ឈុន បូរមី វ័យ​ ២៤ ​ឆ្នាំ បាន​ក្លាយជា​យុវតី​មួយរូប​ដែលជា​អ្នកដឹកនាំ​យុវជន​ជើងឯក​អាហារូបត្ថម្ភ​តំណាងឱ្យ​ប្រទេស​កម្ពុជា សម្រាប់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​​សកល​។ កម្មវិធី​ជើងឯក​អាហារូបត្ថម្ភ គឺជា​កម្មវិធី​មួយ​ដែល​រៀបចំឡើង ដើម្បី​ពង្រឹង​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​ជាមួយនឹង​ការតស៊ូ​មតិ​។

យុវតី​រូបនេះ​បាន​ចូល​ធ្វើជា​អ្នក​ហាត់​ការ​នៅ​អង្គការ​ហេឡែន​ខេលល័រ​អន្តរជាតិ​កម្ពុជា​ (Helen Keller International-Cambodia)​ក្នុង​ឆ្នាំ​ ២០១៧ ហើយ​បាន​ក្លាយជា​តំណាង​យុវជន​ជើងឯក​អាហារូបត្ថម្ភ នៅ​ឆ្នាំ​ ២០១៨ ​ដែល​រហូតមក​ដល់ពេលនេះ​កញ្ញា ឈុន បូរមី គឺជា​អ្នកសម្របសម្រួល​ក្រុមយុវជន​ជើងឯក​អាហារូបត្ថម្ភ​នៃ​អង្គការ​ហេឡែន​ខេលល័រ​អន្តរជាតិ​កម្ពុជា​។

អាហារូបត្ថម្ភ គឺជា​សារជាតិ​បំប៉ន​ផ្លូវការ​បន្ថែមទៀត​ដែល​អាច​ត្រូវបាន​គេ​ប្រើ​ជំនួស​ឱ្យ​អាហារ​បំប៉ន ឬ​សារធាតុចិញ្ចឹម​ដើម្បី​ទ្រទ្រង់​ជីវិត​និង​ថែរក្សា​សុខភាព​។ តទៅ​នេះ ជា​បទសម្ភាស​ជាមួយនឹង​កញ្ញា​ ឈុន បូរមី ទាក់ទង​នឹង​ការងារ​ និង​ចំណាប់​អារម្មណ៍​ពី​អាហារូបត្ថម្ភ​នៅ​ប្រទេស​កម្ពុជា​៖

តើ​មូលហេតុ​អី្វ​បានជា​កញ្ញា​បាន​ក្លាយជា​តំណាង​យុវជន​ជើងឯក​អាហារូបត្ថម្ភ​តំណាង​ប្រទេស​កម្ពុជា​?

មាន​កត្តា​ចំនួន​ ២ ​ដែល​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​តំណាង​យុវជន​ជើងឯក​អាហារូបត្ថម្ភ ដែល​ក្នុងនោះ​មាន​កត្តា​ផ្ទាល់ខ្លួន​ និង​កត្តា​ខាងក្រៅ​។ កត្តា​ផ្ទាល់ខ្លួន​គឺ ដោយសារ​ខ្ញុំ​ចាប់អារម្មណ៍​ចំពោះ​ផ្នែក​អាហារូបត្ថម្ភ​នេះ​តែម្តង ហើយ​ចំណែក​កត្តា​ខាងក្រៅ គឺ​ដោយសារ​តែ​ខ្ញុំ​បាន​ជាប់​ជា​យុវជន​ដឹកនាំ​ការសម្របសម្រួល​ផ្នែក​អាហារូបត្ថម្ភ​របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អាហារូបត្ថម្ភ​សកល​។ ចាប់ពី​ឆ្នាំ ​២០១៨ ​មក ខ្ញុំ​បាន​ប្រឡូក​ចូល​បំពេញ​ការងារ​ផ្នែក​នេះ​តែម្តង​។

តើ​ការងារ​នេះ​ត្រូវធ្វើ​អ្វីខ្លះ​ហើយ​មូលហេតុ​អី្វ​បានជា​ផ្តោត​តែ​ទៅលើ​យុវជន​?

