
លោក លាង ដឺលុច ថ្លែងនៅក្នុងសន្និសីទកាសែតពីការសរសេរសៀវភៅប្រវត្តិលោក ហ៊ុន ម៉ានី កាលពីថ្ងៃម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ សៀវភៅដែលមានចំណងជើងថា “ក្តីសង្ឃឹម ហ៊ុន ម៉ានី” ដែលតាក់តែងនិពន្ធឡើងដោយអ្នកសារព័ត៌មានជើងចាស់ត្រូវបានបោះពុម្ពផ្សាយដាក់លក់លើទីផ្សារចំនួន ១ ម៉ឺនច្បាប់ ដែលសៀវភៅនេះក៏រៀបរាប់ជីវភាពខ្លះៗរបស់តួអង្គដែលជាគ្រួសារនាយករដ្ឋមន្ត្រីផងដែរ។
សៀវភៅនេះរៀបរាប់ពីជីវប្រវត្តិលោក ហ៊ុន ម៉ានី តាំងពីវ័យកុមារភាព និងការសិក្សានៅក្រៅប្រទេស និងបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើត ដើម្បីបម្រើជាតិ ប្រឡូកក្នុងឆាកជីវិតនយោបាយ និងបានផ្តួចផ្តើមកម្មវិធី និងគោលនយោបាយផ្សេងៗ បំផុសឱ្យយុវជនចេះសាមគ្គីគ្នា និងស្រឡាញ់គ្នា ដើម្បីកសាងប្រទេសដ៏រុងរឿង។
លោក លាង ដឺលុច ដែលជាអ្នកសារព័ត៌មានជើងចាស់ ១ រូប និងអ្នកនិពន្ធសៀវភៅនេះបានថ្លែងថា បន្ទាប់ពីបានតាមដាន និងសង្កេតសកម្មភាពរបស់លោក ហ៊ុន ម៉ានី តាំងពីឆ្នាំ ២០១៣ មក លោកបានប្រើពេល ២ ឆ្នាំ (២០២០ និង ២០២១) ដើម្បីនិពន្ធសៀវភៅដែលនិយាយអំពីចក្ខុវិស័យ ឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់លោក ហ៊ុន ម៉ានី ចំពោះការកសាងមាតុប្រទេសរបស់លោកឱ្យបានកាន់តែប្រសើរ។
លោកពន្យល់ថា៖ «ក្នុងចំណោមកូន ប្រុសទាំង ៣ របស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី លោក ហ៊ុន ម៉ានី បានលេចមុខជួយកិច្ចការឪពុកជាសាធារណៈមុនគេ តាមរយៈតួនាទីជាជំនួយការផ្ទាល់។ បន្ទាប់មកស្រាប់តែលោក ម៉ានី ជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលជាកិច្ចការនយោបាយជាន់ខ្ពស់តែម្តង។ ទន្ទឹមគ្នានេះ លោក ម៉ានី មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមយុវជនតាមរយៈសកម្មភាពសង្គម និងមនុស្សម៌។ ខ្ញុំយល់ឃើញថា លោក ម៉ានី គឺជាអ្នកនយោបាយដ៏មានសក្តានុពល ១ រូបក្នុងពេលអនាគត។ ដូច្នេះសម្រាប់ ខ្ញុំ គេគួរស្គាល់ និងយល់ពីលោក ហ៊ុន ម៉ានី»។
លោក លាង ដឺលុច អះអាងយ៉ាងដូច្នេះថា៖ «នៅពេលដែលលោកអ្នកអានសៀវភៅនេះ លោកអ្នកនឹងស្គាល់អំពីអត្តចរិតរបៀបនៃការពិចារណារបស់លោក ហ៊ុន ម៉ានី ជីវភាពខ្លះៗរបស់គ្រួសារនាយករដ្ឋមន្ត្រី ជាពិសេសជីវិតរបស់លោក ម៉ានី»។
