​នគរ​បាល​ក្រុង​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី ​២៨ ​មេសា ​កំពុង​បន្ត​ស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជន​សង្ស័យ​ពាក់ព័ន្ធ​ចាក់​យុវជន​ម្នាក់​ស្លាប់ ​ដោយ​សា​រ​ទំនាស់​ពាក្យ​សម្តី​គ្នា​ ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ចឹក​សា​ សង្កាត់​-​ក្រុង​កំព​ង់​ឆ្នាំង ​កាល​ពី​ថ្ងៃទី​ ២៧​ មេសា​ ឆ្នាំ​ ២០២២​​។​​

​លោក​ នៅ​ ផល្លី​ អធិការ​រង​ទទួល​ផែន​ការងារ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ នៃ​អធិការ​ដ្ឋាន​នគរ​បាល​​ក្រុង កំពង់​ឆ្នាំង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២៨ ​មេសា​ ថា ​យុវជន​រងគ្រោះ​ឈ្មោះ ​ម៉ុ​ល​ សារឿន​ ហៅ​ ឆ្អឹង​ អាយុ ២០​ឆ្នាំមាន​លំនៅ​ភូមិ​ត្រពាំង​ចឹក​សា ​សង្កាត់ -​ក្រុង​-​ខេត្ត ​កំពង់​ឆ្នាំង​។​ ចំពោះ​ក្រុម​ជន​សង្ស័យ​វិញ​កំពុង​ត្រូវ​បាន​សមត្ថ​កិច្ច​របស់​លោក​ធ្វើការ​ស្រាវ​ជ្រាវ​ដើម្បី​តាម​ចាប់​ខ្លួន​។​​

​លោក​ប្រាប់​ថា​៖​«​ក្រោយ​ពី​ធ្វើការ​ស៊ើប​អង្កេត​មក​គឺ​យើង​កំណត់​បាន​មុខ​សញ្ញា​​របស់​ជន​ល្មើស​អស់​ហើយ​ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​កំពុង​រត់គេច​ខ្លួន​។ ​កម្លាំង​នគរ​បាល​យើង​កំពុង​តាម​ចាប់​ពួក​គេ​»​។​​

​លោក​ ផល្លី​ រំ​ឮ​ក​ប្រាប់​តាម​សម្តី​សាក្សី​ភាគី​អ្នក​ស្លាប់​ថា ​ហេតុ​ការណ៍​ដែល​ឈាន​ដល់​មាន​ការ​ចាក់​គ្នា​ស្លាប់​នេះ​គឺ​នៅ​ព្រឹក​ថ្ងៃទី​២៧​ មេសា​ មាន​យុវជន​២​ក្រុម​ដែល​ភាគី​អ្នក​ស្លាប់​មាន​គ្នា​៤​នាក់ រីឯ​ក្រុម​ជន​បង្ក​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ក្នុង​នោះ​មាន​នារី​ម្នាក់​ផង​។​ ដោយ​មុន​ពេល​កើត​ហេតុ​ក្រុម​អ្នក​ស្លាប់​បាន​ជីះ​ម៉ូតូ​២​គ្រឿង​តាម​ផ្លូវ​ជិត​រង្វង់​មូល​វិមាន​ឯករាជ្យ​ហើយ​ក្រុម​ជន​បង្ក​មាន​គ្នា​៣​ នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​។​​

​លោក​បន្ត​ទៀត​ថា​ ពេល​កំពុង​ជិះ​ម៉ូតូ​នោះ​ភាគី​អ្នក​ស្លាប់​បាន​និយាយ​បោះពាក្យ​សម្តី​ទៅ​ខាង​ភាគី​ម្ខាង​ទៀត​ហើយ​ពេល​នោះ​ក៏​ឈ្លោះ​ប្រកែក​គ្នា​។​ គ្រា​នោះដែរ​ភាគី​អ្នក​ស្លាប់​បាន​បញ្ឈប់​ម៉ូតូ​របស់​ភាគី​ជន​សង្ស័យ​តែ​ត្រូវ​ឈ្មោះ​ម៉ុ​ល​ សារឿន​ ហៅ​ ឆ្អឹង​(​ជន​រងគ្រោះ​ស្លាប់​)​បាន​ហូត​ខ្សែ​ក្រវ៉ាត់​ពី​ចង្កេះ​វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត​តែ​ចៃដន្យ​ខ្សែ​ក្រវ៉ាត់​នោះ​បាន​ដាច់​ជា​២​កំណាត់​ធ្វើ​ឱ្យ​ជនល្មើស​ម្នាក់​ក្នុង​ចំណោម​៣​នាក់​បាន​យក​កាំបិទ​កៃ​ចាក់​ទៅ​លើ​ឈ្មោះ​ម៉ុ​ល​ សារឿន​ បណ្តាល​ឱ្យ​ត្រូវចំ​ក្រោម​ក្លៀក​ខាង​ឆ្វេង​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។​​

​បើ​តាម​លោក​ នៅ​ ផល្លី​ ក្រោយ​ពី​ដឹង​ថា​គ្នីគ្នា​របស់​ខ្លួន​ត្រូវ​របួស​ហើយ​នោះ​ក៏​បាន​នាំគ្នា​ដឹក​ជន​រង​គ្រោះ​យក​ទៅ ​មន្ទីរ​ពេទ្យ​ប​ង្អែក​ក្រុង​កំពង់​ឆ្នាំង​តែ​បាន​ដាច់​ខ្យល់​ស្លាប់​បន្ទាប់​ពី​ទៅដល់​មន្ទីរ​ពេទ្យ​។ ភ្លាមៗ​នោះ​ដែរ​សមត្ថ​កិច្ច​រប​ស់​លោក​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ និង​ចុះ​ដល់​ផ្ទះ​របស់​ជន​រង​គ្រោះ​ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ និង​គ្រូពេទ្យ​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​ជន​រង​គ្រោះ​។​​

​លោក​ប្រាប់​បន្តថា​ ក្រោយ​ពី​មន្ត្រី​ជំនាញ​ និង​គ្រូពេទ្យ​ពិនិត្យ ​និង​ធ្វើ​កោសល្យ​វិច័យ​រួ​ច​មក​ឃើញ​ថា​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​ត្រូវ​គេ​ចាក់​នឹង​វត្ថុ​រឹង​បណ្តាល​ឱ្យស្លាប់​មែន​ ហើយ​ក៏​បាន​ប្រគល់​សាក​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​៕