​បាត់ដំបងៈ នគរបាល​ខេត្តបាត់ដំបង ក្រោម​ការសម្របសម្រួល​លើ​នីតិវិធី​ពី​សាលាដំបូង​ខេត្តបាត់ដំបង​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ទទួលផល​ចោរកម្ម​ចំនួន​២​ទីតាំង​ផ្សេងគ្នា​ក្នុង​ក្រុង​បាត់ដំបង ហើយ​បានធ្វើការ​រឹបអូស​ម៉ូតូ​ជាង​២០​គ្រឿង​ផងដែរ​កាលពី​ថ្ងៃទី​២៧​ខែមេសា​នេះ​។ នេះ​បើ​យោងតាម​នគរបាលជាតិ​នៅ​ថ្ងៃ​សុក្រ​ទី​២៩​ខែមេសា​។

​គោលដៅ​ទី​១​គឺ​ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយបាន​ធ្វើការ​នាំខ្លួន​ឈ្មោះ ហ៊ួ​រ សុង​តុង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​ទៅកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​ទាក់ទង​នឹង​ករណី​ទទួល ផល​ចោរកម្ម​។

​គោលដៅ​ទី​២ ស្ថិតនៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់ ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ដោយបាន​នាំខ្លួន​ឈ្មោះ សៀង រី ហៅ វី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ា​ហ៊ី​ខាង ជើង សង្កាត់​ប៉ា​ហ៊ី ក្រុងប៉ៃលិន​ទៅកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​ស្រាវជ្រាវ​ដូចគ្នា​ផងដែរ​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ម៉ូតូ​ចម្រុះ​សរុប​ចំនួន ២៦ គ្រឿង ដោយ​នាំយកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ក្នុងចំណោម នោះ មាន​ម៉ូតូ​មួយចំនួន​ជាប់​ទាក់ទិន​ក្នុងករណី​ល្មើសច្បាប់ ដែល​ត្រូវបាន​រកឃើញ​នៅ​ចំណុច​ទីតាំង​ខាងលើ​។​

​សមត្ថកិច្ច​នគរបាល​បានរៀបចំ​សំណុំរឿង​បញ្ជូន​ករណី​ខាងលើនេះ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​។​

​សមត្ថកិច្ច​នគរបាល​ខេត្ត​ក៏​សូម​ជូន​ព័ត៌មាន​ផងដែរ​ក្នុងករណី ដែលមាន​ជនរងគ្រោះ​ស្គាល់​ច្បាស់​ថា ម៉ូតូ​របស់ខ្លួន​ស្ថិតក្នុង​ចំណោម​ម៉ូតូ​ដែល​បាន​ដកហូត​មកនេះ ឬ​មាន​មូលហេតុ​ផ្សេងៗ​ទាក់ទង​នឹង​ករណី​ខាងលើ​សូម​ទាក់​ទំនង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដោយផ្ទាល់​ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ​នាយការិយាល័យ​នគរបាល ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​តាមរយៈ​លេខ​ទូរស័ព្ទ​០៩២ ៩៣៥ ៥៤៤៕