ភ្នំពេញៈ «​ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​សហគមន៍ គឺជា​កូនសោ​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​» ​នេះ​ជាការ​ថ្លែង​របស់​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក​ សាយ សំ​អាល់ ​ក្នុងពេល​ជួបពិភាក្សា​ការងារ​ជាមួយនឹង លោកស្រី ​Timsin Ballard ប្រធាន​ប្រតិភូ​នៃ​មូលនិធិ Biodiversity Landscape Fund (BLF) របស់​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២២​នេះ នា​ទីស្ដីការ​ក្រសួងបរិស្ថាន​។​

យោងតាម​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង​ថ្មី​មួយ​ក្រោម​មូលនិធិ​BLF​។ មូលនិធិ BLF​នេះ ផ្ដោត​អាទិភាព​លើ​ការងារ​ចំនួន ៣ គឺ ការកាត់បន្ថយ​ភាពក្រីក្រ ការអភិរក្ស​ជីវៈចម្រុះ និង​ការប្រែប្រួល​អាកាសធាតុ​។

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​សហគមន៍ គឺជា​កូនសោ​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព​។ សម្រាប់​កម្ពុជា អាទិភាព​អភិវឌ្ឍន៍ រួមមាន​ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​ដោយ​ចីរភាព ការពង្រឹង​អភិបាលកិច្ច និង​ការពង្រីក​ច្រក​ពាណិជ្ជកម្ម​។ លោក​បាន​បន្តថា កម្ពុជា​ស្វាគមន៍​ចំពោះ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ជាមួយ​ចក្រភព​អង់គ្លេស ជាពិសេស​ការនាំចេញ​ផលិតផល​សហគមន៍​មូលដ្ឋាន ដូចជា អង្ករ (blueberry rice) ស្វាយចន្ទី និង​ចេក ការលក់​ឥណទាន​កាបូន និង​ការវិនិយោគ​លើ​ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ទេសចរណ៍​។

​លោក​បាន​បញ្ជាក់ថា​៖«​ល្គឹកណា​ប្រជា​សហគមន៍​មូលដ្ឋាន​នៅតែ​ប្រឈម​នឹង​ភាពក្រីក្រ យើង​មិនអាច​និយាយ​អំពី​កិច្ចការ​អភិរក្ស​បានឡើយ​»​។​

​លោកស្រី Timsin Ballard បាន​ថ្លែងថា អាទិភាព​អភិវឌ្ឍន៍​ទាំងនេះ​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ទៅនឹង​គោលដៅ និង​គោលបំណង​របស់​មូលនិធិ BLF ហើយ​លោកស្រី​នឹង​ជំរុញឱ្យមាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា ដោយមាន​ក្រសួងបរិស្ថាន​ជា​ស្ថាប័ន​បង្គោល ក្នុងការ​អនុវត្ត​គម្រោង​ក្រោម​មូលនិធិ​នេះ​។ នៅ​ថ្ងៃ​ដដែល​នោះ​លោកស្រី​Timsin Ballard និង​លោកស្រី​Tina Redshaw​ឯកអគ្គរាជទូត ចក្រ​ព​ភ​អង់គ្លេស​ប្រចាំ​កម្ពុជា​ក៏បាន​ជួបពិភាក្សា​ជាមួយ​ក្រសួងកសិកម្ម​ពី​ការអនុវត្ត​គម្រោង​នេះ​ផងដែរ​៕