និង​ស្ថានភាព​រស់នៅ​របស់​ជន​ជាប់ឃុំ​ឱ្យមាន​ប្រសិទ្ធភាព​។

លោក​ថា​៖ «​អ្វីដែល​សំខាន់​គឺ​នៅត្រង់​យន្តការ​ក្នុងការ​ដោះស្រាយ​ទៅលើ​បញ្ហា​ដែល​បាន​កើនឡើង​នៅក្នុង​ពន្ធនាគារ​ដូចជា ស្ថានភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ និង​ស្ថានភាព​ផ្សេងទៀត​ដែលជា​ផល​លំបាក​របស់​ពន្ធនាគារ​ដូចជា បញ្ហា​អនាម័យ សុខភាព ខ្វះ​ទឹក ម្ហូបអាហារ ថ្នាំសង្កូវ នេះ​ជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​កាន់តែ​ប្រសើរ​»​។ លោក​បន្តថា ព្រោះ​កន្លងមក​ជន​ជាប់ឃុំ ឬ​អតីតជន​ជាប់ឃុំ ដែល​គាត់​ចេញមកក្រៅ​បានលើកឡើង​ពី​បញ្ហា​នៅ​ពន្ធនាគារ​ទាំងនោះ ដូច្នេះ​ភាគី​ពាក់ព័ន្ធ​គួរ​ត្រូវ​ពិចារណា​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ទាក់ទង​នឹង​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដែល​លោក​សង្កេតឃើញថា ពន្ធនាគារ​ទូទាំងប្រទេស មិនទាន់​មាន​ការដោះស្រាយបាន​នូវ​បញ្ហា​អនីតិជន​ដែល​កំពុង​ជាប់ឃុំ លាយឡំ​ជាមួយ​មនុស្សពេញវ័យ​។

យ៉ាងណាមិញ​លោក ​ជិន ម៉ាលីន ថ្លែងថា គោលបំណង​នៃ​ជំនួប​នោះ ក្រៅពី​លើក​បញ្ហា​ដែល​បាន​រកឃើញ ក៏​ដើម្បី​ទទួលយក​ពី​វឌ្ឍនភាព​ថ្មីៗ​ពី​ការកែទម្រង់​ពន្ធនាគារ​ពាក់ព័ន្ធ​អ្នកជាប់ឃុំ​ដើម្បី​ជា​មូលដ្ឋាន សម្រាប់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ធ្វើការ​ឆ្លើយតប​ទៅគ្រប់​ភាគី​ពាក់ព័ន្ធ ដៃគូ​ជាតិ អន្តរជាតិ សង្គម​ស៊ីវិល និង​អង្គការ​សហប្រជាជាតិ​ដែល​តែង​ធ្វើការ​ចោទប្រកាន់​ខុសពី​ការពិត​ជាក់ស្តែង​មួយចំនួន និង​ទទួល​ព័ត៌មាន​ខុស​មិន​ត្រឹមត្រូវ​ពី​អង្គការ​សង្គមស៊ីវិល​មួយចំនួន​ដែល​ធ្វើការ​មាន​និន្នាការ​នយោបាយ​នាពេល​កន្លងមក​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​ពី​លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បានទេ​ដោយ​លោក​ថា ជាប់រវល់​៕