តាមពិត​! គោលបំណង​នៃ​កម្មវិធី​យុវជន​ជើងឯក អាហារូបត្ថម្ភ​ដែល​ខ្ញុំ​បានរៀបចំ​ឡើងជាមួយ​នឹង​អង្គការ ហេឡែន ខេលល័រ​គឺ​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​យុវជន​ស្តីអំពី​អាហារូបត្ថម្ភ​ហើយនឹង​ឱ្យ​ពួកគាត់​រៀន​បណ្តុះ​ជំនាញ​ខាង​ផ្នែក​តស៊ូ​មតិ ដើម្បី​អាហារូបត្ថម្ភ​។ ដូចនេះ យើង​មាន​កម្មវិធី​ផ្សេងៗ​ដោយមាន​ការអញ្ជើញ​យុវជន​ឱ្យចូល​រួម និង​ដឹកនាំ​បន្ថែមទៀត​ជាមួយនឹង​កម្មវិធី​ហ្នឹង ដែល​ពេលនេះ​យើង​មាន​កម្មវិធី​ដូចជា ការបោះ​ជំរំ​ជើងឯក​អាហារូបត្ថម្ភ កម្មវិធី​មិត្ត​អប់រំ​មិត្ត ដែលមាន​ការអប់រំ​យុវជន​ចំនួន​ ៥០ ​នាក់ ពី​សារ​គន្លឹះ​សំខាន់ៗ​ពាក់ព័ន្ធ​ជាមួយនឹង​អាហារូបត្ថម្ភ សុវត្ថិភាព​ចំណី​អាហារ ការបញ្ចូល​មីក្រូ​សារជាតិ និង​ការ​បំបៅ​ដោះ​កូន​ជាដើម​។

យើង​ផ្តោត​ច្រើន​ទៅលើ​យុវជន ដោយសារ​តែ​នៅក្នុង​ប្រទេស​កម្ពុជា ពលរដ្ឋ​ប្រមាណ​ជា​ ៦០% ជា​យុវជន​ដែលមាន​អាយុ​ក្រោម​ ៣០​ ឆ្នាំ​។ អ៊ីចឹង​! ប្រសិនបើ​ចាប់ផ្តើម​ពី​ខ្លួន​គាត់ ហើយ​ពួកគាត់​បន្ត​ផ្សព្វផ្សាយ​សារ​គន្លឹះ​ទាំងនេះ នោះ​មនុស្ស​ជាច្រើន​នឹង​កាន់តែ​មានការ​យល់ដឹង​ពី​អាហារូបត្ថម្ភ​។

តើ​ការបំពេញ​ការងារ​នេះ​មាន​ការលំបាក​យ៉ាងណាខ្លះ​?

បញ្ហា​ប្រឈម​គឺ​ពេលវេលា ដោយសារ​យុវជន​របស់​យើង​មាន​តួនាទី​ភារកិច្ច​ច្រើន​ជាប្រចាំ​ថ្ងៃ ដែល​អ្នកខ្លះ​ត្រូវ​ទៅ​រៀន​ ឬ​ធ្វើ​ការដែល​ធ្វើឱ្យ​ពួកគាត់​មិនសូវមាន​ពេលវេលា​ច្រើន​ ដើម្បី​ចូលរួម ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​ពួកគាត់​ឆ្លៀតឱកាស​ដើម្បី​ចូលរួម​ជាមួយ​យើង​ដែរ​។

យើង​ក៏មាន​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ ដោយ​យើង​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​របស់​យើង​ចំ​ថ្ងៃ​សម្រាក​ពី​ការសិក្សា​ និង​ការងារ ដោយ​យើង​ធ្វើ​នៅ​ចុង​សប្តាហ៍​ ដើម្បី​ពួកគាត់​បាន​ចូលរួម​កម្មវិធី​ដែល​យើង​បានរៀបចំ​។

តើ​កញ្ញា​យល់ឃើញ​យ៉ាងណា​ដែរ ចំពោះ​ការយកចិត្ត​ទុកដាក់​របស់​យុវជន​កម្ពុជា លើ​អាហារូបត្ថម្ភ​របស់​ពួកគាត់​?

