​លោក អាំង ជូ​លាន ជានរ​វិទូ និង​សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន ផ្ដល់​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០២២ នេះ ដែលជា​បុគ្គល​ឆ្នើម​បាន​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ ឬ​ជាតិ និង​សមិទ្ធផល​ដ៏​លេចធ្លោ​របស់​បុគ្គល​នេះ​ក្នុង​វិស័យ​រៀងៗ​ខ្លួន​នៅក្នុង​សង្គម​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែមេសា នេះ បានឱ្យដឹងថា ទីស្តីការគណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ជប៉ុន​បានប្រកាស​ឈ្មោះ​អ្នក​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០២២ ផ្តល់ជូន​ដល់​បុគ្គល​ឆ្នើម​ដើម្បី​ទទួលស្គាល់​ការចូលរួមចំណែក​រប​ស់​បុគ្គល​ទាំងនេះ​ក្នុង​កិច្ចការ​សាធារណៈ ឬ ជាតិ និង​សមិទ្ធផល​ដ៏​លេចធ្លោ​របស់​បុគ្គល​ទាំងនេះ​ក្នុង​វិស័យ​រៀងៗ​ខ្លួន​នៅក្នុង​សង្គម​។

​ស្ថានទូត​ជប៉ុន​បានឱ្យដឹងថា ៖ «​លោក​បណ្ឌិត អាំង ជូ​លាន ជានរ​វិទូ និង​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ នឹង​ទទួល​គ្រឿង​ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការ​ទទួលស្គាល់​ការចូលរួម​វិភាគទាន​របស់លោក ក្នុង​កិច្ច​ការជំរុញ​ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

​សេចក្តីប្រកាស​ដដែល​បាន​បន្តថា ចំណែក​ក្នុង​វិស័យ​អភិរក្ស និង​ការជួសជុល​ទីតាំង​បុរាណវិទ្យា​នានា លោក​បណ្ឌិត អាំង ជូ​លាន ក៏បាន​ចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ជាមួយ​អ្នកស្រាវជ្រាវ ព្រមទាំង​អង្គការ​ពាក់ព័ន្ធ​របស់​ជប៉ុន​។

​ក្នុងន័យនេះ លោក​បណ្ឌិត បាន​ជំរុញ​ដល់​ប្រតិបត្តិការ​ក្នុង​គម្រោង​នានា​ពាក់ព័ន្ធ​ការអភិរក្ស និង​ជួសជុល ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ចូលរួមចំណែក​ពង្រឹង​វត្តមាន​របស់​ប្រទេស​ជប៉ុន​ក្នុង​កិច្ចការ​ទាំងនេះ​។​

​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ពិធី​ប្រគល់​គ្រឿង​ឥស្សរិយយស នឹង​រៀបចំឡើង​នៅពេល​ខាងមុខនេះ​៕