បន្ទាយមានជ័យៈ ពី​ដើមខែ​មករា ដល់​ខែមេសា ឆ្នាំ ​២០២២ ពលករ​ខ្មែរ​ចំនួន ៣ ៥៥៦ ​នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន​ ៣៩៨ ​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បង្ក្រាប​ចាប់បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​រកឃើញថា ​បាន​លួច​ចូល​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ នេះ​បើតាម​មន្ត្រី​នាំពាក្យ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

លោក កែវ តារា​រស្មី អ្នកនាំពាក្យ​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គិត​ចាប់ពី​ដើមខែ​មករា​ដល់​ខែមេសា ឆ្នាំ​២០២២ ពលករ​ខ្មែរ​ចំនួន ៣៥៥៦​នាក់ ក្នុងនោះ​មាន​កុមារ​ចំនួន​៣៩៨​នាក់​ដែល​ត្រូវ​ភាគី​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​តំបន់​អូរជ្រៅ ដោយសារតែ​ពួកគេ លួច​ឆ្លង​ចូលទៅ​បម្រើ​ការងារ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​ថៃ​។

លោក​បាន​បន្តថា ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សំចត​មួយកន្លែង ស្ថិតនៅក្នុង​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ដើម្បី​ពិនិត្យ​រកមើល​មេរោគ​កូ​វីដ​១៩ មុនពេល​បញ្ជូន​ពួកគេ​ទៅកាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក្ក​កូក ក្នុងភូមិ​សាស្ត្រ​សង្កាត់​និមិត្ត ដើម្បី​ព្យាបាល​។​

លោក​ថ្លែងថា​៖«​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​ចុះ​ផ្សព្វផ្សាយ​ដល់​គ្រប់​មូលដ្ឋាន​ទាំងអស់​ដែល​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់​យើង​អំពី​ហានិភ័យ​នៃ​ការធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ពិសេស​ប្រទេស​ថៃ​។ ប៉ុន្តែ​ពលករ​ខ្មែរ ដែល​ត្រូវ​ភាគី​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ​នោះ ភាគច្រើន​ជា​ពលរដ្ឋ ដែល​គ្មាន​លំនៅ​អចិ​ន្ត្រៃ​យ៍ក្នុង​ក្រុង​ប៉ោយប៉ែត ឬ ខេត្តបន្ទាយមានជ័យ​នោះទេ​»​។​

លោក​ថ្លែងថា ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ស្ទើរតែ​១០០​ភាគរយ មិន​ទៅរក​ការងារ​ធ្វើ​ដោយ​ភាព​ប្រថុយ​ប្រ​ឋាន​នោះទេ​។ ពួកគេ​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ទៅតាម​រដូវ​កាល​និង​តាម​ការស្នើរ​សុំ​ពី​អាជ្ញាធរ​ថៃ​ជាប់​ព្រំដែន ដែល​បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា (MOU) រវាង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃ​ប្រទេស​កម្ពុជា និង​រដ្ឋបាល​ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ នៃ​ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់ថា​៖«​ពលរដ្ឋ​យើង​នៅ​ក្រុង​ប៉ោយប៉ែត ភាគច្រើន​គាត់​ទៅធ្វើ​ការ​តាម​កសិដ្ឋាន និង តាម​ចម្ការពោត ដំ​ឡូ​វ​មី និង​ចម្ការ​អំពៅ​របស់​កសិករ​ថៃ ក្នុង​ខេត្ត​ស្រះកែវ​។ ពួកគាត់​ជា​ពលករ​ទៅ​ព្រឹក​វិល​ល្ងាច មិន​ដូចជា​ពលករ ដែល​មកពី​បណ្ដា​ខេត្ត​នានា​នោះទេ​»​។​

បើតាម លោក តារា​រស្មី ពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដែល​ទៅធ្វើ​ការ​នៅតាម​កសិដ្ឋាន ឬ ចម្ការ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ហើយ​បាន​នាំយក​កូនៗ​របស់​ពួកគេ​ទៅតាម​ជាមួយ​នោះ ត្រូវបាន​ម្ចាស់​កសិដ្ឋាន និង ចម្ការ ទទួល រ៉ាប់រង​ទាំង​ផ្នែក​សង្គមកិច្ច សុខាភិបាល និង ការអប់រំ ដល់​កូនៗ​របស់​ពួកគេ​។​

លោក​បាន​បន្តថា កន្លងមក​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត និង​អាជ្ញាធរ​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ​បាន​ចុះ​MOU​នៅលើ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ចំនួន​៥​វិស័យ រួមមាន វិស័យ​សន្តិសុខ​នៅតាម​ព្រំដែន វិស័យ​អប់រំ សុខាភិបាល សង្គមកិច្ច និង វិស័យ​ទំនាក់ទំនង​សាធារណៈ ដូច្នេះ​ពលករ​រ​ខ្មែរ ដែល​ចេញពី​ក្រុង​ប៉ោយប៉ែត ទៅធ្វើ​ការ​នៅតាម​កសិដ្ឋាន ឬ ចម្ការ តាម​ការស្នើសុំ​របស់​ភា​គី​ថៃ និង​ទទួលបាន​ការធានា​សុវត្ថិភាព​ពី​អាជ្ញាធរ​ថៃ​។​

លោក​បាន​បន្ថែមថា​៖«​បើតាម​សេចក្ដីរាយការណ៍​ពី​ភាគី​ថៃ គឺមាន​សាលារៀន​ចំនួន​៣​កន្លែង​ហើយ ដែល​បានទទួល​ចុះឈ្មោះ​ឲ្យ​កូនៗ​ពលករ​ខ្មែរ ដែល​ទៅតាម​ឳ​ពុក​ម្ដាយ​របស់​ពួកគេ​បាន​ចូលរៀន​ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ការផ្ដល់​អាហារ​និង​កន្លែង​ស្នាក់អាស្រ័យ​ប្រកបដោយ​សុវត្ថិភាព​ផងដែរ​»​។​

លោក តារា​រស្មី បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា យោងតាម​ទិន្នន័យ ដែល​ក្រុមការងារ​នៃ​មណ្ឌល​សំចត​ក្រុង​ប៉ោយប៉ែត​ទទួលបាន ចាប់ពី​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​មក អាជ្ញាធរ​ថៃ បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​ប្រមាណ​ជាង​១០០​នាក់ ក្នុង​១​ថ្ងៃ​ត្រឡប់មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរ​ព្រំដែន​ជាតិ​ប៉ោយប៉ែត និង​ច្រក​អូរជ្រៅ​។ ពលករ​ទាំងនោះ​ភាគច្រើន​ជា​ពលរដ្ឋ​ចំណាកស្រុក​មកពី​ខេត្តបាត់ដំបង ព្រៃវែង កណ្ដាល ស្វាយរៀង ត្បូងឃ្មុំ តាកែវ កំពង់ចាម កំពង់ធំ និង ខេត្តកំពង់ស្ពឺ​៕