មុនពេល​ដែល​យើង​ចាប់ផ្តើម​កម្មវិធី​នេះ យើង​មានការ​អង្កេត​ច្រើន​ពាក់ព័ន្ធ​ជាមួយនឹង​យុវជន​លើ​អាហារូបត្ថម្ភ​នេះ ដែល​ដំបូង​ពួកគាត់​មិនសូវមាន​ការចាប់អារម្មណ៍​ពាក់ព័ន្ធ​ជាមួយនឹង​អាហារូបត្ថម្ភ​ទេ ដោយសារតែ​ប្រធានបទ​នេះ​មិនសូវ​ត្រូវបាន​លើកឡើង​ហើយ​ប្រហែលជា​ការយល់ដឹង​ស្តីពី​ផលប្រយោជន៍​នៃ​អាហារូបត្ថម្ភ​នៅមានកម្រិត​។ បន្ទាប់ពី​មានកម្ម​វិធី​នេះ​មក យើង​ឃើញថា មាន​យុវជន​កាន់តែច្រើន​បាន​ចូល​រួមទាំង​ដឹកនាំ​ក្នុង​ការងារ​នេះ​និង​បាន​ជួយ​ចែករំលែក​បន្ត​ពាក់ព័ន្ធ​នឹង​អាហារូបត្ថម្ភ​។ ក្នុង​ឆ្នាំ​ ២០១៨ យើង​មាន​យុវជន​តែ​ ១០​ នាក់​ប៉ុណ្ណោះ​ដែល​ពួកគាត់​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​កិច្ច​ការងារ​នេះ ប៉ុន្តែ​មកដល់​ពេលនេះ​យើង​មាន​យុវជន​ស្ម័គ្រចិត្ត​រហូតដល់​ ៥០ ​នាក់​។

ដូចនេះ យើង​ឃើញថា មាន​យុវជន​កាន់តែ​ច្រើនឡើង បាន​ចូលរួម​ និង​មានការ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​អាហារូបត្ថម្ភ និង​បាន​ចូលរួមចំណែក​ក្នុង​ការផ្សព្វផ្សាយ​បន្ត​ផងដែរ​។

តើ​កង្វះ​អាហារូបត្ថម្ភ​ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងដូចម្តេច​ខ្លះ​ដល់​បុគ្គល​ម្នាក់ៗ និង​ប្រទេស​ជាតិ​ទាំងមូល​?

បញ្ហា​អាហារូបត្ថម្ភ​មាន​គ្រប់​ទម្រង់ ហើយ​ការយល់ដឹង​របស់​យុវជន​នៅមានកម្រិត​។ បើ​យើង​និយាយ តាំងពី​ ១ ០០០ ​ថ្ងៃ​ដំបូង​នៃ​ជីវិត គឺ​ពួកគាត់​ត្រូវការ​អាហារូបត្ថម្ភ​។ អ៊ីចឹង​! ប្រសិនបើ​ពួកគាត់​ទទួលបាន​មិន​គ្រប់គ្រាន់​នូវ​អាហារូបត្ថម្ភ នោះ​នឹង​អាចធ្វើឱ្យ​ខួរក្បាល​របស់​ពួកគាត់ មិន​រីកចម្រើន មិនមាន​ភាព​វៃឆ្លាត​ហើយក៏​មិនអាច​មាន​ភាព​ធំ​លូតលាស់​ល្អ​ដូច​អ្នក​ដែល​ទទួលបាន​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់​។

ផលប៉ះពាល់​នេះ​ក៏​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្រុមគ្រួសារ​របស់​ពួកគាត់​ផងដែរ ដោយសារ​កូនៗ​ឧស្សាហ៍​ឈឺ ដែល​នឹង​អាច​ធ្វើឱ្យ​ក្រុមគ្រួសារ​របស់​ពួកគាត់​ត្រូវ​ចំណាយ​ថវិកា​ព្យាបាល​ជំងឺ​កូនៗ ការបាត់បង់​ចំណូល ដោយ​មិនមាន​ពេល​គ្រប់គ្រាន់ ក្នុង​ការធ្វើការងារ និង​អាច​នឹងមាន​ក្រុមគ្រួសារ​ខ្លះ​មាន​បញ្ហា​មិន​ចុះសម្រុង​គ្នា ដោយសារ​កូនៗ​ឈឺ​ញឹកញាប់ ជាដើម​។ កត្តា​ទាំងនេះ​ក៏​ជា​ចំណុច​មួយ ដែល​ធ្វើឱ្យមាន​ការប៉ះពាល់​ទៅដល់​សេដ្ឋកិច្ច​ប្រទេសជាតិ​ផងដែរ​។ មួយវិញទៀត សម្រាប់​មនុស្ស​ធំ​ដែល​ត្រូវបំពេញ​ការងារ ក៏​អាច​នឹង​បាត់បង់​ចំណូល​ផងដែរ​ប្រសិនបើ​ពួកគាត់​មាន​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ដោយសារ​ពួកគាត់​រកចំណូល​បាន​តិច ពាក់ព័ន្ធ​នឹង​សមត្ថភាព​ធ្វើ​ការងារ​របស់​ពួកគាត់​។ ទាំងនេះ​គ្រាន់តែ​ជា​ចំណុច​ត្រួសៗ​ពាក់ព័ន្ធ​ផលប៉ះពាល់​ជាមួយនឹង​កង្វះ​​អាហារូបត្ថម្ភ​។

មកដល់ពេលនេះ តើ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ច្រើន​ទេ ដែលមាន​ការយល់ដឹង​ពី​អាហារូបត្ថម្ភ​?

