ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ណែនាំ​ឱ្យ​ក្រសួង​សុខាភិបាល ​និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យ និង​រៀបចំ​ផ្ទេរ​អ្នកជំងឺ​កូវីដ ​១៩​ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​យក​ទីកន្លែង​នេះ​ឱ្យ​កីឡាករ​-​កីឡាការិនី​ធ្វើការ​ហាត់​សម​ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​ ២០២៣​។ យោងតាម​ប្រសាសន៍ លោកនាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ២៨ ខែមេសា ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​កីឡាករ កីឡាការិនី និង​អត្តពលិក មុនពេល​ពួកគេ​ចេញទៅ​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Game) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។

លោក​ថ្លែងថា ក្នុងចំណោម​អ្នកជំងឺ​កូវីដ​ ១៩ សរុប​ចំនួន​ជាង​ ៩០ ​នាក់​នៅ​ទូទាំង​ប្រទេស ក្នុងចំណោម​នោះ​មានតែ​ ២០​ នាក់​ប៉ុណ្ណោះ សម្រាក​ព្យាបាល​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​អ៊ីចឹង​! សុំ​ពិភាក្សា​គ្នា​អាច​នឹង​យក​អ្នកជំងឺ​របស់​យើង​ទៅ​ដាក់​នៅ​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​ ឬ​ទៅ​មន្ទីរពេទ្យ​ចាក់អង្រែ ដើម្បី​ប្រគល់​ស្តាត​នេះ​ធ្វើការ​ជួសជុល​ សម្រាប់​កីឡាករ​ធ្វើការ​ហាត់​សម ដោយសារ​យើង​នៅសល់​ពេល​តែ​ ១​ ឆ្នាំ​ទៀត​ទេ​នឹង​ដល់​ការប្រកួត​ស៊ីហ្គេម​។ យោងតាម​តួលេខ​អ្នកជំងឺ​កូវីដ​ ១៩​ ដែល​បាន​ផ្ញើ​មកឱ្យ​ខ្ញុំ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ មាន​អ្នកជំងឺ​កូវីដ​ ១៩ ​នៅសល់តែ​ចំនួន​ ៩៣ នាក់​ទេ​នៅ​ទូទាំងប្រទេស ហើយ​អ្នក​ជំងឺ​នៅ​ទីក្រុង​ភ្នំពេញ​មានតែ​ចំនួន​ ២៦ ​នាក់​ប៉ុណ្ណោះ​»​។

លោក​ថា​៖ «​វា​ជា​ពេល​ល្អ​ដែល​អ្នកជំងឺ​កូវីដ ​១៩​ សម្រាក​នៅតាម​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​ចំនួន​តិច ដែលមាន​ភាពងាយស្រួល​ក្នុងការ​ផ្ទេរ​ពួកគាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេង​បាន​»​។

សូមបញ្ជាក់ថា អ្នកជំងឺ​កូវីដ-១៩​ ទាំង​ ៩៣ ​នាក់​នៅ​ទូទាំង​ប្រទេស​មាននៅ រាជធានី​- ភ្នំពេញ​ចំនួន ២៦ នាក់​, ខេត្ត​ព្រះសីហនុ ចំនួន​ ១ នាក់​, តាកែវ ២ ​នាក់​, ព្រះវិហារ ៧​ នាក់​, ក្រចេះ ១​ នាក់​, ស្ទឹងត្រែង​ ៣ ​នាក់​, កំពង់ឆ្នាំង​ ១​ នាក់​, បាត់ដំបង ១១ ​នាក់​, ប៉ៃលិន ៦ នាក់​, កំពង់ធំ ១ ​នាក់​, សៀមរាប ៦ នាក់​, ​ឧត្តរមានជ័យ ២៤ នាក់ និង​បន្ទាយមានជ័យ មាន​ ៤ ​នាក់​។

លោក ហ៊ុន សែន ថ្លែងថា៖ «​ឥឡូវនេះ​យើង​កំពុង​សាងសង់​នូវ​មន្ទីរពេទ្យ​មួយ​ដែលមាន​សមត្ថភាព​ទទួល​បាន​មនុស្ស​ជាង​ ១​ ម៉ឺន​នាក់​ដែល​នឹង​សាងសង់​រួច​នៅ​ដើម​ឆ្នាំក្រោយ ហើយ​អ្នកជំងឺ​នៅ​ស្តាត​អូឡាំពិក​យើង​នេះ​ក៏បាន​ផ្ទេរ​មួយចំនួនធំ​ហើយ ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​បន្តទៀត​ទេ​»​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ត្រូវ​ជំរុញ​នូវ​ការសាងសង់​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ បើទោះបីជា​អ្នក​ជំងឺ​កូវីដ​ក្នុងស្រុក​ខ្មែរ​ថយចុះ​ក៏ដោយ ប៉ុន្តែ​យើង​មិនត្រូវ​ខ្វះ​ស្មារតី​ត្រៀម​បម្រុង​ការរៀបចំ​សម្រាប់​ឆ្លើយតប​ជាមួយនឹង​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ដែល​កើតមក​ជំងឺឆ្លង​ជា​ជំងឺ​កូវីដ ឬ​មិនមែន​កូវីដ​»​។

ដោយឡែក សម្រាប់​មន្ទីរពេទ្យ​ហ្លួងម៉ែ ដែលជា​មន្ទីរពេទ្យ​មួយ​ដែល​ត្រូវបាន​រាជ​រដ្ឋាភិបាល​កម្ពុជា ទិញ និង​ដាក់ឈ្មោះ «​មន្ទីរពេទ្យ​ហ្លួងម៉ែ​» ដើម្បី​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នាពេល​កន្លងមក​នោះ នឹងត្រូវ​ប្រែក្លាយជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក​នាពេល​ខាងមុខនេះ​។

តាម​ការបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យ​ដឹងថា​៖ «​ខ្ញុំ​យល់​ស្របតាម​ការលើកឡើង​របស់​កូនប្រសា​ស្រី​របស់ខ្ញុំ​ដែលថា​មន្ទីរពេទ្យ​ហ្លួងម៉ែ គួរតែរៀបចំ​ជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​មហារីក ពីព្រោះ​ជំងឺមហារីក​មាន​ច្រើនណាស់​»​។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​កាលពី​ថ្ងៃទី​ ២៨ ខែមេសា ថា មន្ទីរពេទ្យ​ដែល​កំពុង​សាងសង់​សម្រាប់​ដាក់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ នឹង​សាងសង់​រួចរាល់​នៅ​ដើមឆ្នាំ ​២០២៣ ដែល​អាចដាក់​អ្នកជំងឺ​បាន​រហូតដល់​ជាង​ ១ ​ម៉ឺន​គ្រែ​។

គួរ​រំឭក​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​ក្រុង​ពាលី​សាងសង់​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩​ តេជោ​សន្តិភាព​រាជធានី​ភ្នំពេញ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ ​២០២២ កន្លង ទៅនេះ ចំនួន​ ១១​ អគារ លើ​ផ្ទៃដី​ជាង​ ៧​ ហិកតា ស្ថិតនៅ​ក្នុងភូមិ​កប់ស្រូវធំ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ​៕