ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​ស្រាវជ្រាវ​សត្វព្រៃ ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​និង​អង្គការ ​WWF ​បាន​បង្ហាញ​ពី​លទ្ធផល​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​ ត្រឹម​ខែមេសា​នេះ​ ឃើញ​មាន​វត្តមាន​របស់​សត្វ​ខ្លារខិន​ញី​ ១ ក្បាល​ និង​ពពួក​សត្វ​ក្រចកជើង​ចំពាម​ផ្សេង​ទៀត​ដូចជា​សត្វ​ប្រើស​ ជ្រូកព្រៃ ​ឈ្លូស ​ព្រមទាំង​សត្វស្លាប ​និង​ស្វា​ក្តាម​ផងដែរ។ ​

ក្រសួង​បរិស្ថាន​បានសរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី២៨ ​ខែមេសា​ថា ​ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ​សត្វព្រៃ​ នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី និង​អង្គការ ​WWF ​មាន​ក្តី​រំភើប​ជាខ្លាំង​ ខណៈដែល​ពួកគេ​បានផ្តល់​សេចក្តី​រាយការណ៍ ​ពី​លទ្ធផល​នៃ​ការតាមដាន​សត្វព្រៃ​នៅ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់​រាប​ភាគ​ខាងកើត​ត្រឹម​ខែមេសា​នេះ ​ដោយបាន​បញ្ជាក់​ពី​វត្តមាន​របស់​សត្វ​ខ្លារខិន​ញី​១ក្បាល​តាមរយៈ​រូបថត​ដ៏​កម្រ​ដែល​ថត​ដោយ​ម៉ាស៊ីនថត​ស្វ័យ​ប្រវត្តិ។​

លទ្ធផល​នៃ​ការតាមដាន​សត្វព្រៃ​ក៏បាន​បង្ហាញ​ផងដែរ​ពី​វត្តមាន ​នៃ​ពពួក​សត្វ​ក្រចក​ជើង​ចំពាម ​រួមមាន​សត្វ​ប្រើស ​ដែល​ជាប្រភេទ​សត្វកម្រ​ សត្វ​ជ្រូកព្រៃ ​សត្វ​ឈ្លូស ​ក៏ដូចជា​សត្វស្លាប ​និង​ស្វាក្តាម​ផង​ដែរ។ សត្វ​ខ្លារខិន​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ​IUCN ថា​ ជា​ប្រភេទ​សត្វ​រងគ្រោះ​ថ្នាក់​ជិត​ផុត​ពូជ​បំផុត ​ហើយ​ចំនួន​វា​ត្រូវបាន​បាត់បង់​ពី​ទីជម្រក​ដែល​វា​ធ្លាប់​រស់នៅ​ក្នុង​ប្រទេស​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ​

ក្រសួង​បរិស្ថាន​បញ្ជាក់ថា​៖«តំបន់​ព្រៃ​ទេសភាព​ខ្ពង់​រាប​ភាគខាង​កើត​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ជាទី​ជម្រក​ចុងក្រោយ​សម្រាប់​ប្រភេទ​សត្វ​ខ្លារខិន​នេះ​ដែល​អ្នក​វិទ្យា​សាស្ត្រ​ជឿ​ថា​នៅ​សេសសល់​ចំនួន​តិចតួច​បំផុត។

