ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ជាក់ប្រាប់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ពី​បំណងប្រាថ្នា​របស់​កម្ពុជា​ក្នុង​ការខិតខំ​ពង្រីក​កិច្ចសហប្រតិបត្តិការ​អាស៊ាន-​សហរដ្ឋអាមេរិក​លើ​គ្រប់​វិស័យ ដោយ​លោក​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​សហរដ្ឋអាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ខែក្រោយ​នេះ គឺជា​ឱកាស​ដ៏ប្រសើរ​ក្នុង​ការជជែក​គ្នា​អំពី​បញ្ហា និង​ប្រយោជន៍​រួម​របស់​អាស៊ាន និង​សហរដ្ឋអាមេរិក​។

លោក ហ៊ុន សែន បញ្ជាក់​ដូច្នេះ គឺជា​ការឆ្លើយតប​ទៅនឹង​លិខិត​របស់លោក Joe Biden ដែល​បាន​ផ្ញើលិខិត​អញ្ជើញលោក ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នា​ថ្ងៃទី​ ១២-១៣ ខែឧសភា​។

ក្នុង​លិខិត​ចុះ​ថ្ងៃទី​ ២៨ មេសា លោក ហ៊ុន សែន បាន​អរគុណ​ដល់​លោក Joe Biden ចំពោះ​ការអញ្ជើញ​នេះ ដោយ​លោក​បញ្ជាក់ថា លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​នឹងចូលរួម​កិច្ចប្រជុំ​នេះ​។ លោក ហ៊ុន សែន ថ្លែង​ក្នុង​លិខិត​នេះ ដោយ​ជឿជាក់ថា ការបញ្ជាក់​ជាថ្មី​នូវ​ការប្ដេជ្ញាចិត្ត​របស់លោក Joe Biden ដើម្បី​ពង្រឹង​ថែមទៀត​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ជាពិសេស​ក្នុង​ឱកាស រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​សហរដ្ឋអាមេរិក នឹង​ជា​ជំហាន​ឆ្ពោះទៅមុខ​មួយ ឈាន​ទៅរក​ការដំឡើង​ភាពជា​ដៃគូ​របស់​អាស៊ាន​-​សហរដ្ឋអាមេរិក​ឱ្យ​ឡើង​ដល់​កម្រិត​ខ្ពស់​មួយ​ថ្មី​ទៀត​។

លោក​បញ្ជាក់ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការលើក​កម្ពស់​ទំនាក់ទំនង​អាស៊ាន-​សហរដ្ឋ​អាមេរិក​ពី​ដៃគូ​យុទ្ធសាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ខ្ញុំ​សូមបញ្ជាក់​សាជាថ្មី​អំពី​បំណងប្រាថ្នា​ដ៏​មុតមាំ​របស់​កម្ពុជា ក្នុង​ការខិតខំ​ស្វែងរក​កាលានុវត្តភាព​បន្ថែមទៀត​ ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ​អាស៊ាន​-​សហរដ្ឋ​- អាមេរិក​លើ​គ្រប់​វិស័យ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​ជឿជាក់ថា កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ជា​ឱកាស​ដ៏ប្រសើរ​សម្រាប់​យើង ពិភាក្សា​ពី​ការជំរុញ​កិច្ច​សហប្រតិបតិ្តការ ព្រមទាំង​ផ្លាស់ប្តូរ យោបល់​គ្នា​លើ​បញ្ហា​នានា ដែលជា​ក្តីបារម្ភ និង​ជា​ប្រយោជន៍​រួម​របស់​អាស៊ាន និង​សហរដ្ឋ អាមេរិក​»​។ លោក​បន្ថែមថា លោក​ទន្ទឹង​ជួប​ជាមួយ​លោក Joe Biden ដោយផ្ទាល់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ត្រៀម​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​លោក​។

លោក Joe Biden បញ្ជាក់​ក្នុង​លិខិត​អញ្ជើញលោក ហ៊ុន សែន ចុះ​ថ្ងៃទី​ ២០ ខែមេសា ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការបរទេស​កម្ពុជា នា​ថ្ងៃទី ​២៨ មេសា ថា លោក​មាន​សេចក្ដី​សោមនស្ស​រីករាយ ដែល​លោក និង​លោក ហ៊ុន សែន មានឱកាស​ចែករំលែក​ទស្សនៈ​គ្នា​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-​សហរដ្ឋអាមេរិក​ និង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​កាលពី​ឆ្នាំមុន​។

លោក​បញ្ជាក់ថា នៅ​ចំពោះមុខ​នៃ​ការ​ប្រឈម​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក និង​កាលានុវត្តភាព​ដ៏ចម្បង​ដែល​កើតចេញពី​ការ​ប្រឈម​នេះ សហរដ្ឋអាមេរិក​ និង​អាស៊ាន​បាន​រួបរួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​តំបន់ បង្កើន​មហិច្ឆតា​របស់​ភាគី​ទាំងពីរ​ក្នុង​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​លើក​កម្ពស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែលមាន​ភាព​ធន់​ពន្លឿន​នវានុវត្តន៍ និង​រឹតចំណង​មិត្តភាព​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​រវាង​ប្រជាជន​ទាំងពីរ​ដែល​បូករួម​គ្នា​មាន​ចំនួន​ ១ ​ប៊ីលាន​នាក់​។

