
លោក គង់ សោភ័ណ្ឌ ក្នុងកិច្ចប្រជុំទាក់ទងនឹងការគ្រប់គ្រងសំរាមកាលពីថ្ងៃទី ២៥ មេសា។ រូបថត ហ្វេសប៊ុក
កណ្តាលៈ រដ្ឋបាលខេត្តកណ្តាលបានណែនាំឱ្យរដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់បង្កើតគណៈកម្មការនៅថ្នាក់ក្រុង ស្រុក និងអនុគណៈកម្មការនៅថ្នាក់ឃុំនិងសង្កាត់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពការងារក្នុងការចូលរួមសហការបង្កើតជាយន្តការសម្រាប់ការគ្រប់គ្រងសំរាម និងសំណល់រឹង និងធានាការអនុវត្តយុទ្ធនាការសហគមន៍ស្អាតបៃតងនៅគ្រប់មូលដ្ឋាន។
តាមលិខិតណែនាំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលចុះថ្ងៃទី ២៥ ខែមេសា ជម្រាបទៅគ្រប់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៧ ខែមេសាបានឱ្យដឹងថា ដើម្បីគ្រប់គ្រងសំរាម សំណល់រឹង និងយុទ្ធនាការសហគមន៍ស្អាតបៃតងក្នុងភូមិសាស្ត្រខេត្តកណ្តាល អាជ្ញាធរក្រុង ស្រុកនិងឃុំ សង្កាត់ ត្រូវតែបង្កើតគណៈកម្មការ និងអនុគណៈកម្មការនៅក្នុងមូលដ្ឋានរបស់ខ្លួន។
រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា គណៈកម្មការនេះមានភារកិច្ចរៀបចំលិខិតបទដ្ឋាន សេចក្តីណែនាំ សេចក្តីសម្រេច និងលិខិតផ្សេងៗទៀត ដើម្បីជាយន្តការគ្រប់ជ្រុងជ្រោយបន្ថែមសម្រាប់ដោះស្រាយបញ្ហាប្រឈម។ ជំរុញគាំទ្រ និងធានាដល់ដំណើរការនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសហគមន៍ស្អាតបៃតង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាដើម។
ក្នុងលិខិតលោក គង់ សោភ័ណ្ឌ សរសេរថា «កំណត់គោលការណ៍ និងវិធានការកាត់បន្ថយ និងលុបបំបាត់ការបោះចោលសំរាម សំណល់រឹងគ្មានសណ្តាប់ធ្នាប់តាមទីសាធារណៈ រៀបចំយន្តការ ដើម្បីតាមដាន ត្រួតពិនិត្យ លើការផ្តល់សេវាប្រមូលសំរាមសំណល់រឹង ជាប្រចាំ ពង្រីកសេវាប្រមូលសំរាម ដើម្បីធានានិរន្តរភាព ប្រសិទ្ធភាព និងការគាំពារបរិស្ថាននៃសេវាប្រមូលសំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
ដោយឡែកអនុគណៈកម្មការគ្រប់គ្រងសំរាម សំណល់រឹង និងសហគមន៍ស្អាតបៃតងមានភារកិច្ចរៀបចំផែនការសកម្មភាពជាប្រចាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹង និងត្រូវចូលរួមលើការងារពង្រីកសេវាប្រមូលសំរាមឱ្យកាន់តែទូលំទូលាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានោះអនុគណៈកម្មការនេះក៏ត្រូវរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តយុទ្ធនាការសហគមន៍ស្អាត-បៃតងនៅតាមភូមិឋានក្នុងភូមិសាស្ត្រឃុំ/សង្កាត់របស់ខ្លួន អនុវត្តវិធានការកាត់បន្ថយ និងលុបបំបាត់ការចោលសំរាមសំណល់រឹងគ្មានសណ្តាប់ធ្នាប់ នៅតាមទីសាធារណៈផ្លូវសាធារណៈ ប្រភពទឹក និងទីតាំងឯកជនក្នុងមូលដ្ឋានរបស់ខ្លួន។