មកដល់ពេលនេះ​គឺមាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ច្រើន​បាន​ងាក​មក​មើល​នូវ​បញ្ហា​ក៏ដូចជា​ផលប្រយោជន៍​នៃ​អាហារូបត្ថម្ភ​។ ពីមុន​ក្រុមគ្រួសារ​នីមួយៗ គិតតែ​ថា តើ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​បរិភោគ​ឱ្យបាន​ឆ្អែត​បំពេញ​ចម្អែត​ក្រពះ ប៉ុន្តែ​ពេលនេះ ពួកគាត់​បាន​ប្តូរ​ឥរិយាបថ​ដោយ​ងាក​មករក​អាហារ​ដែលមាន​បន្លែ​សុវត្ថិភាព អាហារ​សុវត្ថិភាព និង​ជួយ​ឱ្យ​សុខភាព​របស់​ពួកគាត់​ល្អ​ និង​មាន​ភាព​សកម្ម​ខាង​ផ្នែក​រាងកាយ​ផងដែរ​ដែល​ទាំងនេះ​ជួយ​ឱ្យ​សុខភាព​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។

ដើម្បី​លុបបំបាត់​ទាំងស្រុង​ ឬ​កាត់បន្ថយ​ជា​អតិបរមា​នៃ​ការកង្វះ​អាហារូបត្ថម្ភ​របស់​ពលរដ្ឋ​ជាពិសេស​កុមារ តើ​រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ​ក៏ដូចជា​អង្គការ​ពាក់ព័ន្ធ​នានា​គួរ​ធ្វើ​បែបណា​?

រាជរដ្ឋាភិបាល ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ពាក់ព័ន្ធ​នានា​ត្រូវមាន​ការតាក់តែង​ច្បាប់​ស្តីពី​បញ្ហា​ផ្សេងៗ ក៏ដូចជា​ការលើក​កម្ពស់​អាហារូបត្ថម្ភ និង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចំណីអាហារ​ជាដើម​ឱ្យបាន​ត្រឹមត្រូវ និង​ត្រូវ​ដាក់ឱ្យ​អនុវត្ត ហើយ​អ្នកចូលរួម​ពាក់ព័ន្ធ​គ្រប់ផ្នែក​ទាំងអស់​ដែលមាន​ទាំង​អ្នក​បរិភោគ​លក់ដូរ រួមទាំង​រាជរដ្ឋាភិបាល​ត្រូវ​ចូលរួម​ជាមួយគ្នា​ក្នុងការ​អនុវត្ត​ច្បាប់​ទាំងនោះ​ទើប​អាចមាន​ប្រសិទ្ធភាព​។

តើ​ទៅ​ថ្ងៃ​ខាងមុខ​ទៀត កញ្ញា​មាន​គម្រោង​ ឬ​ផែនការ​អ្វីខ្លះ ទាក់ទង​នឹង​ការងារ​ផ្នែក​អាហារូបត្ថម្ភ​នេះ​?

យើង​នៅតែ​បន្ត​បណ្តុះបណ្តាល​យុវជន​ឱ្យ​កាន់តែច្រើន​ថែមទៀត ដើម្បីឱ្យ​ពួកគាត់​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​អាហារូបត្ថម្ភ​នេះ ហើយ​ក្នុងនោះដែរ យើង​ក៏​នៅមាន​សកម្មភាព​សប្បាយៗ​ជាច្រើន​ទៀត​សម្រាប់​យុវជន ដើម្បីឱ្យ​ពួកគាត់​ចាប់អារម្មណ៍ ដូចជា​ការបោះ​ជំរំ ការប្រកួត​ប្រជែង​ការធ្វើ​ម្ហូប ការបង្ហាញ​ពី​ការធ្វើ​អាហារ​សុខភាព ដែល​ងាយ​រក​ និង​ចំណេញ​ថវិកា​ពី​ចុងភៅ​ជំនាញ សកម្មភាព​មិត្ត​អប់រំ​មិត្ត និង​មាន​វេទិកា​យុវជន​ជាច្រើន​ទៀតផង​ដែរ​៕