បើទោះ​ជាយ៉ាង​នេះ​ក្តី​សត្វ​មំសាសី​ដ៏​កម្រ​បំផុត​មួយ​ប្រភេទ​នេះ ​កំពុង​បន្ត​ទទួលរង​ការគំរាម​កំហែង​នឹង​ការផុត​ពូជ​ដោយ​សារ​វិបត្តិ​អន្ទាក់​ដែល​បាន​រាលដាល​ឡើង​ដោយ​ការជួញ​ដូរ​សត្វព្រៃ​ខុស​ច្បាប់។ សត្វ​ខ្លារខិន​អាច​ប្រឈម​មុខ​នឹង​ជោគវាសនា​ដូចគ្នា​នឹង​សត្វខ្លា​ធំ​ដែល​បាន​ផុត​ពូជ​ទៅ​ហើយ ​ដោយ​ហេតុថា ​ចំនួន​នៅ​សេសសល់​ដ៏​តិចតួច​បំផុត ​របស់​វា​នៅ​ប្រទេស​កម្ពុជា ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការជាប់​អន្ទាក់​ ដែល​បានលាក់​បង្កប់​យ៉ាង​ស្ងៀមស្ងាត់​នៅ​ក្នុង​ជម្រក​ព្រៃ ​ហើយ​រង់ចាំ​ស្ទាក់​ចាប់ ​និង​សម្លាប់​សត្វ​គ្រប់​ប្រភេទ​ទាំងអស់​ រួមទាំង​សត្វខ្លា​រខិន​ សត្វ​ក្រចក​ជើង​ចំពាម ​និង​សត្វ​ព្រៃ​ផ្សេងៗ​ទៀត​ដោយ​មិន​រើស​មុខ​ឡើយ។

ក្រសួង​បរិស្ថាន​បញ្ជាក់​ទៀតថា​៖«ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ ​តួអង្គ​សំខាន់ៗ​នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​ និង​អង្គការ​អន្តរជាតិ​ជាដៃគូ​ក្នុង​វិស័យ​បរិស្ថាន​បានបើក​យុទ្ធនាការ ​«អន្ទាក់​-សូន្យ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​កម្ពុជា» ​កាលពី​ដើម​ខែមីនា​ឆ្នាំ​២០២២​កន្លង​ទៅ​នេះ ​ដោយបាន​ប្តេជ្ញាចិត្ត​រួមគ្នា​បញ្ចប់​វិបត្តិ​អន្ទាក់ ​និង​ការជួញ​ដូរ​សត្វព្រៃ​ខុសច្បាប់​ ដើម្បី​ការពារ​អនាគត​ប្រជាជន ​និង​ការរស់រាន​របស់សត្វ​ព្រៃ​កម្ពុជា» ។

លោក​កែវ សុភគ៌ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ​ថ្លែង​នៅ​ថ្ងៃទី ២៨ ​ខែមេសា​ថា ​ទោះបី​យុទ្ធនាការ​អន្ទាក់​សូន្យ​បានអនុវត្ត​មួយ​រយៈ​ពេល​មក​ហើយ​ក្តី ​ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​ អន្ទាក់​នៅតែ​មាន ​ហើយ​មន្ត្រី​ឧទ្យានុរក្ស​ក៏នៅ​តែ​បន្ត​ធ្វើការ​ដោះ​ជាបន្ត​បន្ទាប់ ​ដោយ​មិន​បន្ទូរ​ដៃ​ឡើយ។ បន្ថែម​លើ​នោះ ​មន្ត្រី​បរិស្ថាន ​រួមនឹង​អាជ្ញាធរ​មូលដ្ឋាន ​ក៏បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ជាបន្តបន្ទាប់​ ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នក​នៅ​ក្បែរ​តំបន់​អភិរក្ស​ព្រៃឈើ​សត្វព្រៃ​ ឱ្យ​ពួកគាត់​បានយល់​នឹង​ចូលរួម​បញ្ឈប់​ការដាក់​អន្ទាក់​សត្វ។

លោក​ថ្លែងថា​៖«យើង​ចង់​ផ្សព្វផ្យាយ​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​នៅ​ជុំវិញ​តំបន់​ការពារ​បញ្ចប់​ការដាក់​អន្ទាក់ ​ព្រោះ​អន្ទាក់​វា​នាំឱ្យ​មាន​បញ្ហា​ដល់​សត្វព្រៃ​ជាច្រើន​ប្រភេទ។ អន្ទាក់​នេះ​វា​ធ្វើឱ្យ​ជាប់​សត្វ​មិន​រើស​មុខ​ទេ ​គឺ​ជាប់​ទាំងអស់​តាំង​ពី​សត្វ​តួច​រហូត​សត្វ​ដំរី​ក៏​ជាប់​ដែរ»៕