កំពង់ធំៈ ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​ម្នាក់ និង​ម្តាយ​បាន​លង់ទឹក​រណ្តៅ​ដី​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ខណៈ​ទៅ​ឃ្វាលគោ​ហើយ​ចុះ​ងូតទឹក ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​ត្បូង​ក្រពើ ឃុំ កកោះ ស្រុក​សន្ទុក កាលពី​រសៀល​ថ្ងៃទី​ ២៦ មេសា​។

លោក ប៊ិត ប៊ុនភឿន នាយនគរបាល​ប៉ុស្តិ៍​កកោះ​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ មេសា ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ ហែម យាទ អាយុ ៤១ ​ឆ្នាំ​ត្រូវជា​ម្តាយបង្កើត​របស់​ក្មេងស្រី​រងគ្រោះ ឈ្មោះ ផាត ស៊ីណាត អាយុ​ ១៣ ​ឆ្នាំ​រៀន​ថ្នាក់​ទី​ ៦​។ ពួកគេ​រស់នៅ​ភូមិ​ជ័យជំនះ ឃុំ កកោះ ស្រុក​សន្ទុក​។

លោក​ថ្លែងថា​៖ «​កន្លែង​ជនរងគ្រោះ​លង់ទឹក​នោះ ជា​រណ្តៅ​ដែល​គេ​ជីក​យក​អាចម៍ដី និង​មាន​ជម្រៅ​ប្រហែល​ ៣ ​ម៉ែត្រ​។ ពួកគេ​ចុះ​ងូតទឹក​ប្រហែលជា​កូន​គាត់​រអិល​ជើង​ធ្លាក់​ទៅ​កន្លែង​ទឹក​ជ្រៅ​ហើយ​ម្តាយ​ទៅ​ជួយ​»​។

លោក ប៊ុនភឿន បន្ត​តាម​សម្តី​អ្នកភូមិ​ថា ស្ត្រី​រងគ្រោះ​មាន​ប្តី និង​មានកូន​ចំនួន ​៤ ​នាក់ ប្រុស​ ៣​ នាក់ និង​ស្រី​ម្នាក់​ (​ក្មេង​រងគ្រោះ​) ​ហើយ​នាង​ជា​កូនពៅ​។ ប៉ុន្តែ​គ្រួសារ​មួយ​នេះ ដោយ​ជីវភាព​ក្រីក្រ និង​ប្តី​មាន​ជំងឺ​ផង​នោះបាន​លក់​ដីស្រែ​ដី​ភូមិ​អស់ ហើយ​ដើរ​រស់នៅ​ជាមួយ​បងប្អូន​។ នៅ​ថ្ងៃកើតហេតុ​នោះ​មាន​ស្ត្រី​រងគ្រោះ និង​កូនស្រី​រួមទាំង​កូនស្រី​របស់​អ្នកភូមិ​ម្នាក់​ផង បាន​ទៅ​ឃ្វាលគោ​ជាមួយគ្នា​។

លោក​បន្ថែមថា លុះ​ប្រហែលជា​វេលា​ម៉ោង​ ២​ រសៀល ថ្ងៃទី​ ២៦ មេសា ស្ត្រី​រងគ្រោះ និង​កូន​របស់​គាត់​បាន​ចុះ​ងូតទឹក​នៅ​ជើង​រណ្តៅ​ដី​នោះ​។ ចំណែក​ក្មេងស្រី​ម្នាក់ទៀត​នៅលើ​គោក​ឆ្ងាយ​ពី​ជនរងគ្រោះ​។

មួយសន្ទុះ​ក្រោយមក​ក្មេងស្រី​ដែល​នៅលើ​គោក​នោះ ឃើញ​ស្ត្រី​រងគ្រោះ​លិចអណ្តែតៗ​ក្នុង​ទឹក តែ​គេ​មិនឃើញ​កូន​របស់​ស្ត្រី​រងគ្រោះ​ទេ ហើយ​ក្មេងស្រី​រូបនោះ​បាន​រត់​ទៅប្រាប់​អ្នកភូមិ​ដែលមាន​ចម្ងាយ​ប្រហែល​ ៣ ​គីឡូម៉ែត្រ​។ បើតាម​លោក ប៊ុនភឿន បន្ទាប់មក​អ្នកភូមិ​បាននាំគ្នា​ទៅ​ជួយ​ស្ត្រី​រងគ្រោះ និង​កូន​ស្រី ប៉ុន្តែ​ពេល​អ្នកភូមិ​ទៅដល់​កន្លែងកើតហេតុ​នោះ ជន​រងគ្រោះ​ទាំង​ ២​ នាក់​ម្តាយកូន​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។ នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យឃើញថា ឧប្បត្តិ​ហេតុនេះ ដំបូង​អាច​កូន​របស់​ស្ត្រី​រងគ្រោះ រអិល​ជើង​ធ្លាក់ចូល​ក្នុង​ទឹក​ជ្រៅ​ហើយ​ស្ត្រី​រងគ្រោះ​បាន​ចុះទៅ​ជួយ​កូន​តែ​ប្រហែល​ផុត​ជើង​ពី​ដី​។

លោក ផ្លោក គាំ មេភូមិ​ជ័យជំនះ​បាន​និយាយ​នៅ​ថ្ងៃទី​ ២៧​ មេសា ថា សព​ស្ត្រី​រងគ្រោះ និង​កូនស្រី​ត្រូវបាន​បូជា​ម្នាក់​ម្តងៗ នៅ​ថ្ងៃទី​ ២៧ ខែមេសា ហើយ​អាជ្ញាធរ​ខេត្តកំពង់ធំ និង​អាជ្ញាធរ​ស្រុក​សន្ទុក​បាន​ជួយ​ជា​អង្ករ ១ ​ការុង​ទម្ងន់​ ៥០ ​គីឡូក្រាម និង​គ្រឿង​ហូប​មួយចំនួន​ដល់​សាច់ញាតិ​ជនរងគ្រោះ​។ លោក​ថា​៖ «​ស្ត្រី​រងគ្រោះ និង​កូន បើ​ជួយ​ក៏​ជួយសង្គ្រោះ​មិនទាន់​ដែរ​ព្រោះ​ទីតាំង​កើតហេតុ មក​ភូមិ​ជ័យជំនះ មាន​ចម្ងាយ​ប្រហែល​ ៣ ​គីឡូម៉ែត្រ​ឯណោះ​ទម្រាំ​ទៅដល់​ជួយ​មិនទាន់​ទេ​»៕