ភ្នំពេញៈ អ្នកនាំពាក្យរាជ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ប្រតិកម្ម​ទៅនឹង​សេចក្តីថ្លែងការណ៍ រួម​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បាន​លើកឡើងថា លម្ហ​សេរីភាព​មូលដ្ឋាន​ត្រូវបាន​រឹតត្បិត ខណៈ​រដ្ឋាភិបាល​ថា​របាយការណ៍​នោះ​មិន​ឆ្លុះបញ្ចាំង​តថភាព​សង្គម និង​មាន​ចេតនា​នយោបាយ​។​

ការ​ប្រតិ​កម្មនេះ បន្ទាប់ពី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​មជ្ឈមណ្ឌល​សាមគ្គីភាព នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២២ បានចេញ​សេចក្តីថ្លែងការណ៍​រួម របាយការណ៍​ប្រចាំឆ្នាំ​ទី​៦ ស្តីពី​ការឃ្លាំមើល​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា ដោយបាន​បង្ហាញថា លម្ហ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា នៅតែ​រង​ការ​រឹតត្បិត ។ របាយការណ៍​នេះ បាន​ប្រមូល​ទិន្នន័យ​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១​។

លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា សេចក្តីថ្លែងការណ៍​នោះ​គួរ​មានការ​ចូលរួម​ពី​អាជ្ញាធរ រួមគ្នា​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់ដឹង​អំពី​ការអនុវត្ត​ច្បាប់ ការបញ្ចេញ​យោបល់ និង​ការប្រមូលផ្តុំ ពីព្រោះ​អាជ្ញាធរ​ដែនដី គាត់​អនុវត្ត​ច្បាប់​ក្នុង​កិច្ចការពារ​សណ្តាប់ធ្នាប់​សង្គម ។ លោក​ថា​៖«​បើសិនជា​លោក​មាន​សកម្មជន​ក្នុង​កិច្ចការពារ​លើកតម្កើង​សិទ្ធិសេរីភាព ក្នុងការ​ប្រមូលផ្តុំ​បញ្ចេញ​មតិយោបល់ ហើយ​លោក​មិនបាន​អប់រំ​ពលរដ្ឋ​ឱ្យមាន​សណ្តាប់ធ្នាប់​ហាក់បីដូចជា​បំផុសបំផុល​ធ្វើឱ្យមាន​វិបត្តិ​នៃ​សណ្តាប់ធ្នាប់​ក្នុងសង្គម​»​។​

យ៉ាងណាមិញ​លោក​គូសបញ្ជាក់ថា របាយការណ៍​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​សង្គម​កម្ពុជា​នោះទេ ខណៈ រាជរាជ​រដ្ឋាភិបាល តែង​យក​មាត្រា​ច្បាប់​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទាំង​សិទ្ធិសេរីភាព សកម្មភាព​ប្រមូលផ្តុំ និង​ការ​បញ្ចេញយោបល់​។ លោក​បាន​បន្តថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​ស្មើៗ​គ្នា ប៉ុន្តែ​មិនអាច​ឱ្យ​ដើរ​ឆ្ងាយ​ពី​រង្វង់​អំណាចច្បាប់​នោះទេ។​

របាយការណ៍​សង្គម​ស៊ីវិល បាន​លើកឡើងថា សេរីភាព​ខាង​សមាគម​ការជួបប្រជុំ និង​ការបញ្ចេញមតិ​គឺ​សំខាន់​សម្រាប់​ធានា​ដល់​ការអនុវត្ត​សិទ្ធិមនុស្ស​ទាំងអស់​និង​មាន​សារៈសំខាន់​ខ្លាំង​ជួយ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​ដំណើរការ​ទៅបាន​ដោយ​រលូន ហើយ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​សកម្មភាព​នានា​ដែល​នឹង​នាំមក​នូវ​ការវិវឌ្ឍ​សង្គម​ជា​វិជ្ជមាន។ របាយការណ៍​បន្តថា ការបង្ក្រាប​របស់​រដ្ឋា​ភិ​បាល ទៅលើ​សេរីភាព​មូលដ្ឋាន​ពុំ​នាំមក​នូវ​វឌ្ឍនភាព​ដល់​លទ្ធិ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ និង​រារាំង​ដល់​ការចូលរួម​របស់​សាធារណជន។​

របាយការណ៍​ថា​៖«​របត់​ដែល​បាន​កត់ ត្រា​នៅក្នុង​ឆ្នាំ​២០២១ ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង ខណៈ​ប្រទេស​កម្ពុជា​កំពុង​ឈានទៅរក​ការបោះ ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ ឆ្នាំ ២០២៣ ដែល​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​មាន​សារៈសំខាន់​សម្រាប់​ធានាឱ្យមាន​ការបោះ ឆ្នោត ដោយ សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌​»​។​

