មណ្ឌលគិរីៈ រដ្ឋបាលខេត្ត​មណ្ឌលគិរី​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៨​ខែមេសា ដើម្បី​បំភ្លឺ​ប្រាប់​សាធារណជន ក្រោយពី​មានការ​ចាក់ផ្សាយ និង​ចែកចាយ​ប្រសាសន៍​រិះគន់​ដល់​អ្នកសារព័ត៌មាន​មួយចំនួន​តូច​របស់លោក​ថង សាវុន​អភិបាលខេត្ត​មណ្ឌលគិរី​នាពេល​ថ្មីៗ​នេះ​។

​សេចក្តីប្រកាស​បានសរសេរថា ថ្មីៗ​នេះ មានការ​កាត់ត និង​ចាក់ផ្សាយ​នូវ​ប្រសាសន៍​របស់លោក​ថង សាវុន ដែល​លោក​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៅ​ទីស្នាក់ការ​ត្រពាំង​ឆ្មារ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ កន្លងទៅ​។ ការចាក់ផ្សាយ​នេះ​បានធ្វើឱ្យ​គ្រប់​បណ្តាញសារព័ត៌មាន បណ្តាញ​ផ្សព្វផ្សាយ បណ្ដាញ​ទំនាក់ទំនង​សង្គម និង​សាធារណជន​មានការ​ភាន់ច្រឡំ និង​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ​ខេត្ត​។​

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា​៖«​នៅក្នុង​ប្រសាសន៍​របស់ ឯកឧត្តម​អភិបាលខេត្ត បានលើកឡើង​ពាក់ព័ន្ធ​តែ​បុគ្គល​អ្នកសារព័ត៌មាន​មួយចំនួន​តូច​ដែល​មិនមាន​ជំនាញ​វិជ្ជាជីវៈ​ជា​អ្នកសារព័ត៌មាន គ្មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួង​ព័ត៌មាន ដែល​តែងតែ បាន​ចុះផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត គ្មាន​ប្រភព​ច្បាស់លាស់ និង​ព័ត៌មាន​បែប​ញុះញង់​តាម​បណ្តាញ​សង្គម (​ហ្វេ​ស​ប៊ុ​ក​)»​។ ការកាត់ត និង​ចាក់ផ្សាយ​នោះបាន​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​ថ្នាក់ដឹកនាំ ដែល​លោក​បាន​ខិតខំ​ប្រឹងប្រែង យក​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុងការ​គ្រប់គ្រង ដឹកនាំ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធានា​ការពារ​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ការអភិវឌ្ឍ​។​

​រដ្ឋបាលខេត្ត​មណ្ឌល​គ​រី ស្វាគមន៍​ជានិច្ច និង​រីករាយ​ក្នុង​ការសហការ​ផ្ដល់ព័ត៌មាន​គ្នា​ទៅវិញទៅមក​ជាមួយ​គ្រប់​បណ្តា​អង្គភាព និង​ភ្នាក់ងារ​សារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ខេត្តមណ្ឌលគិរី​។ អាស្រ័យហេតុនេះ សូម​គ្រប់​បណ្តា​អង្គភាព និង​ភ្នាក់ងារ​សារព័ត៌មាន បណ្តាញសារព័ត៌មាន បណ្ដាញ​ទំនាក់ទំនង​សង្គម និង​សាធារណជន​ទាំងអស់​ជូនជ្រាប និង​សូមកុំ​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រសាសន៍​លើកឡើង​របស់លោក​អភិបាលខេត្ត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ដដែល​នេះ​៕