ស្វាយរៀងៈ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​សម្រេច​ផ្តល់នូវ​ជយលាភី​លេខ​ ១ ទៅដល់​ខេត្តស្វាយរៀង ដែលជា​ខេត្ត​ទី​ ១​ ដែល​បានបញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​ទាំងស្រុង (ODF) ១០០ ​ភាគរយ ដែល​មានន័យថា គ្រប់​ខ្នង​ផ្ទះ​ទាំងអស់ គឺ​សុទ្ធ​តែមាន​បង្គន់​អនាម័យ​ប្រើប្រាស់​។

នាពិធី​ប្រកាស និង​ផ្តល់​ជយលាភី​ដល់​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ​២៧ ខែមេសា លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ថ្លែង​ដោយ​យោងតាម​របាយការណ៍​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា ឆ្នាំ​ ២០១៩-២០២០ ថា នៅ​ឆ្នាំ​ ២០២២ អត្រា​ប្រជាជន​មាន​ប្រភពទឹក​កែលម្អ​ប្រើប្រាស់​មាន ៨០% ចំណែកឯ​អត្រា​ប្រជាជន មាន​បង្គន់​អនាម័យ​កែលម្អ​ប្រើប្រាស់​មាន ៨០% និង​គ្រួសារ​ប្រមាណ ៨៩% ប្រើប្រាស់​ឧបករណ៍​ផ្សេងៗ សម្រាប់​លាង​សម្អាត​ដៃ​នៅក្នុង​បរិវេណ​ផ្ទះ​។

លោក​មានប្រសាសន៍ថា៖ «​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ដ្រ​ជាតិ ផែនការ​សកម្មភាព​ជាតិ ​និង​ផែនការ​សកម្មភាព​ខេត្ត​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​គឺ​នៅ​ឆ្នាំ​ ២០២៥ ប្រជាពលរដ្ឋ​គ្រប់រូប​នៅតាម​សហគមន៍​ជនបទ មានលទ្ធភាព​ទទួល​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​ការ​រស់នៅក្នុង​បរិស្ថាន ដែលមាន​អនាម័យ​ល្អ ប្រកបដោយ​និរន្តរភាព​»​។

នាឱកាស​នោះដែរ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​បាន​លើកឡើង​ថា លទ្ធផល​ដ៏ឧត្តុង្គឧត្តម ដែល​ទទួលបាន​នៅពេលនេះ គឺ​បាន​ឆ្លើយតប​ទៅនឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ (PSP) និង​ផែនការ​សកម្មភាព​ជាតិ (NSP) ស្តីពី​ការងារ​ផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ប្រកប​ដោយ​ចីរភាព​ (SGDs) ​ដើម្បី​រួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​លទ្ធផល​ដ៏ល្អប្រសើរ​នេះ មិន​ត្រឹមតែ​បង្ហាញឱ្យ​ឃើញ​ការរីកចម្រើន​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព និង​អនាម័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ឆ្លុះបញ្ចាំង​ពី​ការអភិវឌ្ឍ និង​ជីវភាព​របស់​នៅ​ល្អប្រសើរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ចូលរួម​វិភាគទាន និង​ម្ចាស់ការ​ក្នុងការ​សាងសង់​បង្គន់​អនាម័យ ប្រើប្រាស់​នៅតាម​ខ្នង​ផ្ទះ និង​សហគមន៍​»​។

លោក តូច ប៉ូលីវ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស វិស័យ​ផ្គត់ផ្គង់​ទឹក ការសម្អាត និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត​ឱ្យដឹងថា ខេត្ត​ស្វាយរៀង ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​គោលដៅ​ទាំង​ ៦ ដែល​ត្រូវបាន​អង្គការ UNICEF ជ្រើសរើស​ជា​តំបន់​គោលដៅ ដើម្បី​អនុវត្ត «​គម្រោង​ពន្លឿន​ស្ថានភាព​អនាម័យ និង​ទឹកស្អាត​សម្រាប់​ទាំងអស់​គ្នា ជំហាន​ទី ​២ (ASWAII)» នៅ​ចុងឆ្នាំ​ ២០១៨ មកដល់​បច្ចុប្បន្ន​។

លោក​ ប៉ូលីវ៉ា បន្តថា៖ «​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ស្វាយរៀង បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការ​ទម្លាប់​អនាម័យ​ល្អ​តាមរយៈ​ការសាងសង់​បង្គន់​អនាម័យ​ប្រើប្រាស់ បរិភោគ​ទឹកស្អាត និង​លាងដៃ​ជាមួយ​សាប៊ូ​»​។ លោក​បន្ថែមថា ជាពិសេស​ទៅទៀត​នោះ មាន​ការចូលរួម​សហការ​របស់​អាជ្ញាធរ​ស្រុក ក្រុង ឃុំ សង្កាត់ មេភូមិ និង​ប្រជាពលរដ្ឋ​គ្រប់រូប ទើប​ធ្វើឱ្យ​អត្រា​អនាម័យ​បាន​កើន​ពី​ ៩២% ទៅ​ ១០០% (​នៅ​ប្រើប្រាស់​បង្គន់​រួម ៥% ស្មើនឹង​ចំនួន ៦ ៧១៩ ​ខ្នង​ផ្ទះ​) ​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដែលមាន​ក្រុង​ ២ មានស្រុក​ ៦ មាន ១២ ​សង្កាត់ ៦៨​ ឃុំ និង​ ៦៩០ ​ភូមិ សម្រេចបាន ODF និង​បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់ ទទួលស្គាល់​ដោយ​គណៈកម្មការ​ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ​។

ខេត្តស្វាយរៀង​ស្ថិតនៅ​ទិសអាគ្នេយ៍​នៃ​រាជធានី​ភ្នំពេញ​មាន​ចម្ងាយ​ប្រមាណ ១២៥ ​គ.ម មាន​ព្រំប្រទល់​ខាងលិច និង​ខាងជើង​ទល់នឹង​ខេត្តព្រៃវែង​ខាងកើត​និង​ខាងត្បូង​ទល់នឹង​ខេត្ត​តៃនីញ និង​ខេត្ដ​ឡុងអាន ប្រទេស​វៀតណាម ។ ប្រជាជន​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៦០ ​ម៉ឺន​នាក់ ផ្ទៃដី​សរុប​ទូទាំង​ខេត្ដ មាន ២ ៩៦៦,៤០ គ.ម ២ បែង​ចែកជា ២ ​ក្រុង (​ក្រុង​ស្វាយរៀង និង​ក្រុង​បាវិត​) និង ៦ ​ស្រុក​ (​ស្រុក​ស្វាយជ្រំ ស្រុក​រមាសហែក ស្រុក​រំដួល ស្រុក​ស្វាយទាប ស្រុក​កំពង់​រោទ៍ និង​ស្រុក​ចន្ទ្រា​) ចែកចេញជា ១២ ​សង្កាត់ និង​ ៦៨​ ឃុំ (៨០ ឃុំ-សង្កាត់​) ស្មើនឹង ៦៩០ ​ភូមិ ៕