លោក គង់ សោភ័ណ្ឌ បញ្ជាក់ថា៖ «ដើម្បីឱ្យសហគមន៍ស្អាតបៃតងជានិច្ចត្រូវជំរុញឱ្យប្រជាពលរដ្ឋចូលរួមទទួលយកសេវាប្រមូលសំរាម និងចូលរួមបង់ថ្លៃសេវាសំរាម ដើម្បីអាចធានាបាននូវនិរន្តរភាពសេវាស្របតាមគោលការណ៍សមធម៌នៃការប្រើប្រាស់សេវា និងស្ថានភាព សេដ្ឋកិច្ចសង្គមនៅនឹងមូលដ្ឋានជាក់ស្តែងរៀងៗខ្លួន»។
រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថាក្នុងកិច្ចប្រជុំរបស់គណៈកម្មការដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការងាររបស់រដ្ឋបាលក្រុង ស្រុកទាំង ១១ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅថ្ងៃទី ២៥ ខែមេសា លោកអភិបាលខេត្តកណ្តាលបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវមានវិធានការឱ្យបានម៉ឺងម៉ាត់ចំពោះជនណាដែលបោះសំរាមចោលពាសវាលពាសកាលធ្វើឱ្យបាត់បង់សោភណភាព ប៉ះពាល់ដល់បរិស្ថាន ពិសេសអនាម័យចំពោះសុខភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន អនាម័យសោភណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាមសំណល់រឹងបានត្រឹមត្រូវត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋក្នុងការថែរក្សាអនាម័យ ការរស់នៅប្រកបដោយអនាម័យ»។
លោក គង់ ណឹម មេឃុំរកាជន្លឹងនៃស្រុកខ្សាច់កណ្តាលថ្លែងនៅថ្ងៃទី ២៧ ខែមេសាថា រដ្ឋបាលឃុំរកាជន្លឹងនៅមិនទាន់បានរៀបចំអនុគណៈកម្មការនៅឡើយទេ ប៉ុន្តែបញ្ហាសំរាមនេះ អាជ្ញាធរឃុំតែងធ្វើជារឿយៗក្នុងការចុះធ្វើជាគំរូរើសសំរាម សម្អាតបរិស្ថាន តាមមូលដ្ឋានដោយបានសហការជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោកបន្តថា ចំពោះការអប់រំណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហាក់មិនសូវមានប្រសិទ្ធភាពទេ ដោយនៅតែមានអ្នកបោះសំរាមចោលពាសវាលពាសកាល។ ហេតុនេះអាជ្ញាធរឃុំគ្រោងនឹងចាត់តាំងឱ្យមានអ្នកឃ្លាំមើល ដើម្បីចាប់ផាកពិន័យឱ្យរាងចាល។ ទោះជាយ៉ាងណាក្ដី លោកមេឃុំបញ្ជាក់ថា ការរឹតបន្តឹងការចាប់ផាកពិន័យនេះត្រូវធ្វើឡើងជាជំហានៗ ដែលដំណាក់កាលដំបូងត្រូវផ្តើមចេញពីការណែនាំ និងធ្វើកិច្ចសន្យាសិនមុននឹងអនុវត្តវិធានការដាច់ខាត។
លោកថ្លែងថា៖ «ក្នុងការផាកពិន័យយើងឃាត់ខ្លួនគាត់មកណែនាំសិនកុំឱ្យថាចាប់ភ្លឹបដាក់ភ្លែតភ្លាមៗពេកពលរដ្ឋទទួលយកអត់បាន អ៊ីចឹងយើងត្រូវចាប់ឱ្យបាននៅនឹងកន្លែងហើយធ្វើកិច្ចសន្យាបើមានថ្ងៃក្រោយប្រព្រឹត្តទៀតយើងមានវិធានការដាក់ពិន័យ»។
លោក ហេង យ៉ុនគូរ៉ា នាយកប្រតិបត្តិអង្គការកែច្នៃនិងអនាម័យសហគមន៍ថ្លែងនៅថ្ងៃទី ២៧ ខែមេសាថា ការបង្កើតគណៈកម្មការបែបនេះជារឿងល្អ ប៉ុន្តែគួរតែជ្រើសរើសអ្នកមានបទពិសោធឬអ្នកជំនាញឱ្យចូលរួមខ្លះផង ដើម្បីការងារប្រព្រឹត្តទៅបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្នុងការគ្រប់គ្រងទុកដាក់កាកសំណល់។
លោកបានថ្លែងថា៖ «គាត់បង្កើតគណៈកម្មការអ៊ីចឹងគឺអាចជួយមើលគ្នាអាចប្រាប់ថា អ្នកស្រុកសប្បាយចិត្ត ឬអត់ការបង់លុយបង់កាក់ហ្នឹងគេពេញចិត្តបង់ ឬអត់? ហើយសេវាបម្រើហ្នឹងវាល្អសម្រាប់ប្រជាពលរដ្ឋ ឬអត់អ៊ីចឹងទៅ»៕