ភ្នំពេញៈ ក្នុងជំនួប​ជាមួយ​លោក Lorenzo Galanti ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​ ២៦ ខែមេសា រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក​ ប្រាក់ សុខុន ស្នើឱ្យ​អ៊ីតាលី​ពង្រឹង​ និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ ហើយ​លោក​ក៏​បង្ហាញ​ការ​ជឿជាក់ថា ទំនាក់ទំនង​ទ្វេភាគី​នេះ​នឹង​បន្ត​រីកលូតលាស់​ជា​លំដាប់​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​នា​ថ្ងៃទី​ ២៦ ខែមេសា ថា​៖ «[​លោក​ប្រាក់ សុខុន​] បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​យូរលង់​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​អ៊ីតាលី និង​បាន​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​»​។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​រដ្ឋាភិបាល​អ៊ីតាលី​បាន​ផ្តល់​អំណោយ​វ៉ាក់សាំង​អាស្ត្រាហ្សេនេកា (Astra Zeneca) ជាង​ ១,៥​ លាន​ដូស​ដល់​កម្ពុជា​ដែល​ត្រូវបាន​រៀបចំ​ពិធី​ទទួល​ផ្ទាល់ ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក​ ប្រាក់ សុខុន ចាត់ទុក​ជំនួយ​នេះ​គឺជា​ការបង្ហាញ​ពី​សាមគ្គីភាព​ជា​សកល ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បាន​រំឭក​ប្រាប់​លោក Lorenzo ថា កាលពី​ដើម​ឆ្នាំ​ ២០២០ កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍ Westerdam ដែល​ត្រូវបាន​បដិសេធ​ការចូល​ចត​ដោយ​ប្រទេស​មួយចំនួន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ក្នុងអំឡុងពេល​មានការ​ចាប់ផ្តើម​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​ប្រមុខ​ការទូត​បាន​លើកឡើងថា កម្ពុជា​កន្លងមក​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង និង​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​របស់​កម្ពុជា​ទៅ​ប្រទេស​មួយចំនួន​រួមមាន ប្រទេស​មីយ៉ាន់ម៉ា ឡាវ វៀតណាម នេប៉ាល់ និង​ទីម័រ​ខាងកើត ជាដើម និង​បាន​បញ្ជូន​កងកម្លាំង​កម្ពុជា​ជាង​ ៨​ ពាន់នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅតាម​ប្រទេស​មួយចំនួន​។

អ៊ីតាលី​កន្លងមក ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌ ក្រោម​ក្របខ័ណ្ឌ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការបណ្តុះបណ្តាល​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​បុរាណ​ខ្មែរ​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាងថា ឯកអគ្គរដ្ឋទូត​អ៊ីតាលី​រូបនេះ​បាន​កោតសរសើរ ចំពោះ​លទ្ធផល​ «​ដ៏ល្អប្រសើរ​» នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​កម្ពុជា​។ លោក​ក៏បាន​ថ្លែងអំណរគុណ​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ជនជាតិ​អ៊ីតាលី ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​និង​ការផ្តល់​នូវ​កិច្ចសហការ «​ដ៏ល្អ​» របស់​ក្រសួង​ការបរទេស​កម្ពុជា​ដល់​លោក​ក្នុងការ​បំពេញភារកិច្ច​របស់លោក​។

លោក​ ប្រាក់ សុខុន បាន​រាយការណ៍​ប្រាប់​លោក Lorenzo អំពី​សភាពការណ៍ និង​ការ​ប្រឈម​ជាក់ស្តែង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដែលជា​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​ ១ របស់លោក​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា​។ ជំហាន​បន្ទាប់​គឺ​ស្ថិតក្នុង​ការជំរុញ​ការអនុវត្ត​ការឯកភាព​ជា​ឯកច្ឆន្ទ​ ៥ ​ចំណុច​ (​កុងសង់ស៊ីស​) របស់​មេដឹកនាំ​អាស៊ាន​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា លោក Lorenzo បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​គំនិត​ផ្តួចផ្តើម​របស់លោក ហ៊ុន សែន ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន និង​ការខិតខំ​របស់លោក ប្រាក់ សុខុន ក្នុងនាម​ជា​ប្រេសិត​ពិសេស​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ចាក់ស្រេះ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​។ លោក Loren-zo សម្តែង​នូវ​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​ចំពោះ​វិបត្តិ​មីយ៉ាន់ម៉ា​នាពេល​ខាងមុខ​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តោត​ការយក​ចិត្ត​ទុកដាក់​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​លើ​បញ្ហា​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កម្ពុជា​ផងដែរ​ដែល​បាន​គាំទ្រ​អ៊ីតាលី​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​»​។

ប្រភព​ដដែល​បន្តទៀត​ថា​៖ «​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី [​លោក​ ប្រាក់ សុខុន​] បាន​ថ្លែង​អំណរគុណ​ចំពោះ​អ៊ីតាលី​ដែល​បាន​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ហើយ​ដែលជា​ការឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អះអាង​ជាថ្មី​នូវ​ការបន្ត​គាំទ្រ និង​ជួយឧបត្ថម្ភ​របស់​ប្រទេស​អ៊ីតាលី​ចំពោះ​មជ្ឈមណ្ឌល ARMAC នេះ​»​។

លោក Lorenzo ថ្លែងថា អ៊ីតាលី​បានដាក់​បេក្ខភាព​អ៊ីតាលី​ជា​ប្រទេស​រៀបចំ World Expo 2030 ព្រមទាំង​បានស្នើ​សុំ​ការគាំទ្រ​ពី​កម្ពុជា ដែល​កម្ពុជា​កន្លងមក​ក៏​ធ្លាប់បាន​គាំទ្រ​បេក្ខភាព​របស់​អ៊ីតាលី​ក្នុង​ស្ថាប័ន​ជំនាញ​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ​។

លោក​ ប្រាក់ សុខុន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក បន្ទាប់ពី​បញ្ចប់​ជំនួប​នេះ​ថា​៖ «​ខ្ញុំ​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អ៊ីតាលី និង​ឯកឧត្តម​ផ្ទាល់​ [​លោក Lo-renzo] ដែល​បាន​បន្ត​ជួយ​គាំទ្រ​កម្ពុជា ជាពិសេស​តាមរយៈ​គម្រោង​នានា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​ជំនួយ​ជា​វ៉ាក់សាំង​ដល់​កម្ពុជា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ នាពេលនេះ​។ ជាមួយនឹង​ការប្តេជ្ញាចិត្ត និង​ទស្សនវិស័យ​រួមគ្នា ខ្ញុំ​ជឿជាក់​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​យើង​ទាំង​ ២ ​នឹង​បន្ត​រីកលូតលាស់​ជា​លំដាប់​»​។

លោក​ ហេង គីមគង់ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី​ ២៧ មេសា​ថា ដើម្បី​ពន្លឿន ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ​១៩ កម្ពុជា​ចាំបាច់​ត្រូវការ​ការគាំទ្រ​ពី​គ្រប់​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​។

លោក​ គីមគង់​ បាន​ថ្លែងថា​៖ «​ដូច្នេះ កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​បណ្តា​ប្រទេស​នានា រួមមាន​អ៊ីតាលី ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​កូវីដ​ ១៩​ របស់ខ្លួន​ដល់​កម្ពុជា​ថ្មីៗ​នេះ​»៕