
ទេសភាពធម្មជាតិក្នុងតំបន់អភិវឌ្ឍន៍ទិសដៅទេសចរណ៍។ រូបថត Non-Timber Forests Exchange Program Cambodia
ស្ទឹងត្រែងៈ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងអង្គការដៃគូបានកំពុងធ្វើការអភិវឌ្ឍ ទីតាំងតំបន់ភ្នំជម្រកសត្វ នៅក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ដើម្បីផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋ រួមចំណែកក្នុងការការពារធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្ត។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងថ្លែងនៅថ្ងៃទី ២៧ ខែមេសាថា ការអភិវឌ្ឍតំបន់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វនេះក្នុងគោលបំណង ដើម្បីផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋនៅតំបន់នោះអាចរកចំណូលបានតាមរយៈសេវាកម្មទេសចរណ៍ ក៏ដូចជារួមចំណែកក្នុងការការពារធនធានធម្មជាតិ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកបន្តថា បច្ចុប្បន្ននៅតំបន់ភ្នំជម្រកសត្វមានរៀបចំសេវាកម្មមួយចំនួនរួចហើយសម្រាប់ត្រៀមបម្រើដល់ភ្ញៀវទេសចរមកលេងកម្សាន្ត។ ក្នុងនោះមានដូចជា សេវាកម្មមគ្គុទេសក៍ទេសចរណ៍នាំភ្ញៀវ ដើរកម្សាន្តព្រៃ និងតំបន់ភ្នំ សេវាកម្មម្ហូបអាហារ និងសេវាកម្មផ្សារភ្ជាប់កសិទេសចរណ៍ក្នុងតំបន់ជុំវិញផងដែរ។ នៅទីនោះមាន ដើមឈើធំៗ សត្វព្រៃ ល្អាងថ្មដូចរូបចម្លាក់ រូងប្រចៀវ ល្អាងជួបស្នេហ៍ ល្អាងថែអូន និងល្អាងជួបបង ជាដើមគួរជាទីទាក់ទាញ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបញ្ជាក់ថា ជាផែនការបន្តក្រុមការងារគ្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងតំបន់នោះដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក អ៊ន ប៉ោសឿន បានថ្លែងថា៖ «យើងរៀបចំជារមណីយដ្ឋានទេសចរណ៍គំរូ សហគមន៍អេកូទេសចរណ៍គំរូ ដែលយើងនឹងរៀបចំឱ្យមានបន្ទប់ទឹកសម្រាប់ភ្ញៀវទៅលេងកម្សាន្ត រៀបចំឱ្យមានកន្លែងបោះជំរំ ទស្សនាទេសភាពស្អាតៗពីលើកំពូលភ្នំ ពិសេសយើងកំពុងតែស្វែងរកការចូលរួមពីគ្រប់ភាគីទាំងអស់ រួមគ្នាធ្វើដើម្បីឱ្យមានការរីកចម្រើនក្នុងសហគមន៍នោះបន្ថែមទៀត»។
លោក អ៊ន ប៉ោសឿន ប្រាប់ថា ដើម្បីឱ្យការបម្រើសេវាទេសចរណ៍នៅទីនោះកាន់តែល្អប្រសើរមន្ទីរទេសចរណ៍គ្រោងនឹងធ្វើការបណ្តុះណ្តាលជំនាញក្នុងការបោះតង់រៀបចំកន្លែងស្នាក់នៅក្នុងព្រៃសហគមន៍ បណ្តុះបណ្តាលជំនាញចុងភៅព្រៃ ដើម្បីឱ្យសហគមន៍ចេះធ្វើម្ហូបជាលក្ខណៈប្រចាំតំបន់ សំដៅងាយស្រួលក្នុងការផ្តល់សេវាកម្មជូនភ្ញៀវទេសចរ។
