ភ្នំពេញៈ កងកម្លាំង​ស្វ័យការពារ​ជប៉ុន​ប្រកាស​បន្ត​គាំទ្រ​ជំរុញ​ទំនាក់ទំនង​កងទ័ព​កម្ពុជា-​ជប៉ុន​ឱ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ឡើង​បន្ថែមទៀត ជាពិសេស​ជួយ​ពង្រឹងសមត្ថភាព​របស់​កងទ័ពជើងគោក​កម្ពុជា​។

ការប្រកាស​នេះ ធ្វើឡើង​ក្នុងជំនួប​ថ្ងៃទី​ ២៨ ខែមេសា រវាង លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង ជា មេបញ្ជាការ​កងទ័ពជើងគោក​ជាមួយ​លោក យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការ​ចម្រុះ​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​ទីបញ្ជាការ​កងទ័ព​ជើងគោក​ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ២​ ថ្ងៃ​របស់​គណៈប្រតិភូ​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​នៅ​កម្ពុជា​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​នាយកដ្ឋាន​ព័ត៌មាន​ក្រសួង​ការពារជាតិ​កម្ពុជា នា​ថ្ងៃទី ២៨ ខែ មេសា លោក Yamazaki ថ្លែងថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស ប្រជាជន និង​កងទ័ព​ទាំង​ ២ ​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា ដែល​អាច​ឆ្លុះបញ្ចាំង​បាន​អំពី​ចំណងមិត្តភាព «​ដ៏រឹងមាំ​» ប្រកបដោយ​ទំនុកចិត្ត និង​ការគោរព​គ្នា​ទៅវិញ​ទៅមក​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​ដ៏យូរអង្វែង​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្នុង​នាម​ជា​អគ្គសេនាធិការ​ចម្រុះ​នៃ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ឯកឧត្តម [​លោក Yamazaki] ក៏​នឹង​បន្ត​គាំទ្រ​ជំរុញ​ទំនាក់ទំនង​រវាង​កងទ័ព​ទាំង​ ២​ ឱ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ឡើង​បន្ថែមទៀត ជាពិសេស​ការចូលរួម​ចំណែក​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​របស់​កងទ័ពជើងគោក​កម្ពុជា​»​។

លោក ហ៊ុន ម៉ាណែត បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​នេះ​ថា នឹង​ផ្តល់​សន្ទុះ​ថ្មី​មួយទៀត​នៃ​ការ​បេ្តជ្ញាចិត្ត​របស់​កម្ពុជា​-​ជប៉ុន ក្នុង​ការ​ជំរុញ និង​លើកកម្ពស់​ចំណងមិត្តភាព និង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​ទ្វេភាគី​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​។

លោក​បាន​ជំរុញឱ្យមាន​ការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត រួមទាំង​ប្រទេស​ជប៉ុន​ផ្ទាល់​នៅក្នុង​ការចូលរួមចំណែក​ដល់​ការពង្រឹង​ទំនុកចិត្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ក៏ដូចជា​ប្រជាជន និង​ប្រជាជន​។

ប្រភព​ដដែល​បាន​ដកស្រង់​សំដី លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុងជំនួប​នេះ​ថា​៖ «​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​រាល់​កិច្ចសហប្រតិបត្តិការ​គ្រប់​កម្រិត ជាពិសេស​ការជំរុញឱ្យ​មាន​ទំនាក់ទំនង​ជាក់ស្តែងរ​វាង​អង្គភាព និង​អង្គភាព តាមរយៈ​សកម្មភាព​មួយចំនួន ដូចជា​៖ ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស​, ការចែករំលែក​បទពិសោធ និង​លំហាត់​រួម​ជាដើម​»​។

លោក​បន្តថា រាជរដ្ឋាភិបាល ប្រជាជន និង​កងកម្លាំង​ស្វ័យការពារ​ជប៉ុន គឺ ជា​មិត្ត​ដ៏​ល្អ​រហូតមក និង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​ដំណាក់កាល​ទាំងអស់​រាប់​ចាប់ពី​ការទទួល​ស្គាល់​ឯករាជ្យ ការស្វែងរក​សន្តិភាព និង​ដំណើរ​ការកសាង និង​អភិវឌ្ឍ​កម្ពុជា​ក្រោយ​សម័យ​សង្គ្រាម​។

ដំណើរ​ទស្សនកិច្ច​លោក Yamazaki ធ្វើឡើង ស្រប​ពេលដែល​ក្នុង​ឆ្នាំ ​២០២២ ​នេះ កម្ពុជា​-​ជប៉ុន បាន​ប្រារព្ធ​ខួប​ទី​ ៣០ ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) ដែលជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​ ១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​៕