បន្ថែម​ពីនេះ ក្នុង​របាយការណ៍ បាន​កត់ត្រា​ករណី​នៃ​ការ​រឹតត្បិត​លើ​សេរីភាព​មូលដ្ឋាន​នៅ​គ្រប់​ខេត្ត​រាជធានី ដោយ​ក្នុងនោះ​មានការ​រឹតត្បិត​ខ្លាំងជាងគេ​គឺ​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​។ របាយការណ៍​ថា​៖«​ករណី​រឹតត្បិត​ជាច្រើន​ដែល​កត់ត្រា ដោយ​គម្រោង​សេរីភាព​មូលដ្ឋាន​នេះ​បង្ហាញ​ការអនុវត្ត​ពុំ​ត្រឹមត្រូវ​ឬ​ការអនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​កម្ពុជា ដោយ​បំពាន​ពី​សំណាក់​អាជ្ញាធរ ។ រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រើប្រាស់​ច្បាប់​ទាំងនេះ​ដើម្បី​កាត់បន្ថយ លម្ហ​សេរីភាព​ពលរដ្ឋ​និង​រឹតត្បិត​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​ជាជាង​ការពារ​សិទ្ធិ​ទាំងនេះ​»​។​

ក្នុង​របាយការណ៍​រប​ស់​សង្គម​ស៊ីវិល បាន​លើកឡើងថា តាមរយៈ “​គម្រោង​សេរីភាព​មូលដ្ឋាន​” មានបំណង​ផ្តល់នូវ​មូលដ្ឋាន​សម្រាប់​ពិចារណា ផ្អែកលើ​ព័ត៌មាន​ដែល​ប្រមូលបាន ប្រកបដោយ​បរិ​យាប​ន្ន និង​ការពិភាក្សា​ច្បាស់លាស់​ដើម្បី​ធ្វើឱ្យ​ច្បាប់​ជាតិ​អនុលោម​ជាមួយ​ច្បាប់​អន្តរជាតិ។​

​គម្រោង​សេរីភាព​មូលដ្ឋាន ស្នើ​ឱ្យមាន​វិធានការ​ក្នុងន័យ ស្ថាបនា​ឆ្ពោះ ទៅរក​ការ បង្កើត លក្ខខណ្ឌ​ចាំបាច់​នានា​សម្រាប់​សង្គម​ស៊ីវិល​ដើម្បីឱ្យ​លទ្ធិប្រជាធិបតេយ្យ​រីកចម្រើន​ទៅបាន​។​

លោក ជិន ម៉ា​លីន អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា បើ​យើង​មើល​មែនទែនទៅ​លម្ហ​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​រឹតត្បិត​មែន ប៉ុន្តែ​រឹតត្បិត​សម្រាប់​ក្រុម​មួយ​ក្តាប់​តូច​ដែល​តែង​ធ្វើ​សកម្មភាព​បំពាន​ច្បាប់ បង្ក​ភាពចលាចល មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​លើសលប់ ដែល​មិនមាន​ចេតនា​ទុច្ចរិត ឬ​អាក្រក់ គឺ​ពួកគេ​សប្បាយរីករាយ​ទៅនឹង​លំហរ​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ គឺ​មិនមាន​បញ្ហា​នោះទេ​។

លោក​បន្តទៀតថា​៖ «​ពាក់ព័ន្ធ​ការរៀបចំ​ច្បាប់​វិញ​លោក​ទទួលស្គាល់ថា​ច្បាប់​វា​មិនល្អ​ឥតខ្ចោះ​នោះទេ ក៏ប៉ុន្តែ​បើ​ច្បាប់​ណា​មាន​បញ្ហា​ក្នុងការ​អនុវត្ត យើង​អាច​ជជែក​ពិភាក្សា​ពិគ្រោះគ្នា ក្នុងការ​កែសម្រួល​ច្បាប់​នោះ​ឱ្យស្រប​ទៅនឹង​ការវិវត្តន៍​របស់​សង្គម​បាន​»​។

លោក​ថា​៖«​ក៏ប៉ុន្តែ​សំខាន់​ថា​មានច្បាប់​ហើយ​ត្រូវគោរព​ច្បាប់ បើកាលណា​មិន​គោរព​ច្បាប់​នោះទេ​គឺថា​ប្រឈម​ផ្លូវច្បាប់ ហើយ​សកម្មភាព​ដែលជា​ការបំពានច្បាប់ រំលោភ​សេរីភាព​របស់​អ្នកដទៃ ប្រឆាំង​វិធានការ​សមត្ថកិច្ច​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ សកម្មភាព​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ គឺ​មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជាធិបតេយ្យ​នោះទេ គឺជា​បទល្មើស ហើយ​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​»៕