អ្នកនិពន្ធដដែលបន្តថា៖ «តួអង្គ ហ៊ុន ម៉ានី ក៏រស់នៅក្នុងសម្ពាធនៃការរិះគន់ពីមតិជាច្រើន ដែលសម្លឹងមើលលោកត្រឹមតែជាកូននាយករដ្ឋមន្ត្រីដែលមានបុព្វសិទ្ធិជាច្រើន។ ផ្ទុយទៅវិញ ព្រោះតែជាកូនមេដឹកនាំកំពូលនេះហើយដែលលោក ម៉ានី ត្រូវធ្វើការកាន់តែច្រើនដើម្បីកិត្តិយសគ្រួសារផង និងដើម្បីអាចបង្កើតបានកន្លែងឈរជើងសម្រាប់ខ្លួនឯងក្នុងនាមជាអ្នកនយោបាយបន្តវេនដ៏មានឥទ្ធិពលផង»។
អ្នកនិពន្ធបានបង្ហើបថា អ្វីដែលជាលក្ខណពិសេសផងដែរនៅក្នុងសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» នេះ គឺអ្នកអានក៏អាចបានស្គាល់អំពីបុគ្គលិកលក្ខណៈខ្លះៗរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការរៀបរាប់ពិពណ៌នារបស់លោក ហ៊ុន ម៉ានី។
លោក ដឺលុច បានបញ្ជាក់ថា ក្នុងសៀវភៅនេះ ថ្វីដ្បិតតែនិយាយពីលោក ហ៊ុន ម៉ានី ប៉ុន្តែលោកបានព្យាយាមសម្ភាសក្រុមយុវជន អ្នកវិភាគ អ្នកស្និទ្ធស្នាលនឹងតួអង្គ និងសង្គមស៊ីវិល ដែលបានតាមដានព្រឹត្តិការណ៍សង្គម នយោបាយ ពាក់ព័ន្ធការដឹកនាំរបស់តួអង្គផងដែរ។
លោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានថ្មីៗដែលបានទិញសិទ្ធិក្នុងការបោះពុម្ពលក់បន្តបានមានប្រសាសន៍ថា ព្រោះតែលោក ហ៊ុន ម៉ានី គឺជាអ្នកនយោបាយបន្តវេន ១ រូបដ៏គួរឱ្យចាប់អារម្មណ៍ក្នុងចំណោមមហាជនផង ដូច្នេះហើយបានជាសារព័ត៌មានថ្មីៗសម្រេចចិត្តរ៉ាប់រងលើការបោះពុម្ព និងបញ្ចេញស្នាដៃមួយនេះទៅលើទីផ្សារអំណាន។
បន្ថែមពីនេះលោកថា គួបផ្សំជាមួយបេសកកម្មរបស់សារព័ត៌មានថ្មីៗក្នុងរយៈពេល ១០ ឆ្នាំមកនេះ ក្រៅពីសកម្មភាពផលិតព័ត៌មានស្ថាប័ននេះក៏មានចក្ខុវិស័យជំរុញដល់ការអាន និងសរសេរផងដែរ។
លោកថា៖ «យើងបានបោះពុម្ពសៀវភៅដែលមានចំណងជើងផ្សេងៗគ្នា ប្រមាណ ៨ ចំណងរួចហើយ មានន័យថាបេសកកម្មរបស់យើង យើងចង់ធ្វើឱ្យមានលក្ខណៈសកម្មភាពសហការគ្នាច្រើនក្នុងន័យនេះ យើងចង់ធ្វើជាជំនួញផង និងចង់ចូលរួមជំរុញការអាន និងជំរុញការសរសេរ ព្រោះសៀវភៅក៏ជាផ្នែកសម្រាប់យុវជនដែលបានអានហើយ និងទទួលបានចំណេះដឹង។
