ភ្នំពេញៈ សិស្សសាលា​ប្រមាណ​ជាជាង​ ២៧​ ម៉ឺន​នាក់​ បាននិងកំពុង​តែ​ទទួលបាន​ការផ្តល់​អាហារ​ពេលព្រឹក​ឡើងវិញ​នៅតាម​សាលារៀន​របស់​ពួកគេ ក្រោយពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សាលារៀន​ទូទាំងប្រទេស​។

​កម្មវិធី​នេះ​បានផ្តល់​អាហារ​ពេលព្រឹក​ក្តៅៗ ដែល​សម្បូរ​ទៅដោយ​ជីវជាតិ​ដល់​សិស្សានុសិស្ស​ទាំងនោះ​ជា​រៀងរាល់​ព្រឹក ហើយ​ថែមទាំង​បាន​ជួយ​លើកកម្ពស់​កសិផល​ក្នុង​សហគមន៍​ផងដែរ ព្រោះថា បន្លែ និង​សាច់​សម្រាប់​ផ្គត់ផ្គង់​កម្មវិធី​នេះ ត្រូវបាន​ផលិត​ក្នុង​សហគមន៍​ស្ថិតនៅ​ជុំវិញ​តំបន់​គោលដៅ​នីមួយៗ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ គាំពារ​សង្គម​កម្ពុជា​ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ដោយ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​។​

​គាំពារ​សង្គម​កម្ពុជា​បាន​សរសេរ​កាលពី​ថ្ងៃទី​ ២៨ ​ខែមេសា​នេះ​ថា​៖ «​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​ក្នុង​សាលា​គោលដៅ​នៅ​ទូទាំងប្រទេស​បានបង្ហាញ​អារម្មណ៍​រីករាយ​បន្ទាប់ពី​បានទទួល​ទាន​អាហារ​ពេលព្រឹក​នៅ​សាលារៀន​ឡើងវិញ​»​។​

​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​កំពុងតែ​ផ្តល់ជូន​សិស្សានុសិស្ស​ចំនួន​ជាង ២៧​ម៉ឺន​នាក់​នោះ​គឺ​ត្រូវបាន​ធ្វើឡើង​នៅតាម​សាលា​គោលដៅ​ចំនួន​១១១៣​នៅ​ទូទាំងប្រទេស​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់ជូន​អាហារ​ជា​រៀងរាល់​ព្រឹក​ដល់​សិស្ស​ចំនួន​ជាង​៥​ម៉ឺន​នាក់ នៅតាម​សាលា​ចំនួន ២៩០ និង​សិស្សានុសិស្ស​ចំនួន​ជាង​២២​ម៉ឺន​នាក់​នៅតាម​សាលា​ចំនួន ៨២៣ ទៀត ត្រូវបាន​ផ្តល់ជូន​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​៕