ភ្នំពេញៈ ក្រសួង​ការបរទេស​ស្នើ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​កម្ពុជា​ជាង ១០០​ នាក់ ឱ្យ​ផ្តល់​កិច្ចសហការ និង​យកចិត្ត​ដាក់​ឱ្យបាន​ខ្ពស់​ក្នុង​ការស្វែងយល់​អំពី​កិច្ចការ​ប្រឆាំងនឹង​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​។

កាលពី​ថ្ងៃទី​ ២៧ ខែមេសា ក្រុមការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​នៃ​ក្រសួង​ការបរទេស (​កបទ.សអ​) ​បានរៀបចំ​សិក្ខាសាលា តាម​ប្រព័ន្ធ​វីដេអូ ដើម្បី​ផ្សព្វផ្សាយ «​នីតិវិធី ស្តីពី​ការបញ្ជូន​ដោយ​មិន​បង្អង់​នូវ​សេចក្តី​សម្រេចចិត្ត ឬ​បញ្ជី​បច្ចុប្បន្នភាព​ឈ្មោះ​បុគ្គល ឬ​អង្គភាព​នៅក្នុង​បញ្ជី​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ (​អ.ស.ប​) ឬ​របស់​គណៈកម្មាធិកា​រ​នៃ​ក្រុម​ប្រឹក្សា​នេះ​» ​ដល់​តំណាង​អង្គការ មិនមែន​រដ្ឋាភិបាល​បរទេស​នៅ​កម្ពុជា​សរុប​ចំនួន​ ១១៥ ​នាក់​។

សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ផ្សព្វផ្សាយ​អំពី​នីតិវិធី​ខាងលើនេះ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ កបទ.សអ ក្នុង​គោលបំណង​ចូលរួម​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិភាព​នូវ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ឱ្យស្រប​តាម​សេចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និង​អនុសាសន៍​របស់​ក្រុម​ការងារ​ហិរញ្ញវត្ថុ​។

សិក្ខាសាលា បាន​រំឭក​អំពី​ច្បាប់​ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ កាតព្វកិច្ច​របស់​អង្គ​ការមិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងនាម​ជា​បុគ្គល​រាយការណ៍ និង​បាន​ផ្តោត​សំខាន់​លើ​ខ្លឹមសារ​នៃ​នីតិវិធី​ខាងលើនេះ ដោយ​បញ្ជាក់​លម្អិត​អំពី​ជំហាន​ក្នុងការ​បញ្ជូន​ដោយ​មិន​បង្អង់​នូវ​សេចក្តី​សម្រេចចិត្ត និង​បញ្ជី​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប ទៅកាន់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ (​រួមមាន​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​) យន្តការ​ក្នុងការ​បញ្ជូន​និង​ទំនួល​ខុសត្រូវ​របស់​មន្ត្រី​ទទួលបន្ទុក​។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ថ្ងៃទី​ ២៧ ខែមេសា ថា​៖ «​នៅ​ចុងបញ្ចប់​នៃ​សិក្ខាសាលា កបទ.សអ បាន​ស្នើឱ្យ​សិក្ខាកាម​ផ្តល់​កិច្ចសហការ និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ស្វែងយល់​អំពី​កិច្ចការ​ប្រឆាំង​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ និង​អនុវត្តតាម​នីតិវិធី​ដែល​បានរៀបចំ​ខាងលើ​»​។

កាលពី​ឆ្នាំ​ ២០២០ រដ្ឋសភា​កម្ពុជា បានអនុម័ត​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ហិរញ្ញប្បទាន​ដល់​ការរីកសាយភាយ​អាវុធ​មហាប្រល័យ​នៅ​កម្ពុជា​។