លោកថ្លែងថា៖ «ក្នុងការផ្តួចផ្តើមជាជំហានៗនេះ យើងមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងតំបន់នោះនៅមានតិច បច្ចុប្បន្នមានតែ ៤០ គ្រួសារប៉ុណ្ណោះបានទទួលផលពីសេវាកម្មទេសចរណ៍ដែលមាន និងដោយប្រយោល ប៉ុន្តែជាផែនការ យើងមិនផ្តោតតែលើចំនួនប៉ុណ្ណឹងទេ ព្រោះយើងផ្តល់ឱកាសដល់អ្នកចាប់អារម្មណ៍ក្នុងវិស័យទេសចរណ៍អាចចូលរួមបានទាំងប្រយោល និងផ្ទាល់» ។
លោកប្រធានមន្ទីរទេសចរណ៍រូបនេះបានឱ្យដឹងថា ព្រៃសហគមន៍ ភ្នំជម្រកសត្វ មានផ្ទៃដីជាង ៤ ០០០ ហិកតាពោរពេញទៅដោយសក្តានុពលជាច្រើន ប៉ុន្តែការរៀបចំកែច្នៃតំបន់នោះឱ្យមានភាពទាក់ទាញគឺធ្វើតែលើផ្នែកណាសមរម្យសម្រាប់ការរៀបចំ កែប្រែប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើងកែច្នៃនៅកន្លែងផ្ទៃដីណាទំនេរ ឬក៏ផ្ទៃដីមួយផ្នែកតូច ដើម្បីរៀបចំជាសេវាកម្មទេសចរណ៍ យើងមិនអាចប្រើដីទាំងអស់ទេ តំបន់នោះជាសហគមន៍ព្រៃឈើ អ៊ីចឹងយើងកែច្នៃក្នុងតំបន់ហ្នឹងឱ្យក្លាយជាសហគមន៍ទេសចរណ៍ មានសេវាល្អដើម្បីទាញជាប្រយោជន៍ដល់សហគមន៍ក្នុងតំបន់»។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចសហគមន៍ ទេសចរណ៍តាមដងទន្លេមេគង្គលើនៅថ្ងៃទី ២៦ ខែមេសា លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសកម្ពុជានៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើហៅកាត់ថា NTFP EP បញ្ជាក់ថា សក្តានុពលនៅតំបន់ភ្នំនេះអាចរៀបចំធ្វើឱ្យភ្ញៀវពេញចិត្តបានព្រោះអ្វីៗនៅមានស្ថានភាពដើមដែលជាធនធានបម្រើឱ្យវិស័យទេសចរណ៍បានល្អប្រសើរ។ លោកថា អង្គការដៃគូគាំទ្រផ្នែកថវិកាទៅតាមជំហានៗដោយទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វ៊ីស និងស៊ុយអែត ដើម្បីបើកកិច្ចសហការគ្នាធ្វើឡើងក្នុងរយៈពេល ២ ឆ្នាំបន្តទៀត។
លោកថ្លែងថា៖ «កិច្ចការងារនេះសូមឯកភាពជាមួយមន្ទីរទេសចរណ៍ និងអាជ្ញាធរនៅមូលដ្ឋានសហការក្នុងការរៀបចំតំបន់រមណីយដ្ឋានធម្មជាតិនៅភ្នំជម្រកសត្វនេះឱ្យបានឆាប់ទៅតាមស្តង់ដានៃគម្រោងប្លង់មេរបស់មន្ទីរទេសចរណ៍ ដែលមានស្រាប់រៀបចំជាល្អាងប្រចៀវ ល្អាងអូនបង ល្អាងភ្ជាប់និស្ស័យ ល្អាងលោកសិង ល្អាងសត្វអន្សង ល្អាងឥសីសំណាក់ធម៌ និងទីតាំងបួងសួងលោកតាភឹមជាដើម»។
លោក ញាន ផុន ប្រធានសហគមន៍ភ្នំជម្រកសត្វក្នុងខេត្តស្ទឹងត្រែង ថ្លែងថា ប្រជាសហគមន៍មានការសប្បាយរីករាយនៅពេលដឹងថា ទីតាំងតំបន់ភ្នំជម្រកសត្វនឹងត្រូវរៀបចំអភិវឌ្ឍឱ្យមានសេវាកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរ ហើយសហគមន៍ត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសហការរៀបចំ និងថែរក្សាអភិរក្សឱ្យបាន ល្អ។ លោកថ្លែងថា៖ «ប្រជាសហគមន៍ចង់បានការអភិវឌ្ឍតំបន់នេះយូរមកហើយតែពុំមានលទ្ធភាព ពេលនេះបានមន្ទីរទេសចរណ៍ និងអង្គការដៃគូមានផែនការជាក់លាក់រៀបចំប្រជាសហគមន៍រីករាយ និងចូលរួម ដើម្បីសហការរៀបចំអភិវឌ្ឍតំបន់អេកូទេសចរណ៍ឱ្យមានភាពរីកចម្រើនទៅបានឆាប់រហ័ស»៕