
កងកម្លាំងស្ត្រីរបស់កម្ពុជាមុនពេលបញ្ជូនទៅបំពេញបេសកកម្មរបស់ UN។ ហេង ជីវ័ន
ភ្នំពេញៈ មូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាពប្រកាសថា កម្ពុជាទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយសម្រាប់ការបញ្ជូនស្ត្រីក្នុងកងយោធពលខេមរភូមិន្ទចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ UN នាថ្ងៃទី ២៨ មេសា។
សេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា មូលនិធិសម្រាប់ស្ត្រីកងកម្លាំងក្នុងប្រតិបត្តិការរក្សាសន្តិភាព Elsie Initiative (the Elsie Initiative Fund) ប្រកាសថា នាថ្ងៃទី ២៨ មេសា កម្ពុជាទទួលបានមូលនិធិគាំទ្រសម្រាប់អនុវត្តការសិក្សាស្រាវជ្រាវមួយក្នុងគោលបំណងកំណត់កត្តាប្រឈម ឬកត្តារារាំងទាំងឡាយ សម្រាប់ការបញ្ជូនស្ត្រីនៅក្នុងកងយោធពលខេមរភូមិន្ទចូលរួមក្នុងប្រតិបត្តិការ រក្សាសន្តិភាពរបស់ UN។
«ប្រទេសកម្ពុជា គឺស្ថិតក្នុងលំដាប់ទី ២៥ ដែលបានបញ្ជូនកងកម្លាំងចូលរួមច្រើនជាងគេបង្អស់នៅក្នុងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយនាពេលបច្ចុប្បន្នកម្ពុជា មានកងកម្លាំង ចំនួន ៧៦៦ រូប ដែលក្នុងនោះមាន ១៤ ភាគរយជាស្ត្រីស្ថិតនៅក្នុងកិច្ចប្រតិបត្តិការ។ ក្នុងស្មារតីបេ្តជ្ញាចិត្តខ្ពស់ ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវសមភាពយេនឌ័រ កម្ពុជាគ្រោងបង្កើនភាគរយស្ត្រីកងកម្លាំងចូលរួមក្នុងដំណើរការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិឱ្យបាន ២០ ភាគរយ គិតត្រឹមឆ្នាំ ២០២៤»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បើតាមសេចក្ដីប្រកាសនេះ គម្រោងគាំទ្រដោយមូលនិធិ ElsieInitiative បានបញ្ជាក់នូវជំហានមួយសំខាន់ក្នុងការប្រែក្លាយ ការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាព។ តាមរយៈការប៉ាន់ប្រមាណប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងគ្រប់ជ្រុងជ្រោយ គម្រោងនឹងកំណត់កត្តាប្រឈម ឬកត្តារារាំង ក៏ដូចជាឱកាសជាក់លាក់សម្រាប់ ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ស្ត្រីនៅក្នុងជួរកងយោធពលខេមរភូមិន្ទ។
សេចក្ដីប្រកាសឱ្យដឹងថា លទ្ធផលក៏ដូចជាអនុសាសន៍ទទួលបានពីគម្រោង នឹងចូលរួមចំណែកក្នុងការចងក្រងរៀបចំគោលនយោបាយ និងផ្តល់ជាមគ្គទេ្ទសក៍គន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងកត្តារារាំងដែលបានរកឃើញ ឬកំណត់បាននិងលើកកម្ពស់ការចូលរួមពេញលេញរបស់ស្ត្រីប្រកបដោយអត្ថន័យ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលើកឡើងតាមរយៈសេចក្ដីប្រកាសនេះថា កម្ពុជាចេញពីប្រទេសមួយដែលមានអាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ (អ៊ុនតាក់) កម្ពុជាបានប្រែក្លាយទៅជាប្រទេសមួយដែលសកម្មក្នុងការបញ្ជូនកងកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប។
លោកថ្លែងថា៖ «ចាប់តាំងពីឆ្នាំ ២០០៦ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន ៨ ៣០២ រូប ក្នុងនោះស្ត្រីមានចំនួន ៥៨០ រូប នៅក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ៩ ប្រទេស»។
លោកបន្តថា៖ «នៅក្នុងចំណោម វិស័យអាទិភាព ព្រះរាជាណាចក្រកម្ពុជាលើកកម្ពស់តួនាទីស្ត្រីនៅក្នុងភាពជាដឹកនាំ ការរក្សាសន្តិសុខ និងសន្តិភាព។ កម្ពុជាប្តេជ្ញាចិត្តខ្ពស់លើរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលជាផ្នែកដ៏ធំមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនៅក្នុងការរក្សាសន្តិសុខ សន្តិភាពជាសកល ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្រោយការបញ្ចប់ជម្លោះ»។
