​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល​បានឱ្យដឹងថា ការដាក់ចេញ​នូវ​គោលដៅ​នៃ​ការធ្វើ​យុទ្ធ​ការចាក់​វ៉ាក់សាំង​កូ​វីដ ​១៩​ នៅតាម​រោងចក្រ​សហគ្រាស​សម្រាប់​ក​ម្មករ​-​កម្មការិនី គឺជា​ការគិតគូរ​មួយ​ដ៏​ល្អ​ និង​ត្រឹមត្រូវ​បំផុត​នៅលើ​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​កម្មករ​។​

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​ ១៩ បានលើកឡើង​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ថា តាម​ការសង្កេត​នាពេល​កន្លងទៅ ប្រសិនបើ​ដាក់​គោលដៅ​ត្រឹមតែ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ប្រជាពលរដ្ឋ​មួយចំនួន ឬ​កម្មករ​-​កម្មការិនី​មួយចំនួន​មិន​ទៅ​ចាក់​ទេ ដោយ​ពួកគាត់​លើកឡើងថា​ជាប់រវល់​ធ្វើការ​។​

​លោកស្រី​មានប្រសាសន៍ថា ៖ «​ដូចនេះ ការដាក់​គោលដៅ​របស់​សម្តេច​តេ​ជោ​គឺ​ចំ​ល្អ​ណាស់ ហើយ​នេះ​គឺជា​ការគិតគូរ​មួយ​ដ៏​ល្អ​បំផុត​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ទៅលើ​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព សុខុមាលភាព​របស់​ក​ម្មករ​កម្មការិនី​»​។

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​ចង់បា​ន​គឺ​ប្រជាពលរដ្ឋ​គ្រប់រូប​យ៉ាងហោចណាស់​ត្រូវបាន​ដូ​ស​ទី​៣​។ ដូចនេះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុងការ​ស្រោចស្រព​វ៉ាក់សាំង​ដូ​ស​ទី​៣​នេះ គឺ​ដើម្បី​ជួយ​ពង្រឹង​ក៏ដូចជា​បង្កើន​នូវ​អង្គ​ទី​គ័​រ​របស់​បុគ្គល​ឱ្យបាន​រឹងមាំ ដែល​បន្ត​និរន្តរភាព​ឱ្យ​ប្រជាពលរដ្ឋ​មានការ​រស់នៅ​ជាធម្មតា​៕