
រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ជួន ណារ៉ុន ថ្លែងក្នុងសន្និបាតបូកសរុបការងារអប់រំ នាថ្ងៃទី២៧ មេសា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បង្ហាញអាទិភាពកំណែទម្រង់អប់រំចំនួន៨ចំណុច ក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំនេះ ដែលដំណាក់កាលនៃកំណែទម្រង់នេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោក ហង់ជួន ណារ៉ុន បានលើកឡើងពីអាទិភាពកំណែទម្រង់អប់រំបែបនេះ ពេលថ្លែងសុន្ទរកថាក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅឆ្នាំសិក្សា ២០២១-២០២២ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
អាទិភាពកំណែទម្រង់ទាំង ៨ ចំណុចនោះ រួមមាន ទី១ ការកសាងប្រព័ន្ធនិងការអភិវឌ្ឍសមត្ថភាព ទី២ កំណែទម្រង់សាលារៀន ទី៣ ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍២១ ទី៤ ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី៥ ការអប់រំឌីជីថលបន្តលើកកម្ពស់ការអប់រំឌីជីថល ទី៦ កំណែទម្រង់សាលាគរុកោសល្យ ទី៧ ការលើកកម្ពស់សុខភាពសិក្សា និងទី៨ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា។
លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គសន្និបាតអប់រំនេះ ដែលទទួលបានសមិទ្ធផលគួរជាទីមោទនៈលើការងារអប់រំ ការអភិវឌ្ឍយុវជន ការអប់រំកាយ និងកីឡាជាមួយកម្មវិធីកែទម្រង់អប់រំស៊ីជម្រៅ៨ចំណុចស្របតាមបរិការណ៍ថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក។ ជាពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមគន្លងប្រក្រតីភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងបច្ចុប្បន្មនិងអនាគត។
លោកហ៊ុន សែន ថ្លែងថា៖«ខ្ញុំពិតជាមានមោទនភាពចំពោះក្រសួងអប់រំ ដែលបានធ្វើកិច្ចសហការជិតស្និទ្ធជាមួយថ្នាក់ដឹកនាំ បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា សហគមន៍ និងឤជ្ញាធរដែនដី ក្នុងការស្តារ និងអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើនស្របតាមតួនាទីភារកិច្ចរៀងៗខ្លួនជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់»។
លោកហង់ជួន ណារ៉ុន ថ្លែងថា៖«ក្នុងឆ្នាំ២០២២នេះ សន្និបាតអប់រំ បានសម្រេចដាក់ចេញវិធានការកែទម្រង់វិស័យអប់រំដំណាក់កាលទី៣ គឺការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពដោយដាក់ឱ្យអនុវត្ដអភិក្រមស្ដីពីការគ្រប់គ្រងផ្ដោតលើលទ្ធផល ឆ្ពោះទៅរកការដោះស្រាយបញ្ហាជាលក្ខណៈប្រព័ន្ធ និងតាមបែបអនុវិស័យ ការពង្រឹងប្រព័ន្ធគ្រប់គ្រងអប់រំ ដោយត្រូវរួមបញ្ចូលគ្នានូវការពិនិត្យឡើងវិញមុខងារ និងភារកិច្ច ការរៀបចំផែនការប្រចាំឆ្នាំ ការអនុវត្ដគន្លងអាជីព ការអភិវឌ្ឍសមត្ថភាព និងការពិនិត្យតាមដាននិងវាយតម្លៃ»។
លោកក៏បានបង្ហាញ អាទិភាពកំណែទម្រង់នីមួយៗផងដែរ។ ទី១ «ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព» ដោយក្រសួងអប់រំបានដាក់ឱ្យអនុវត្តអភិក្រមស្តីពីការគ្រប់គ្រងផ្ដោតលើលទ្ធផល តាមរយៈការបង្កើតយន្តការគ្រប់គ្រង និងបែងចែកធាតុចូល ដែលមានគុណភាព និងតម្រង់ទៅរកលទ្ធផល។ ជាពិសេសធាតុចូលដែលគាំទ្រដល់ការបង្កើនលទ្ធផលសិក្សារបស់សិស្ស និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានគុណភាពល្អ និងភាពជាពលរដ្ឋល្អ។
