ភ្នំពេញៈ មន្ត្រីនគរបាល​ចរាចរណ៍​ដែល​បាន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ត្រូវបាន​អង្គភាព​ការិយាល័យ​ចរាចរណ៍​រាជធានី​-​ភ្នំពេញ ធ្វើការផាកពិន័យ និង​ដាក់ទណ្ឌកម្ម​ទៅតាម​នីតិវិធី​ច្បាប់ ខណៈ​មន្ត្រី​រូបនេះ​បាន​ថ្លែងថា លោក​ព្រម​ទទួលខុសត្រូវ​គ្រប់​បែបយ៉ាង ចំពោះ​កំហុសឆ្គង រួមទាំង​ការបង់​សំណង​ខូចខាត​ទាំងឡាយ​ដែល​បាន​កើតឡើង​នៅក្នុង​ហេតុការណ៍​នេះ​។

លោក សែម រតនា ប្រធាន​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ​ក្រុមមន្ត្រី​នគរបាល​ជំនាញ​កំពុង​ធ្វើការ​សាកសួរ លោក មួង សីហា នាយការិយាល័យ​នគរបាល ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ជុំវិញ​ករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ហើយ​បាន​រេ​ចង្កូតរថយន្ត​ទៅបុក​របង សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹងកេងកង ត្រង់ចំណុច​ផ្លូវ​លេខ​ ១៨៣ និង​កែវ​ផ្លូវ​លេខ​ ២៧១ ធ្វើឱ្យ​រថយន្ត​ខូចខាត​យ៉ាងដំណំ​។

លោក​ថា តាម​ចម្លើយសារភាព​របស់​លោក មួង សីហា ​នៅ​យប់​ថ្ងៃកើតហេតុ គាត់​បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ប៉ុន្តែ​គាត់​គ្មាន​ចេតនា​បង្ក​គ្រោះថ្នាក់​ចរាចណ៍​ដល់​អ្នកដទៃ​ឡើយ​។ គាត់​បាន​និយាយថា នៅពេល​ដឹងថា គាត់​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន​គាត់​បាន​ព្យាយាម​បើក​រថយន្ត​ឡើង​ចិញ្ចើមផ្លូវ ដើម្បី​ឈប់​សំចត​ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ជា​អកុសល រថយន្ត បាន​បុក​ទៅលើ​បាវ​ខ្សាច់ នៅជាប់​របង​សាកលវិទ្យាល័យ​នោះ​។

លោក​ រតនា ថា​៖ «​បើទោះជា​គាត់​មិន​បង្ក​របួសស្នាម ឬ បណ្ដាល​ឱ្យមាន​ជនរងគ្រោះ​ណា​ម្នាក់​ស្លាប់​ក្ដី ប៉ុន្តែ​គាត់​ជា​មន្ត្រីនគរបាល​ចរាចរណ៍ មិនគួរ​ប្រព្រឹត្ត​ល្មើសច្បាប់​ចរាចរណ៍​ឡើយ​។ គាត់​ត្រូវតែ​ទទួល​ការផាកពិន័យ​ទៅតាម​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក និង​ត្រូវ​ទទួលរង​ការដាក់ទណ្ឌកម្ម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ព្រមទាំង​ទទួល​ខុសត្រូវ ចំពោះ​សំណង​រដ្ឋប្បវេណី​ដល់​ម្ចាស់​ទីតាំង​អចលនទ្រព្យ​នៅក្នុង​តំបន់​នោះ​ផងដែរ​»​។

បើតាម​លោក រតនា ក្រោយពី​សាកសួរ និង​ស្ដាប់​ការពន្យល់​របស់​លោក មួង សីហា ក្រុមមន្ត្រី​នគរបាល​ជំនាញ​បានធ្វើ​ការអប់រំ​ណែនាំ និង​តម្រូវឱ្យ​លោក​សីហា ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​សកម្មភាព​ទាំងឡាយណា​ដែល​បង្កឱ្យមាន​បាតុភាព​មិនល្អ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ និង​អង្គភាព​ជំនាញ និង​បានដាក់​ទណ្ឌកម្ម​វិន័យ​រយៈពេល​ ១ ​ខែ តាមច្បាប់​ស្ដីពី​កងកម្លាំង​នគរបាលជាតិ​។

យ៉ាងណា​ក៏ដោយ កាលពី​រសៀល​ថ្ងៃទី​ ២៨ ខែមេសា លោក មួង សីហា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​គ្មាន​បំណង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ លោក​គ្រាន់តែ​ចង់​ចូល​ឈប់​សំចត​នៅ​ទីនោះ​ជា​បណ្ដោះអាសន្ន​តែប៉ុណ្ណោះ ព្រោះ​ក្នុងអំឡុង​ពេលនោះ លោក​មាន​អារម្មណ៍​ថា លោក​ស្រវឹងស្រា មិនអាច​គ្រប់គ្រង​ខ្លួនឯង​ក្នុងការ​បន្តដំណើរ​បើក​រថយន្ត​ដោយ​ខ្លួនឯង​ទៅមុខទៀត​បាន​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ច្បាស់​អំពី​ស្ថានភាព​របស់ខ្ញុំ​នៅពេលនោះ គឺ​មិនអាច​បន្តដំណើរ​ទៅមុខទៀត​បានទេ​។ ដូច្នេះ​ខ្ញុំ​ក៏​សម្រេចចិត្ត​ឈប់​សំចត​ជា​បណ្ដោះអាសន្ន​។ ប៉ុន្តែ​នៅពេល​ខ្ញុំ​អែប​ខាង​ឡើង​ទៅលើ​ខឿន​ចិញ្ចើមផ្លូវ ក៏បាន​ជ្រុល​ទៅបុក​បាវ​ខ្សាច់ ដែល​ត្រូវបាន​គេ​ច្រក​ និង​គរ​ទុក​នៅជាប់​របង​សាលា​ពេទ្យ​នោះ​តែម្ដងទៅ​»​។ លោក​នឹង​ទទួល​ខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះ​កំហុសឆ្គង រួមទាំង​ការសង​សំណង​ខូចខាត​ទាំងឡាយ ដែល​បាន​កើតឡើង​នៅ​យប់នោះ​ដល់​ម្ចាស់​ទីតាំង​អចលនទ្រព្យ​នៅក្នុង​ទីតាំង​កើតហេតុ​ផងដែរ​។

រថយន្ត​បង្ក​ត្រូវបាន​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដំណោះស្រាយ​តាម​នីតិវិធី​។

យោងតាម​មាត្រា​ ៧២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជន​ណា​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ដោយមាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មិល្លីក្រាម ក្នុង​ ១​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០ ក្រាម​ក្នុង​ ១​ លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ខែ ទៅ ៦ ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨ សែន​រៀល ដល់ ៤ លាន​រៀល​។ ដោយឡែក​ក្នុង​មាត្រា​ ៧២ ​បាន​ចែងថា អ្នកបើកបរ​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ក្នុង​ការបើកបរ​យានជំនិះ​។ អ្នកគ្រប់គ្រង ឬ​កម្មសិទ្ធិករ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​រដ្ឋប្បវេណី​ក្នុងករណី​យានជំនិះ​របស់ខ្លួន​បាន​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​៕