លោកលើកឡើងថា តាមរយៈការប្រើយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កងយោធពលខេមរភូមិន្ទ នឹងបង្កើតក្រុមការងារចម្រុះដែលមាន ភាគីពាក់ព័ន្ធសំខាន់ៗក្នុងការធានាឱ្យសម្រេចបានការអនុវត្តគម្រោងប្រកបដោយជោគជ័យ និងធានាឱ្យមានភាពជាម្ចាស់លើលទ្ធផលរបស់គម្រោងផងដែរ។ ក្រុមការងារចម្រុះនឹងមានសមាសភាពចូលរួមពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) ក្រសួងការពារជាតិ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី និងដៃគូសំខាន់ៗដទៃទៀតនៅក្នុងរដ្ឋាភិបាល។
លោក សុខុន ថ្លែងថា ពេលស្ថិតក្នុងដំណាក់កាលបញ្ចប់គម្រោង ក្រុមការងារចម្រុះនឹងធានាថាអនុសាសន៍ដែលទាញចេញពីការសិក្សាស្រាវជ្រាវត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយផែនការសកម្មភាពជាតិ និងកម្មវិធីដែលពាក់ព័ន្ធរបស់ក្រសួងស្ថាប័នក្នុងរដ្ឋាភិបាល។
បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ថិតក្នុងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព (NPMEC) និងកងយោធពលខេមរភូមិន្ទ គម្រោងនឹងត្រូវសម្របសម្រួលដោយការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជា ដែលជាដៃគូដ៏យូរអង្វែងមួយគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនភាពអង់អាចដល់ស្ត្រី និងពន្លឿនឱ្យមានសមភាពយេនឌ័រ។
ការិយាល័យទីភា្នក់ងារសហប្រជាជាតិ UN Women នៅកម្ពុជា នឹងសម្របសម្រួលការអនុវត្តគម្រោង រួមទាំងការជ្រើសរើសវិទ្យាស្ថានស្រាវជ្រាវឯករាជ្យក្នុងការធ្វើការប៉ាន់ប្រមាណកត្តារារាំងដោយប្រើប្រាស់វិធីសាស្ត្រ ក៏ដូចជាឧបករណ៍ដែលហៅថាការវាស់វែងនូវឱកាសសម្រាប់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាព Measuring Opportunities for Women in Peace Operations (MOWIP) ដែលចងក្រងបង្កើតឡើង ដោយមជ្ឈមណ្ឌល សម្រាប់អភិបាលកិច្ចវិស័យសន្តិសុខនៅទីក្រុងហ្សឺណែវ (DCAF)។ នេះបើតាមសេចក្ដីប្រកាសដដែល។
លោកស្រី Sarah Knibbs តំណាងការិយាល័យតំបន់របស់ទីភ្នាក់ងារសហប្រជាជាតិ UN Women សម្រាប់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា គម្រោងគឺជាចំណុចគោលមួយក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបង្កើននូវការចូលរួមរបស់ស្ត្រីប្រកបដោយអត្ថន័យក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះក៏ជាឧទាហរណ៍យ៉ាងសំខាន់មួយអំពីភាពជាពហុភាគីក្នុងការធ្វើសកម្មភាព។
លោកស្រីថ្លែងថា៖ «នេះគឺបង្ហាញភាពជាអ្នកដឹកនាំរបស់កម្ពុជានៅក្នុងការប្រែក្លាយស្មារតីបេ្តជ្ញាចិត្តឱ្យទៅជាសកម្មភាពជំហានដំបូងយ៉ាងរឹងមាំដែលនាំឆ្ពោះទៅទទួលបានគោលដៅ។ នេះក៏ស្របពេលផងដែរជាមួយតួនាទី និងអាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ដែលផ្តោតលើការពន្លឿនរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៅក្នុងអាស៊ាន»។
លោកស្រីបន្តថា៖ «នាងខ្ញុំមានជំនឿថា គម្រោងនឹងធ្វើឱ្យមានការសាយភាយលទ្ធផលជាវិជ្ជមានផងដែរ នៅក្នុងតំបន់អាស៊ាន និងសង្ឃឹមថា គម្រោងជំរុញលើកទឹកចិត្តដល់បណ្តាសមាជិកអាស៊ានផ្សេងទៀត»។
តាមរយៈការដឹកនាំដោយបង្ហាញនូវភាពជាគំរូ កម្ពុជា ស្ថិតក្នុងលំដាប់ទី ២ នៃប្រទេសដែលបានបញ្ជូនស្ត្រីកងកម្លាំងរក្សាសន្តិភាពក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន។ ជាមួយនឹងការអនុវត្ត គម្រោងនេះ កម្ពុជាមានគោលបំណងលើសពីការសម្រេចបាននូវគោលដៅយេនឌ័រ ១១% គិតត្រឹម ឆ្នាំ ២០២៤ ដែលកំណត់ក្នុងយុទ្ធសាស្ត្រកាត់បន្ថយគម្លាតយេនឌ័រក្នុងកងកម្លាំងរបស់អង្គការសហប្រជាជាតិ ២០១៨-២០២៨៕