ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​វេ​ង សាខុន​បានស្នើ​សុំឱ្យ​លោកស្រី​Tina Redshaw​ឯកអគ្គរាជទូត ចក្រ​ព​ភ​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​ពិនិត្យ ពិចារណា និង​ផ្តល់​ការគាំទ្រ​បន្ថែម​តាមរយ​:​គម្រោង​នានា​ដែល​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ក្នុង​បំណង​ចូលរួម​កែលម្អ​ទេសភាព​ធម្មជាតិ​ឡើងវិញ​។​

​ការស្នើ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមេសា​នៅក្នុង​ជំនួប​ពិភាក្សា​ការពារ​រវាង​លោក​រដ្ឋមន្ត្រី វេ​ង សាខុន និង​លោកស្រី​Tina​។​

​ក្នុងជំនួប​នោះ​ក៏មាន​ការណែនាំ​កម្មវិធី​ថ្មី និង​ជាពិសេស​ដើម្បី​ស្វែងយល់​បន្ថែម ពី​បញ្ហា​ប្រឈម​នៃ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​វិស័យ​ប្រើប្រាស់​ដី​កសិកម្ម ក្នុង​បរិបទ​ជំងឺឆ្លង​កូ​វីដ​១៩ ដើម្បី​រក​ដំណោះស្រាយ​ឱ្យបាន​ល្អប្រសើរ​សម្រាប់​អនាគត​។

​ក្នុងឱកាស​ន​នោះ លោកស្រី Timsin Ballard នាយករង​កម្មវិធី​ធម្មជាតិ អាកាសធាតុ និង​ការអភិវឌ្ឍ និង​គណ​:​ប្រតិភូ​របស់​មូលនិធិ​ជីវចម្រុះ​ទេសភាព (Biodiverse Landscape Fund''s, BLF) ពី​ចក្រភព​អង់គ្លេស​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ពី​កម្មវិធី BLF​របស់​ចក្រភព​អង់គ្លេស​ផងដែរ​។ កម្មវិធី​នេះ​មាន​គោលបំណង​សំខាន់​ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ​ការពារ និង​ស្តារ​ជីវចម្រុះ និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ទេសភាព​បរិស្ថាន​ប្រាំមួយ​នៅ​ជុំវិញ​ពិភពលោក ហើយ​ទេសភាព​នីមួយៗ​នឹង​ត្រូវបាន​បែងចែក​ពី​១០-១៦ លាន​ផោន​សម្រាប់​រយៈពេល​៧​ឆ្នាំ ជាមួយនឹង​គម្រោង​ដែល​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២២​នេះ​។ កម្មវិធី​នេះ​នឹង​គ្របដណ្តប់​គម្រប​ទេសភាព​តាម​ដង​ទន្លេមេគង្គ​ក្រោម​(​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​) គឺជា​ប្រព័ន្ធ​មួយ​ក្នុងចំណោម​ប្រព័ន្ធ​អេកូ​ចំនួន​៦ ដែល​ត្រូវ​បានកំណត់​គោលដៅ​សម្រាប់​ការគាំទ្រ​កម្មវិធី​។

​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ឆន្ទៈ​គាំទ្រ និង​ផ្តល់​ក្តី​សង្ឃឹមថានឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ឱ្យបាន ល្អប្រសើរ​ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​។

​ទាក់ទង​នឹង​កម្មវិធី​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរាជទូត និង​សហការី ថា​កម្មវិធី ក៏ដូចជា​គោលនយោបាយ​ថ្នាក់ជាតិ ជាពិសេស​គោលនយោបាយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ការដាំ​ឈើ​ទាំង​ឈើ​ធម្មជាតិ ឈើ​ឧស្សាហកម្ម និង​ព្រៃ​លិច​ទឹក ប្រយោជន៍​ដើម្បី​បង្កើត​គម្រប​ព្រៃឈើ​ឡើងវិញ រក្សាបាន​នូវ​ធនធានធម្មជាតិ និង​លើកកម្ពស់​ទេសភាព​បរិស្ថាន​ដែល​ទាំងអស់ នេះ​គឺជា​ទេសភាព​បៃតង​។ ព្រមជាមួយ​គ្នា ក្រសួង​ក៏​បាននិងកំពុង​គិតគូរ និង​ដាក់ចេញ​នូវ​វិធាន​ការសំខាន់ៗ​ដើម្បី​កាត់បន្ថយ​ការហូរ​ច្រោះ​ជីជាតិ​ដី​នៅ​ស្រទាប់​លើ ការប្រើប្រាស់​ថ្នាំពុល និង​ជី​កសិកម្ម​ខុស​បច្ចេកទេស​ដែលជា​ដើមហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​គុណភាព​ដី ទឹក រុក្ខជាតិ និង​ក្សេត្រ​បរិស្ថាន​។​ល​។

ផ្ទុយទៅវិញ ដើម្បី​និរន្តរភាព​ផលិតកម្ម​កសិកម្ម និង​ភាតរ​បរិស្ថាន ក្រសួង​បានធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​តាម​គ្រប់​រូបភាព​ដល់ក​សិ​ករ អ្នក​ផលិត សហគមន៍ និង​វិស័យ​ឯកជន​តាមរយ​:​ការប្រើប្រាស់​បច្ចេកវិទ្យា​សមស្រប ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការ​សម្រប​ខ្លួន​ទៅនឹង​ការ ប្រែប្រួល​អាកាសធាតុ និង​ឈានទៅ​ធ្វើការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ព្រម​ជាមួយនឹង​ការចូលរួម​ការពារ និង​ស្តារ​ជីវចម្រុះ​ឡើងវិញ ឱ្យបាន​គង់វង្ស​៕