​ភ្នំពេញៈ ជនសង្ស័យ​ចំនួន​ ៤៨​ នាក់​(​ស្រី​១​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៨ ខែមេសា ក្នុងនោះ ក៏មាន​ការចាប់​ឃាត់ខ្លួន បុរស​អ្នករត់ម៉ូតូឌុប​ម្នាក់​ក្នុង​ខណ្ឌឫស្សីកែវ ពីបទ​រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ផងដែរ​។​

​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៨​នាក់ រួមមាន ជួញដូរ​ចំនួន ១១​ករណី ឃាត់ខ្លួន​ចំនួន ២៦​នាក់ និង​ប្រើប្រាស់​ចំនួន ៤​ករណី ឃាត់ខ្លួន​ចំនួន ២២​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៨ ខែមេសា រួមមាន មេ​តំ​ហ្វេ​តា​មីន​(Ice) ចំនួន ៨៧៩,៧៩​ក្រាម និង​៣​កញ្ចប់​តូច​។​

​លទ្ធផល​នៃ​ការបង្ក្រាប​ទាំងនេះ ត្រូវបាន​ធ្វើឡើង ដោយ​កងកម្លាំង​នៃ​មន្ទីរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កងកម្លាំង​នគរបាល​ខេត្តកំពង់ធំ កំពង់ចាម រាជធានី​ភ្នំពេញ រតនគិរី សៀមរាប និង​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​ដដែល​នេះដែរ កម្លាំង​ជំនាញ​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះ​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សាទុក​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ស្ថិត​ត្រង់ចំណុច​ផ្លូវ​បេតុង ក្រុមទី​៦ ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​ក្នុងករណី​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ហុង សាវ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មានមុខ​របរ​រត់​ម៉ូតូឌុប​។

​វត្ថុតាង​ដកហូត​បានរួម​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់ ២-​ម៉ូតូ​មួយគ្រឿង ម៉ាក HONDA DREAM ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GK-៣៥៤២​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី ៕