
មន្រ្តីក្រសួងបរិស្ថាន និងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ក្នុងវគ្គបណ្តុះបណ្តាលពីថ្ងៃទី ២៨ មេសា។ រូបថត ក្រសួងបរិស្ថាន
កំពង់ស្ពឺៈ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញប្បទានភេរវកម្ម នៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែមេសា បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
ការបើកវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថាន។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានសរុបចំនួន ៨៧ នាក់។
លោក នេត្រ ភក្ត្រាបានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ក្នុងហិរញ្ញប្បទានភេរវកម្ម ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
លោកថ្លែងថា៖«ក្រៅពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលប្រើប្រាស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌ នៃក្រសួងបរិស្ថាន ត្រូវពិនិត្យលើសម្អាងបទល្មើស ដែលអាចពន្លាតដល់ការអនុវត្តច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ ក្នុងករណី មានតម្រុយដែលឈានដល់ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់»។
លោកបានឱ្យដឹងថា មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថាន បានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម គោលការណ៍ណែនាំស្តីពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការចងក្រងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ។
លោកបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។
អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) បង្ហាញលទ្ធផលនៃការផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួងស្ថាប័នត្រួតពិនិត្យរបស់រដ្ឋ និងប្រតិបត្ដិករពាក់ព័ន្ធ ដើម្បីឈានទៅដល់ការវាយតម្លៃកម្ពុជា លើការងារសម្អាតប្រាក់នៅខែមិថុនា ឆ្នាំ ២០២២។ នេះបើតាម លោក ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាសហប្រធានក្រុមការងារជំនួយនៃ អ.អ.ផ ថ្លែងប្រាប់ភ្នំពេញ ប៉ុស្ដិ៍កាលពីខែមីនាកន្លងទៅ។
លោកបានឱ្យដឹងថា ការផ្សព្វផ្សាយ និងបណ្តុះបណ្តាលឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជូនមន្ត្រីនគរបាលយុត្តិធម៌ ដែលជាស្ថាប័នត្រួតពិនិត្យ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់នេះ ទៅដល់បុគ្គលរាយការណ៍បន្ថែមទៀត។
លោកបញ្ជាក់ថា៖«បន្ទាប់ពីការបណ្ដុះបណ្ដាលនេះ យើងត្រូវធ្វើការផ្សព្វផ្សាយ ហើយការផ្សព្វផ្សាយនេះ គឺជាយុទ្ធនាការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយឱ្យសាធារណជនទូទៅបានយល់ដឹងអំពីបែបបទ និងនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្ម»។
បើតាមលោក ជីវ សុងហាក់ ក្រុមការងារជំនួយនៃ អ.អ.ផ កំពុងរៀបចំធ្វើរបាយការណ៍សំយោគពាក់ព័ន្ធជាមួយសកម្មភាពនៃការបណ្ដុះបណ្ដាល លទ្ធផលនៃការបណ្ដុះបណ្ដាលរួមទាំងការផ្សព្វផ្សាយនានា ខណៈបច្ចុប្បន្នក្រុមការងារកំពុងរៀបចំរបាយការណ៍ជុំទី ៤ ស្ដីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងបទល្មើសសម្អាតប្រាក់និង ហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជាទៅក្រុមការងារវាយតម្លៃ (APG) ហើយក្នុងខែមិថុនាឆ្នាំ២០២២នេះ ក្រុមការងារវាយតម្លៃ នឹងធ្វើការវាយតម្លៃកម្ពុជាលើការគ្រប់គ្រងការសម្អាតប្រាក់នេះ៕