នាឱកាស​ចុះ​ពិនិត្យ​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​កម្មករ កម្មការិនី​ប្រមាណ ៦ ០០០ ​នាក់​នៅ​សួន​ឧស្សាហកម្ម​សំរោងធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​លើកទឹកចិត្ត និង​កោតសរសើរ​ដល់​កម្មករ កម្មការិនី ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ណឌីន បានលើកឡើង​កាលពី​ថ្ងៃទី​ ២៨ ខែមេសា ថា ការចូលរួម​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ ដូស​ទី​ ៣ ឬ​ដូស​ទី​ ៤ ជាការ​ឆ្លើយតប​តាម​ការអំពាវនាវ​របស់​រាជរដ្ឋាភិបាល ដើម្បី​រួមគ្នា​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោកស្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ដូស​ជំរុញ ដូស​ទី​ ៣ ដូស​ទី ​៤ ត្រូវ​មក​ទទួល​វ៉ាក់សាំង​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើត​ភាពស៊ាំ​នៅក្នុង​ខ្លួន និង​ចៀស​ផុតពី​ជំងឺ​នេះ​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែមេសា កំណើន​នៃ​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​កម្ពុជា​គិត​ត្រឹម​ថ្ងៃទី​ ២៨ ខែមេសា ឆ្នាំ​ ២០២២ លទ្ធផល​ចាក់​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦ ​លាន នាក់ មាន​ចំនួន ៩៣,២៨%​។

សូម​រំឭក​ផងដែរ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក​បម្រាម​ការពាក់​ម៉ាស់​តាម​ទីសាធារណៈ​ចេញ ហើយ​លោក​នៅតែ​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ទី​ ៣ ត្រូវ​ទៅ​ចាក់​ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បី​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍​៕