អាទិភាពកំណែទម្រង់ទី២«កំណែទម្រង់សាលារៀន» ក្នុងឆ្នាំ២០១៧ សន្និបាតអប់រំបានដាក់ចេញនូវវិធានការកំណែទម្រង់វិស័យអប់រំ ដំណាក់កាលទី២ គឺកំណែទម្រង់សាលារៀន ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ក្រសួងបានសាកល្បងអនុវត្តកំណែទម្រង់សាលារៀនដោយបានបង្កើតនូវគំរូកំណែទម្រង់ចំនួន២ គឺ ទី១ ការបង្កើតសាលារៀនជំនាន់ថ្មី ចំណែកទី២ ការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព(SBM)។
អាទិភាពទី៣ «ការអភិវឌ្ឍយុវជនដើម្បីលើកកម្ពស់បំណិនសតវត្សរ៍២១» ក្រសួងបង្កើតកម្មវិធីអភិវឌ្ឈយុវជនទាំងបំណិនរឹង និងបំណិនទន់ដោយផ្តោតលើបំណិនសតវត្សរ៍ទី២១ និងលើកកម្ពស់ ភាពជាអ្នកដឹកនាំ រួមមាន ការបណ្ដុះបណ្ដាលយុវជនឱ្យចូលរួមដោះស្រាយបញ្ហារួមរបស់ប្រទេសជាតិ។ ផ្ដល់ឱកាសឱ្យយុវជន បញ្ចេញគំនិតយោបល់ បង្ហាញទេពកោសល្យ ដើម្បីបង្កើតសង្គមពុទ្ធិ និងស្វែងរកសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា។ បង្កើតជាថ្នាលសម្រាប់យុវជនហាត់ការឱ្យរឹងមាំ មានភាពចាស់ទុំនៃគំនិត និងចេះគិតយ៉ាងហ្មត់ចត់ ដោយបើកទូលាយដល់គ្រប់សាលារៀនទាំងអស់។
អាទិភាពទី៤ «ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» ក្រសួងបានបង្កើនចំនួន និងទាក់ទាញសិស្សនៅមធ្យមសិក្សា និងឧត្តមសិក្សាឱ្យចូលរៀនផ្នែកវិទ្យាសាស្ត ដោយបង្កើនចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម និងបង្កើនម៉ោងបង្រៀន និងការបង្រៀនផ្តោតលើមេរៀនសំខាន់ៗ។ ក្នុងនោះមាន ការវិនិយោគបន្ថែម និងបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (ស្ទែម)។ កែលម្អវិធីសាស្ត្របង្រៀនតាមមុខវិជ្ជាស្ទែម។ វិនិយោគបន្ថែមលើការបំពាក់សម្ភារឧបទេស និងការធ្វើពិសោធន៍។ បង្កើតប្រព័ន្ធអេកូឡូស៊ី ដូចជា ពិព័ណ៌វិទ្យាសាស្ត្រ ការប្រកួត ក្រុមហ៊ុនឯកជន ភាពជាដៃគូជាមួយគ្រឹះស្ថានឧត្តមសិក្សា។
អាទិភាពទី៥ «ការអប់រំឌីជីថល» បន្តលើកកម្ពស់ការអប់រំឌីជីថល តាមរយៈការកែលម្អវេទិកាឌីជីថល ដែលមានស្រាប់ បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងពីចម្ងាយ ធ្វើឱ្យកាន់តែប្រសើរ និងការផលិតវីដេអូបង្រៀនចាំបាច់បន្ថែមទៀ។
អាទិភាពទី៦ «កំណែទម្រង់សាលាគរុកោសល្យ» កែលម្អកម្មវិធីបណ្តុះបណ្តាល និងវិក្រឹតការ ដើម្បីផ្ដល់ឱ្យគរុនិស្សិតប្រតិបត្តិ គុណសម្បទា មានបំណិនសតវត្សរ៍ទី២១ មានគុណវុឌ្ឈអនុលោមតាម «ស្តង់ដា វិជ្ជាជីវៈគ្រូបង្រៀន» ។
អាទិភាពទី៧ «ការលើកកម្ពស់សុខភាពសិក្សា បង្កើតគណៈកម្មការសុខភាពសិក្សា» ក្រសួងបង្កើតគណៈកម្មការសុខភាពសិក្សា នៅតាមសាលារៀន។ យកចិត្តទុកដាក់លើសុខភាពអ្នកសិក្សា និងគ្រូបង្រៀន ដោយបង្កើតបន្ទប់ សុខភាពស្តង់ដា ការពិនិត្យសុខភាព និងសុខភាពផ្លូវចិត្ត។ លើកកម្ពស់អាហារូបត្ថម្ភ ដោយផ្តោតលើសុវត្ថិភាពចំណីអាហារ និងការផ្តល់អាហារតាមសាលារៀន។ លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ផ្ដោតលើទឹកទទួលទានកន្លែងលាងដៃ បង្គន់អនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាត ជាដើម។
អាទិភាពទី៨ «ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា» ក្រសួងបានអនុវត្តកំណែទម្រង់នៅឧត្តមសិក្សា ផ្តោតលើការពង្រឹងអភិបាលកិច្ច ការលើកកម្ពស់គុណវុឌ្ឍសាស្ដ្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ការកែលម្អកម្មវិធីសិក្សា និងធនធានសិក្សា ការប្រើប្រាស់បច្ចេកវិទ្យា ការអនុវត្តវិធីសាស្ត្របង្រៀនទំនើប ការស្រាវជ្រាវដោយផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម និងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ៕