
គ្រឿងចក្រកំពុងជីកស្តារប្រឡាយនៅស្រុកគាស់ក្រឡពីថ្ងៃ ទី ២៥ មេសា។ រូបថត រដ្ឋបាលស្រុកគាស់ក្រឡ
បាត់ដំបងៈ រដ្ឋបាលស្រុកគាស់ក្រឡ កំពុងបន្តអនុវត្តគម្រោងស្តារប្រឡាយ និងអូរ នៅ ៤ ទីតាំង ដែលមានប្រវែងសរុប ១១ គីឡូម៉ែត្រ ក្នុងរយៈពេល ៣ ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ ២០២០ មកដល់ឆ្នាំ ២០២២ នេះ ដើម្បីផ្តល់ទឹកសម្រាប់ស្រោចស្រព ស្រូវស្រែ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ។
លោក ច្រែង សុជាតិ នាយករដ្ឋបាលស្រុកគាស់ក្រឡ ថ្លែងនៅថ្ងៃទី ២៦ មេសាថា គម្រោងនៃការស្តារប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋបាលស្រុកគាស់ក្រឡធ្វើឡើងបន្ទាប់ពីបានជួបគ្រោះមហន្តរាយទឹកជំនន់តាំងពីឆ្នាំ ២០២០ មក។ ការស្តារឡើងវិញនេះ គឺដើម្បីដោះស្រាយការប្រើប្រាស់ទឹកជាលក្ខណៈសង្គ្រោះបឋម ក្នុងការការពារក្រែងមានកូនរដូវប្រាំងនៅក្នុងរដូវវស្សា ព្រមទាំងដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ប្រចាំថ្ងៃ មានការចិញ្ចឹមសត្វក៏ដូចជាស្រោចស្រពដំណាំរួមផ្សំផ្សេងៗ ផងដែរ។ លោកថ្លែងថា៖ «មួយវិញទៀតពាក់ព័ន្ធប្រជាពលរដ្ឋដែលទទួលផល គឺនៅតាមបណ្តាឃុំទាំង ៦ ហ្នឹងប្រឡាយយើងមិនមែនជាទ្រង់ទ្រាយធំអ្វីនោះទេ ប៉ុន្តែអាចជួយសម្រាល ឬផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាកសិករ»។
លោក ច្រែង សុជាតិ ឱ្យដឹងថា ចាប់ពីឆ្នាំ ២០២០ មកដល់ឆ្នាំ ២០២២ នេះរដ្ឋបាលស្រុកគាស់ក្រឡបានស្តារអូរ និងប្រឡាយទឹក ៤ កន្លែងផ្សេងគ្នា មានប្រវែងសរុប ១១ គីឡូម៉ែត្រ។ គម្រោងឆ្នាំ ២០២០ បានធ្វើការស្តារអូរ ១ ខ្សែប្រវែង ២ ៥០០ ម៉ែត្រ បាត ៣ ម៉ែត្រ ជម្រៅមធ្យម ១,៧០ ម៉ែត្រ និងបានជួសជុលសំណង់ បង្ហៀរទឹក នៅឃុំគាស់ក្រឡ និងឃុំដូនបា។ ជាមួយគ្នានោះរដ្ឋបាលស្រុកក៏បានអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងអាមេ ១ ខ្សែ ប្រវែង ២៥០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ នៅភូមិរ៉ា ឃុំធិបតីផងដែរ។
ដោយឡែកគម្រោងឆ្នាំ ២០២១ រដ្ឋបាលស្រុកគាស់ក្រឡ បានធ្វើការស្តារប្រឡាយ ១ ខ្សែប្រវែង ៤ ៥០០ ម៉ែត្រ ដែលមានបាត ១,៥ ម៉ែត្រ ជម្រៅមធ្យម ២,៧០ ម៉ែត្រ ដាក់លូភ្លោះ ១ កន្លែង នៅភូមិតាទួត ឃុំព្រះផុស និង ស្ថាបនាសំណង់លូបង្ហៀរទឹក ១ កន្លែងប្រវែង ២០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ នៅភូមិសំរោង ឃុំឆ្នាល់មាន់។
ចំណែកគម្រោងឆ្នាំ ២០២២ នេះវិញកំពុងជួសជុលផ្លូវគ្រួសធម្មជាតិ ១ ខ្សែប្រែង ៣ ៣០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងដាក់លូជ្រុងទោល ១ កន្លែងនៅភូមិសំរោង ឃុំឆ្នាល់មាន់ ។ ស្តារប្រឡាយដី ១ ខ្សែប្រវែង ២ ០០០ ម៉ែត្រ មានបាត ១,៥០ ម៉ែត្រ ជម្រៅមធ្យម ១,៧០ ម៉ែត្រ នៅភូមិដូនបា ឃុំដូនបា ជាគម្រោងមូលនិធិស្រុក និងស្តារប្រឡាយប្រវែង ២ គីឡូម៉ែត្រទៀត ដែលមានផ្ទៃខាងលើ ៨ ម៉ែត្រជម្រៅ ៤ ម៉ែត្រ ជាជំនួយឧបត្ថម្ភរបស់អង្គការមនុស្សចាស់កម្ពុជានៅភូមិបន្ទាយចារ។ គម្រោងស្តារប្រឡាយទាំងអស់នេះអាចមានទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីប្រមាណពី ៤០០ ទៅ ៥០០ ហិកតា ។
លោក ចៅ ជាតិ ស្មៀនឃុំដូនបាថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៦ មេសា ថា ការស្តារប្រឡាយក្នុងឆ្នាំ ២០២២ នេះ ទើបតែចាប់ផ្តើមធ្វើនៅថ្ងៃទី ២៥ មេសា។ ក្នុងការរៀបចំស្តារនេះលោក អេង សុងហេង អនុប្រធានអង្គភាពលទ្ធកម្មស្រុក តំណាងលោក ញឹក សារ៉ែន អភិបាលនៃគណៈអភិបាលស្រុកគាស់ក្រឡបានចូលរួមពិធីសែនសុំម្ចាស់ទឹកម្ចាស់ដីបើកការដ្ឋានគម្រោងស្តារប្រឡាយដី ១ ខ្សែមានប្រវែង ២ ០០០ ម៉ែត្រ នៅភូមិដូនបា។ គម្រោងនេះ អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ។
លោកបញ្ជាក់ថា៖ «ការស្តារប្រឡាយនេះអាចធ្វើរួចក្នុងពេលឆាប់ៗនេះហើយ ដោយសារពេលនេះកំពុងធ្វើការស្តារ។ ប្រឡាយនេះជាប្រឡាយចាស់ពីដើម វារាក់អស់ ទឹកហូរអត់កើតអ៊ីចឹងឥឡូវគេកំពុងស្តារពង្រីកជីកឱ្យជ្រៅ ហើយការធ្វើនេះមិនមានការប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ ទោះមានពលរដ្ឋខ្លះសង់របងលើប្រឡាយតិចតួច ប៉ុន្តែអាជ្ញាធរបានសម្របសម្រួលរួចអស់ហើយ»៕
វីដេអូ៖