លោក​ យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៨ ខែមេសា​ថា កម្ពុជា​ធ្វើយ៉ាងណា ត្រូវ​ប្រឹងប្រែង​អនុវត្ត​ច្បាប់​នេះ​ឱ្យស្រប​ទៅតាម​គោលការណ៍​អន្តរជាតិ ជាពិសេស​គោលការណ៍ អ.ស.ប ដោយ​ធ្វើយ៉ាងណា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហាប្រល័យ​។ នៅក្នុង​ការដាក់បញ្ចូល​ឈ្មោះ​បុគ្គល ឬ​អង្គភាព​មួយចំនួន ដែលមាន​ការពាក់ព័ន្ធ​នៅក្នុង​បញ្ជី​រួម​របស់​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប នេះ គឺត្រូវធ្វើ​ឡើង​ដោយមាន​ការសិក្សា​មាន​ភ័ស្តុតាង និង​ទឡ្ហីករណ៍​ច្បាស់លាស់​។

លោក​ថ្លែងថា ការពិគ្រោះយោបល់ និង​ការផ្សព្វផ្សាយ​អំពី​កិច្ចការ​ប្រឆាំង​ដល់​ការ​រីកសាយភាយ​អាវុធ​មហាប្រល័យ​នេះ​ឱ្យបាន​ទូលំទូលាយ​ថែមទៀត​ជាការ​ប្រសើរ​ពីព្រោះ​ជាទូទៅ​ទាំង​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៅលើ​សកលលោក គឺ​មិនមាន​នរណា​ពេញចិត្ត និង​ចង់ឃើញ​នូវ​អាវុធ​មហាប្រល័យ​ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​បណ្តា​ប្រទេស​នានា​នោះទេ ​ហើយ​ប្រជាជន​ម្នាក់ៗ​តែងតែមាន​ការភ័យខ្លាច និង​មាន​ការប្រុងប្រយ័ត្ន ព្រមទាំង​មាន​ការទាមទារ​មិនឱ្យ​វា​កើតមាន​។

លោក គិមអេង ​ថ្លែងថា​៖ «​ការចូលរួម​ទប់ស្កាត់ ការចូលរួម​បន្លឺសំឡេង​របស់​កម្ពុជា​ទាំង​រដ្ឋាភិបាល​ទាំង​អង្គការ​សង្គម​ស៊ីវិល​រួមទាំង​ជាតិ​ និង​អន្តរជាតិ​ខ្ញុំ​ថា វា​មាន​សារៈសំខាន់​នៅក្នុង​ពេលនេះ ពីព្រោះ​យើង​ឃើញ​ហើយ​មហន្តរាយ​យ៉ាងខ្លាំង​នៅ​អ៊ុយក្រែន​កើតឡើង​ដោយ​អាវុធ​ធុន​ធ្ងន់ ហើយ​ដែល​គេ​មានការ​ព្រួយបារម្ភ​ទៅដល់​អាវុធ​មហាប្រល័យ​ដូចជា​ការគំរាមកំហែង​ពី​នុយក្លែអ៊ែរ​ដែល​នឹង​ប្រើប្រាស់​ផងដែរ​»​។

លោក​បន្តថា​៖ «​នេះ​ជា​កាលៈទេសៈ​ដ៏ល្អ​មួយ​ហើយក៏​វា​ជាការ​ទាញ​សញ្ញា​អាសន្ន​មួយ​ដែរ​សម្រាប់​ដល់​ពិភពលោក ក៏ដូចជា​បណ្តា​ប្រទេស​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ដែល​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​។ ខ្ញុំ​ថា ជា​រឿង​មួយ​សំខាន់​ណាស់ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឱ្យ​អាវុធ​មហា​ប្រល័យ​នេះ​វា​កើតឡើង​កាន់តែច្រើន​ថែមទៀត​ហើយ​អាច​ប្រឹងប្រែង​ធ្វើ​ម៉េច​ទប់ស្កាត់​ ឬក៏​កាត់បន្ថយ​ឱ្យ​វា​នៅក្នុង​កម្រិត​អប្បបរមា​ ឬក៏​ដល់​កម្រិត​សូន្យ​ក៏​ជាការ​ប្រសើរ​បំផុត​»​។

កាលពី​ខែ​មុន ក្រសួងមហាផ្ទៃ​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ដល់​មន្ត្រី​ជំនាញ​នៃ​អង្គភាព​ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួងមហាផ្ទៃ​ចំនួន​ជាង​ ៣០០ ​នាក់ ព្រមទាំង​តំណាង​មកពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ជាង​ ១០០ ​ផងដែរ​៕