សៀមរាបៈ ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ប្រវែង​ ៥៧៥ ​ម៉ែត្រ និង​ជា​ផ្លូវ​លើកទីមួយ​នៅក្នុង​ឃុំ​ឃុនរាម ដែលជា​ឃុំ​ដាច់ស្រយាល​នៃ​ស្រុក​បន្ទាយស្រី​ត្រូវបាន​ដាក់ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​កាលពី​ថ្ងៃទី​ ២៨ ​ខែមេសា​ឆ្នាំ​ ២០២២​ នេះ​។ នេះ​បើ​យោងតាម​លោក​ឃឹម ហ្វី​ណង់​អភិបាលស្រុក​បន្ទាយស្រី​។

លោក ឃឹម ហ្វីណង់ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា​៖ «​អាវស​របស់​ក្មួយៗ​សិស្សានុសិស្ស​នៅក្នុង​អនុវិទ្យាល័យ​ឃុន​រាម​នឹង​លែង​ប្រលាក់​ទៅដោយ​ដីក្រហម​ទៀតហើយ​! ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ប្រវែង​ ៥៧៥​ ម៉ែត្រ​ត្រូវបាន​ដាក់ឱ្យ​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​សិស្សានុសិស្ស​មកពី​ភូមិ​កំព្រហ្ម និង​ភូមិ​ឈូកស​នៃ​ឃុំ​ឃុនរាម ប្រើប្រាស់​ជា​ផ្លូវការ​»​។

លោក​បាន​សរសេរ​បន្ត​ថា ផ្លូវ​បេតុង​នេះ​គឺជា​ផ្លូវ​លើកទីមួយ​ហើយ ដែល​ឃុំ​ឃុន​រាម​ទទួលបាន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ព្រោះថា​ឃុំ​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ដាច់ស្រយាល និង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​ពេក ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​រស់នៅ​ដាច់ៗ​ពីគ្នា ដែល​មិនសូវ​ប្រមូលផ្តុំ​។ នេះ​ជាហេតុ​ធ្វើឱ្យ​លទ្ធភាព​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងពេល​កន្លងមក​បាន​ត្រឹមតែ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​តែប៉ុណ្ណោះ​។

លោក​បាន​បន្ថែមថា ពិតមែនតែ​ផ្លូវ​នេះ​វា​ខ្លី​បន្តិច ប៉ុន្តែ​ផ្លូវ​បេតុង​មួយ​ខ្សែ​ថ្មី​នេះ​បាន​ត​ភ្ជាប់​ភូមិ​ទាំង​ ២ ​នោះ​ទៅកាន់​ថ្នល់ជាតិ​ដែលមាន​ស្រាប់ ដែលជា​ពិសេស​បានផ្តល់​ភាពងាយស្រួល​យ៉ាងខ្លាំង​ដល់​សិស្ស​ទាំង​ ២៥៣ ​នាក់​នៃ​អនុវិទ្យាល័យ​ឃុន​រាម ព្រោះ​ពួកគេ​ធ្វើដំណើរ​ទៅកាន់​សាលារៀន​ដែល​ស្ថិតនៅ​លើផ្លូវ​នេះ​ជាប្រចាំ​ថ្ងៃ​៕