កំពង់ស្ពឺ/រតនគិរីៈ កម្លាំងគណៈបញ្ជាការឯងភាពស្រុកបសេដ្ឋខេត្តកំពង់ស្ពឺបានចុះបង្ក្រាបទទីតាំងលាក់ទុកឈើនិងម៉ាស៊ីនអារឈើ ១ កន្លែង ក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៧ ខែមេសា ដោយបានដកហូតឈើចម្រុះ ៧ កំណាត់ និងឧបករណ៍បម្រើដល់ការអារឈើមួយចំនួន ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។រីឯនៅក្រុងបានលុងខេត្តរតនគិរី សមត្ថកិច្ចចាប់បានឈើជិត៤ម៉ែត្រគុបដែលដឹកតាមរថយន្តបម្រុងចេញទៅលក់នៅវៀតណាម។
លោកស៊ិន សារុន នាយករដ្ឋបាលស្រុកបសេដ្ឋបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២៨ ខែមេសាថា ជនសង្ស័យបានប្រមូលឈើចំបក់ និងឈើទាលយកមកលាក់ទុកក្នុងភូមិពោធិ៍ត្បែង ឃុំនិទាន នៃស្រុកបសេដ្ឋ ដោយមិនមានការសុំច្បាប់អនុញ្ញាត ហើយបានលួចអារក្នុងមួយរយៈពេលមកហើយ។ពេលស្រាវជ្រាវដឹងច្បាស់កម្លាំងគណៈបញ្ជាការឯកភាពបានចុះទៅដល់ទីតាំងធ្វើការអនុវត្តច្បាប់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់។
លោកថ្លែងថា៖«ពេលដែលយើងទៅអនុវត្តច្បាប់ហ្នឹងគាត់អត់មានអារទេម៉ាស៊ីនទាំងអស់គាត់បានដោះលាក់ទុកក្នុងចំបើងក្នុងអី ចឹងទៅ អត់បញ្ឈរឲ្យសមត្ថកិច្ចយើងមើលទេ ប៉ុន្តែដោយសារពិនិត្យឃើញមានគំនរឈើ និងរណារ ទើបបន្តឆែកឆេរមើលបរិវេណហ្នឹង តាមព្រៃ តាមគំនរចំបើងអ៊ីទៅ ក៏ឃើញម៉ាស៊ីនលាក់ទុកក្នុងព្រៃចេក» ។
នាយករដ្ឋបាលស្រុកបសេដ្ឋបានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងនេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ឈើចម្រុះចំនួន៧កំណាត់ ស្មើនឹងជាង១ម៉ែត្រគុប ម៉ាស៊ីនអារឈើផ្តេក១គ្រឿង កង់យោង៣ រណារយន្ត៧ខ្សែ ដែករ៉ៃ២ដើម និងរទេះកង់កៅស៊ូ១គ្រឿង ហើយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្សាទុកនៅសាលាស្រុកបសេដ្ឋ។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងលោក ចាន់ មុន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបានទេនៅថ្ងៃទី២៨ ខែមេសា ប៉ុន្តែយ៉ាងណាក៏ដោយ លោកនាយករដ្ឋបាលស្រុកបសេដ្ឋប្រាប់ថា កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើកំពុងកសាងសំណុំរឿងនោះទៅតុលាការដើម្បីចោទប្រកាន់ ចំណែកជនសង្ស័យនឹងត្រូវសមត្ថកិច្ចស្វែងរកចាប់ខ្លួនមកដោះស្រាយតាមច្បាប់។
លោកស៊ិន សារុន បញ្ជាក់ថា ម្ចាស់ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់នោះ មាន ឈ្មោះ ស៊ិន សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ និងមានប្រពន្ធឈ្មោះ ជឹក ផេង អាយុ៤៧ឆ្នាំ ។
ដោយឡែកកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថក្រុងបានលុង សហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពក្រុងបានលុងដឹកនាំដោយលោក ពុត ដានី អភិបាលរងក្រុងនេះបានធ្វើសកម្មភាពចុះល្បាតជុំវិញបរិវេណក្រុងបានប្រទះឃើញរថយន្ត១គ្រឿង។ ដោយមានការសង្ស័យ កម្លាំងចម្រុះក៏បានឃាត់រថយន្តនោះត្រួតពិនិត្យនៅចំណុចភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក៏ឃើញមានដឹកឈើ។
សមត្ថកិច្ចអាវុធហត្ថក្រុងបានលុងបានឲ្យដឹងថា រថយន្តដឹកឈើនេះមានម្ចាស់ឈ្មោះ មករា ដឹកចេញពីស្រុកវើនសៃ ឆ្លងកាត់ក្រុងបានលុងបម្រុងចេញទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រតអូរយ៉ាដាវ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្ដង។ ក្នុងរថយន្តមានផ្ទុកឈើប្រភេទលេខ១ សុក្រំ និងគគីរ និងបានឃាត់ខ្លួនអ្នកបើកបរបានម្នាក់ឈ្មោះ អ៊ីម ធិន ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតរថយន្ត និងឈើប្រភេទលេខ១ ចំនួន២១ដុំ ស្មើនឹង៣,៩៧៧ម៉ែត្រគុប ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