ភ្នំពេញៈ ការបើកចំហ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​បានធ្វើឱ្យ​កំណើន​នៃ​ការចុះបញ្ជី​កើនឡើង​គួរឱ្យ​កត់សម្គាល់ ដែល​គិត​ត្រឹម​ឆ្នាំ​ ២០២១ មាន​អង្គការ​វិជ្ជាជីវៈ​សរុប​ជាង​ ៥ ០០០ ​ដែល​បង្ហាញ​ពី​ការបន្ត​លើកកម្ពស់​ការការពារ​សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ​ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​នានា​ដល់​កម្មករ-និយោជិត​។

នេះ​ជាការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន តាមរយៈ​សារលិខិត​ក្នុងឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​នៅ​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២២ ​ក្រោម​ប្រធានបទ «​សន្តិភាព​សុខភាព​ និង​សន្តិសុខ​ការងារ​»​។

រាជរដ្ឋាភិបាល​បាននិងកំពុង​ខិតខំ​អនុវត្តបាន​ដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤ រួមទាំង​គោលនយោបាយ​អាទិភាព​សំខាន់ៗ​ ​ដើម្បី​បង្កើនល្បឿន​ការអភិវឌ្ឍ​ និង​បង្កើត​ការងារ​សមរម្យ​ជូន​ប្រជាពលរដ្ឋ​។ ​យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥, ​គោលនយោបាយ​ជាតិ​ស្តីពី​​មុខរបរ និង​ការងារ​ឆ្នាំ​ ២០១៥-២០២៥, គោលនយោបាយ​ជាតិ​ស្តីពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ឆ្នាំ​ ២០១៧-២០២៥ និង​អនុវត្ត​នូវ​ការកែទម្រង់​មុត​ស្រួច ក្រោម​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» ​និង​បាវចនា «​កែទម្រង់​ផ្ទៃក្នុង​ និង​បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ្យ​»​។

លោក​ ហ៊ុន សែន បានឱ្យ​ដឹងថា​៖ «​រាជរដ្ឋាភិបាល​បាន​បន្ត​លើកកម្ពស់​ការការពារ​សិទ្ធិ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​ថែរក្សា​សុខដុម​នីយកម្ម​ទំនាក់ទំនង​វិជ្ជាជីវៈ ផ្តល់​អត្ថប្រយោជន៍​នានា​ជូន​បងប្អូន​កម្មករ​និយោជិត រួមទាំង​ការផ្តល់​កិច្ចគាំពារ​សង្គម​ផងដែរ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព និង​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ទាំង​ ១៣ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​»​។

លោក​បាន​បន្តទៀតថា​៖ «​ការបើកចំហ​សេរីភាព​អង្គការ​វិជ្ជាជីវៈ​បានធ្វើឱ្យ​កំណើន​នៃ​ការចុះបញ្ជី​កើនឡើង​គួរឱ្យ​កត់សម្គាល់​ដែល​គិត​ត្រឹម​ឆ្នាំ​ ២០២១ មាន​អង្គការ​វិជ្ជាជីវៈ​សរុប​ចំនួន ៥ ៧៤៦ ក្នុងនោះ សហជីព​មូលដ្ឋាន ចំនួន ៥ ៤៤២ សហព័ន្ធ​សហជីព​ចំនួន​ ២៥២ សហភាព​សហជីព​ចំនួន​ ៤០ និង​សមាគម​និយោជក​ចំនួន​ ១២»​។

