ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៨ មេសា ប្រកាស​សាលដីកា​សម្រេច​តម្កល់​ទោស​ជនជាប់ចោទ​ ២ ​នាក់​ប្តី​ប្រពន្ធ​ជាប់ពន្ធនាគារ​ ១ ​ជីវិត និង​បុរស​ម្នាក់ទៀត​ជាប់ពន្ធនាគារ​ ៣០ ​ឆ្នាំ ក្នុង​សំណុំរឿង​សម្លាប់​ស្ត្រី​ចងការ​ប្រាក់​ម្នាក់​នៅ​ភូមិ​-​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ កាលពី​ខែមិថុនា ឆ្នាំ​ ២០១៨​។

លោក​ចៅក្រម យន់ ណារ៉ុង បាន​អាន​សាលដីកា​កំបាំងមុខ​ជនជាប់ចោទ​ទាំង ​៣ ​នាក់​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី​ ២៨ ​មេសា​ថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ទី​ ១-​ ឈ្មោះ​ កែវ សុផានិត ភេទ​ប្រុស អាយុ​ ២៨​ ឆ្នាំ ទី​ ២-​ ឈ្មោះ​ អាត អឿន ភេទ​ស្រី អាយុ​ ៣១​ឆ្នាំ ជា​ប្រពន្ធ​របស់​ កែវ សុផានិត និង​ទី​ ៣-​ ឈ្មោះ​ សុខ ហេង ហៅ អេតចាយ ភេទ​ប្រុស អាយុ​ ៣១​ ឆ្នាំ​។ ពួកគេ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​ ៤ មេសា ឆ្នាំ​ ២០២២​។

លោក​បន្តថា​៖ «​រឿងនេះ​ក្រោយពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​មក ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់ ទោស​ជនជាប់ចោទ​តាម​សាលក្រម​របស់​តុលាការ​រាជធានី​-​ភ្នំពេញ​ទុកជា​បានការ​ដដែល​»​។

តាម​អង្គហេតុ​នៃ​សំណុំ​រឿងនេះ​បង្ហាញថា ស្ត្រី​រងគ្រោះ ឈ្មោះ​ ខ្នើយ សឹង អាយុ​ ៣១ ​ឆ្នាំ រស់នៅ​ភូមិ​ទ្រា​ ២ សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ជា​អ្នករកស៊ី​ចងការ​ប្រាក់​។ ចំណែក​ស្ត្រី ឈ្មោះ​ អាត អឿន និង​ប្តី​ឈ្មោះ​ កែវ សុផានិត ជា​អ្នកលក់​នំប៉័ង ហើយ​បាន​ចងការ​ប្រាក់​ពី​ជនរងគ្រោះ​ចំនួន​ ២០ ​ម៉ឺន​រៀល​។

អង្គហេតុ​បន្តថា លុះ​វេលា​ម៉ោង​ជាង​ ៤​ រសៀល នៅ​ថ្ងៃទី​ ១៩ មិថុនា ឆ្នាំ​ ២០១៨ ស្ត្រី​រងគ្រោះ​បាន​ទៅ​ទារលុយ​ពី​ស្ត្រី​ឈ្មោះ​ អាត អឿន ដល់​បន្ទប់​ជួល​ស្ថិតក្នុង​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​។ ពេលនោះ​បុរស​ឈ្មោះ​ អេតចាយ បាន​ស្ទុះ​ទៅ​ចាប់​ជនរងគ្រោះ​បោក​ក្បាល​ទៅលើ​កម្រាល​ឥដ្ឋ ឯ​ឈ្មោះ​ កែវ សុផានិត ជា​អ្នក​ចាប់ជើង ហើយ​ឱ្យ​ស្ត្រី​ឈ្មោះ​ អាត អឿន យក​ស្មា​សម្រាប់​ហាល​ខោអាវ រឹតក​ស្ត្រី​រងគ្រោះ​រហូត​ស្លាប់ ដើម្បី​ប្លន់​យក​ម៉ូតូ​ស្កូ​ពី​ ១ ​គ្រឿង និង​ទូរស័ព្ទ​ ១ ​គ្រឿង​។

តាម​អង្គហេតុ​ដដែល ក្រោយពី​ជនជាប់ចោទ​ទាំង​ ៣​ នាក់​សម្លាប់​ជនរងគ្រោះ​រួចមក ដល់ពេល​យប់ ពួកគេ​បាន​យក​ភួយ​រុំ​សាកសព​លើកដាក់​ក្នុង​កញ្ឆេ​នំប៉័ង​ដឹក​តាម​កង់​យកទៅ​ទម្លាក់ចោល​នៅតាម​បណ្តោយ​មាត់​ប្រឡាយទឹក​ស្អុយ​ស្ថិត​ក្នុងភូមិ​-​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ​។ បន្ទាប់មក ក្រុម​ជនជាប់ចោទ​បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក​ស្កូពី​ទៅ​ដាក់​បញ្ចាំ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ​បាន​ប្រាក់​ ៥៥០ ​ដុល្លារ និង​ទូរស័ព្ទដៃ​អាយហ្វូន​យក​ទៅលក់​នៅ​ផ្សារ​ឃ្លាំងរំសេវ បាន​ ៦៥​ ដុល្លារ​ទៀត​។ លុយ​បញ្ចាំ​នោះ ឈ្មោះ​ អេត ចាយ យកតែ​ ១០០ ​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ប្រាក់​នៅសល់​ជនសង្ស័យ​ទាំង​ ២​ នាក់​ប្តី​ប្រពន្ធ​ជា​អ្នកយក​។

អង្គហេតុ​បញ្ជាក់ថា ក្រោយពី​បាត់​ខ្លួន​សាច់ញាតិ​ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​រហូត​ចាប់ខ្លួន​បាន​នៅ​រាជធានី​ភ្នំពេញ​ក្រោយ​កើតហេតុ​បាន​ជាង​ ១០ ​ថ្ងៃ​៕