លោក Joe Biden បញ្ជាក់ថា​៖ «​ការធ្វើ​បែបនេះ អាស៊ាន និង​សហរដ្ឋអាមេរិក​បាន​លើកកម្ពស់​ចក្ខុវិស័យ​រួម សម្រាប់​តំបន់​មួយ ដែល​សេរី និង​បើកចំហ​ដូចដែល​បាន​គូសបញ្ជាក់​រួចហើយ​នៅក្នុង​ទស្សនវិស័យ​អាស៊ាន​ស្ដីពី​ឥណ្ឌូប៉ាស៊ីហ្វិក និង​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក​»​។ លោក​បន្តថា ក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​ខាងមុខនេះ អាស៊ាន​ និង​សហរដ្ឋអាមេរិក​នឹង​ប្រារព្ធ​ខួប​លើក​ទី​ ៤៥​ នៃ​ភាពជា​ដៃគូ​យូរអង្វែង និង​លើកឡើង​អំពី​មហិច្ឆតា​រួម​រវាង​ភាគី​ទាំងពីរ សម្រាប់​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋ​អាមេរិក​។ យោងតាម​លិខិត​ដដែល លោក Joe Biden ទន្ទឹងរង់ចាំ​ជួប​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​អាស៊ាន​ដទៃទៀត នៅ​សេតវិមាន​នៅ​សហរដ្ឋអាមេរិក​។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ កីឡាការិនី និង​អត្តពលិក មុន​ចេញទៅ​ប្រកួត​ស៊ីហ្គេម (SEA Games) នៅ​ប្រទេស​វៀតណាម នា​ថ្ងៃទី​ ២៨ ខែមេសា លោក ហ៊ុន សែន ថ្លែងថា​នៅមុន​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ​ ១ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១១ ខែឧសភា លោក​គ្រោង​នឹង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ទ្រង់ទ្រាយ​ធំ​ចំនួន​ប្រមាណ ​១ ០០០ ​នាក់ ហើយ​លោក​គ្រោង​មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី ​១៥ ខែឧសភា​។ លោក​បន្តថា នៅ​យប់​ថ្ងៃទី​ ២០ ខែឧសភា លោក​គ្រោង​ចាកចេញ​ពី​កម្ពុជា ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វ៊ីស ហើយ​លោក​ត្រៀម​ជួប​ប្រជាជន​ខ្មែរ​នៅ​ទីនោះ​នៅ​ថ្ងៃទី​ ២១ ខែឧសភា ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​ផងដែរ ដែល​ចំ​ថ្ងៃ​បើក​យុទ្ធនាការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ តែ​លោក​ប្រកាសថា នឹងមិន​ធ្វើការ​ឃោសនាបោះឆ្នោត​នោះទេ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២៨ ខែមេសា ថា អ្វីដែល​លោក ហ៊ុន សែន លើកឡើង​ទៅ​កាន់ លោក Joe Biden គឺ​ឆ្លើយតប​ទៅនឹង​ស្ថានភាពជាក់ស្តែង​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហរដ្ឋ​អាមេរិក​ដែល​ភាគី​ទាំងពីរ​សុទ្ធតែ​បានបង្ហាញ​នូវ​សុច្ឆន្ទៈ​ក្នុងការ​ពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ទៅវិញទៅមក​។ លោក​ថ្លែងថា​៖ «​យើង​ឃើញ​ហើយ​ថា ថ្មីៗ​នេះ​គឺ​សហរដ្ឋ​អាមេរិក​កំពុងតែ​កៀរគរ​រក​ការគាំទ្រ​របស់​អាស៊ាន​យ៉ាង​ខ្លាំង​ជុំវិញ​បញ្ហា​នៅ​អ៊ុយក្រែន ដែល​យើង​ឃើញថា អាស៊ាន​ក៏​កំពុងតែ​ពង្រឹង​នូវ​ជំហរ​របស់ខ្លួន​ផងដែរ ស្រប​ពេលដែល​ប្រទេស​មហាអំណាច​មាន​បញ្ហា​នឹង​គ្នា ហ្នឹង​គឺ​ធ្វើឱ្យ Bargaining power របស់​អាស៊ាន​ហ្នឹង​កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ខ្ពស់​ឡើង​»​។ លោក ភា ជឿជាក់ថា កិច្ចប្រជុំ​កំពូល​នេះ​គឺជា​ឱកាស​ដែល​ធ្វើឱ្យ​ភាពជា​ដៃគូ​អាស៊ាន​-​សហរដ្ឋអាមេរិក​ត្រូវបាន​លើក​កម្ពស់ ពីព្រោះ​កន្លងមក​សហរដ្ឋអាមេរិក​ក្រោម​ការគ្រប់គ្រង​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump ហាក់ដូចជា «​ព្រងើយកន្តើយ​» ចំពោះ​អាស៊ាន ដែល​ខកខាន​ក្នុងការ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន «​ម្តង​ជា​ ២ ​ដង​» ​រួចមកហើយ​៕