លោក​ក៏បាន​លើកឡើង​ផងដែរ​ថា រាជរដ្ឋាភិបាល​ក៏បាន​បន្ត​យកចិត្ត​ទុកដាក់​ក្នុង​ការលើកកម្ពស់​សុវត្ថិភាព​ និង​សុខភាព​ការងារ​របស់​កម្មករ និយោជិត នៅតាម​គ្រប់​រោងចក្រ សហគ្រាស ដោយ​តម្រូវឱ្យ​មាន​គិលានដ្ឋាន កន្លែង​ហូបបាយ បន្ទប់​បំបៅកូន​ និង​ទារកដ្ឋាន ដែល​បាន​ជួយ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សុខុមាលភាព​របស់​កម្មករ​និយោជិត​។ កម្មវិធី​បង្ការ គ្រោះថ្នាក់​ការងារ និង​បង្កើន​​សុវត្ថិភាព​ក្នុង​ការដឹកជញ្ជូន និង​ការធ្វើដំណើរ​របស់​កម្មករ​និយោជិត​ក៏ត្រូវ​បាន​ជំរុញ​ការអនុវត្ត​យ៉ាងសកម្ម​ផងដែរ​។

កន្លងទៅនេះ​ដើម្បី​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករនិយោជិត​បាន​ចំនួន ៧៧ ​លើក សរុប​កម្មករនិយោជិត​ចំនួន​ជិត ​១ ​លាន​នាក់​គិត​ចាប់ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​ ២០១៩ ដើម្បី​លើកកម្ពស់​ជីវភាព សុខុមាលភាព​កម្មករនិយោជិត និង​ទំនាក់ទំនង​វិជ្ជាជីវៈ​។

លោក ហ៊ុន សែន​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​បន្តសកម្មភាព​នេះ​ជា​រៀងរហូត​នៅក្នុង​តំណែង​របស់ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តាមរយៈ​ជំនួប​ទាំងនេះ​បាន​​រកឃើញ​បញ្ហា​មួយចំនួន និង​បាន​ដាក់ចេញ​នូវ​គោលការណ៍ និង​វិធានការ​ជាច្រើន​»​។

នាឱកាស​នេះ រាជរដ្ឋាភិបាល​​សូម​បន្ត​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ម្ចាស់​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ​ដោយ​ស្ម័គ្រចិត្ត​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​និង​អនុវត្ត​ឱ្យបាន​ហ្មត់ចត់​បំផុត​នូវ​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការអនុវត្ត​វិធានការ​ “៣​ការពារ​” និង “៣ កុំ​” និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។

ទាក់ទង​នឹង​ទិវា​ពលកម្ម​អន្តរជាតិ​នេះដែរ សហភាព​ការងារ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​នេះ ក្រោម​ប្រធានបទ ​«​រួមគ្នា​លើកកម្ពស់​សិទ្ធិសេរីភាព​ និង​ជីវភាព​កម្មករនិយោជិត​»​នៅ​ថ្ងៃទី​ ១​ ខែឧសភា នា​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ រាជធានី​ភ្នំពេញ​។

សហភាព​ការងារ​កម្ពុជា​បានឱ្យដឹងថា ពិធី​នេះ​គ្រោង​នឹងមាន​​អ្នកចូលរួម​ប្រមាណ​ជា​ ៨០០ ​នាក់ ដោយ​ក្នុងនោះ​រួមមាន​តំណាង​សហភាព​សហជីព​សហព័ន្ធ​សហជីព សហជីព​សមាគម និង​អង្គការ​ដៃគូ​ជាតិ-​អន្តរជាតិ​។

អភិបាលរង​រាជធានី​ភ្នំពេញ​លោក ​កើត ឆែ និង​លោក​ មានចាន់ យ៉ាដា បាន​ឯកភាព​ឱ្យ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ អាត់ ធន់ រៀបចំ​ទិវា​ពលកម្ម​អន្តរជាតិ​ ១​ ឧសភា ប៉ុន្តែ​មិន​អនុញ្ញាតឱ្យ​ដង្ហែ​ក្បួន​ឡើយ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សម្របសម្រួល​តំណាង​មក​ទទួល​ញតិ្ត​នៅ​ទីតាំង​ប្រារព្ធ​ពិធី​នេះ​តែម្តង​។ នេះ​បើ​យោងតាម​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ពិភាក្សា​រវាង​តំណាង​សហជីព​ និង​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​ ២០ ខែមេសា កន្លងទៅ​៕