លោក អ៊ូ វីរៈ ស្ថាបនិក និងជាប្រធាននៃវេទិកាអនាគតត្រូវបានស្រង់សម្តីនៅក្នុងសៀវភៅនោះ ដោយបានលើកឡើងពីភាពលេចធ្លោរបស់លោក ហ៊ុន ម៉ានី និងបានផ្តល់ជាអនុសាសន៍ផងដែរ។ លោកបានលើកឡើងថា ដោយសារគាត់ជាតំណាងរាស្ត្រវ័យក្មេងផងនោះគាត់គួរតែធ្វើអ្វីឱ្យកាន់តែលេចធ្លោបន្ថែមទៀតដូចជារៀបចំគោលនយោបាយធំៗរឿងថវិកាជាតិ និងរឿងគោលនយោបាយពន្ធលើស្រាជាដើមដែលជាផ្នែកមួយជួយដល់ប្រទេសជាតិ។
ជាមួយគ្នានេះដែរលោក ហ្សង់ ហ្វ្រង់ស័រតាន់ នាយកគ្រប់គ្រងវិទ្យុបារាំង RFI បានលើកឡើងនៅក្នុងសៀវភៅនោះថា៖ «ឯកឧត្តម ហ៊ុន ម៉ានី ជាតួអង្គម្នាក់ដែលគេចង់ស្គាល់ប្រវត្តិរូប ម្យ៉ាងពីព្រោះគាត់ជាកូនប្រុសពៅរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។ ម្យ៉ាងទៀតពីព្រោះគាត់ ជាអ្នកនយោបាយលេចធ្លោជាងគេបង្អស់ម្នាក់ដែលនឹងអាចដើរតួនាទីសំខាន់ឡើងជាលំដាប់ ចាប់ពីពេលនេះតទៅ។
លោកបានបន្តថា ជាលទ្ធផល «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ជាស្នាដៃនិពន្ធមួយល្អដែលគួរយកអារម្មណ៍អ្នកអានពីទំព័រទី ១ ដល់ទំព័រចុងក្រោយ។
លោកថា៖ «តាមរយៈសំណេរដ៏សាមញ្ញបែបសារព័ត៌មានសុទ្ធសាធរៀបរាប់ច្រើនជាងវាយតម្លៃឱ្យតួអង្គ និងអ្នកស្គាល់តួអង្គនិយាយច្រើនលាតត្រដាងបុគ្គលិកលក្ខណៈសុបិនមហិច្ឆតា និងទស្សនវិស័យរបស់តួអង្គតាមរយៈសកម្មភាពរបស់តួអង្គ...) អ្នកនិពន្ធដឹកដៃអ្នកអាន ដើម្បីណែនាំឱ្យស្គាល់បន្តិចម្តងៗ ហ៊ុន ម៉ានី។ រួមមាន ហ៊ុន ម៉ានី «ភ្នែកទន់តែកាច» ហ៊ុន ម៉ានី កូនសំណព្វរបស់ម្ដាយ ហ៊ុន ម៉ានី ដែលស្រឡាញ់គោរពកោតស្ញប់ស្ញែងឪពុក «លើសពីឪពុក» ហ៊ុន ម៉ានី គិតច្រើន ធ្វើច្រើន ហ៊ុន ម៉ានី តំណាងរាស្ត្រ ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ-យុវជនកម្ពុជា...។
សៀវភៅ “ក្តីសង្ឃឹម ហ៊ុន ម៉ានី” មាន ២៥៥ ទំព័រ ដែលមានមាតិកាសំខាន់ៗរួមមាន ជីវប្រវត្តិការដឹងក្តីនៅបរទេសមាត់ទ្វារនយោបាយប្រមូលកម្លាំងយុវជន លើសពីឪពុក និងមាតិកា ពុំត្រូវឱ្យបរទេសសម្រេចលើវាសនារបស់កម្ពុជាឡើយ ត្រូវបានបោះពុម្ពដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ តទៅ ដែលមានចំនួន ១ ម៉ឺនច្បាប់៕